ឆ្នាំ ២០១៩ រដ្ឋាភិបាល​បន្ត​គោលការណ៍​បង់ពន្ធ​ប្រថាប់ត្រា ១ដង​ចំពោះ​ការផ្ទេរសិទ្ធិ ឬ​កាន់កាប់​អចលនទ្រព្យ

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​អគ្គនាយក​ពន្ធដារ បាន​នឹង​បន្ត​អនុវត្ត​ការបង់ពន្ធ​ប្រថាប់ត្រា​ចំនួន​មួយដង ចំពោះ​ការ​ការផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ពុំបាន​ចុះបញ្ជី (គ្មាន​ប័ណ្ណកម្មសិទ្ធិ) និង​បាន​ចុះបញ្ជី (មាន​ប័ណ្ណកម្មសិទ្ធិ) សម្រាប់​ឆ្នាំ ២០១៩នេះ។

នៅក្នុង​លិខិត​ឯកភាព​ពី​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ផ្ញើរ​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ១៨ ខែមករា​ឆ្នាំ ២០១៩ នេះ ឪ្យ​ដឹងថា “ដោយ​ពិនិត្យឃើញថា ប្រជាពលរដ្ឋ​ដែលជា​អ្នកទទួល​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់​កម្ម​អចលនទ្រព្យ​ចុងក្រោយ (អ្នកទិញ) ដែល​ត្រូវ​រង​ការបង់ពន្ធ​ប្រថាប់ត្រា​ច្រើន​តំណ​នៅ​សេសសល់​នៅឡើយ អគ្គនាយក​ពន្ធដារ​បា​ន​ស្នើរ​សុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​លេខ ១៨៦០២ អ​ពដ ចុះ​ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ ដើម្បី​បន្ត​គោលការណ៍​អនុគ្រោះ​ឪ្យ​បង់ពន្ធ​ប្រថាប់ត្រា​មួយដង​ចំពោះ​ការផ្ទេរសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ទាំង​ពុំបាន​ចុះបញ្ជី (គ្មាន​ប័ណ្ណកម្មសិទ្ធិ) និង​បាន​ចុះបញ្ជី (មាន​ប័ណ្ណកម្មសិទ្ធិ) ដែល​បាន​ផុត​សុពលភាព​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ កន្លងទៅនេះ។

លិខិត​ដដែល​បន្តថា “ជាមួយគ្នានេះ ក្រសួង​ក៏បាន​ឯកភាព និង​បាន​គោរព​ស្នើសុំ​ការសម្រេច​បន្ត​គោលការណ៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួចហើយ​ដែរ​តាមរយៈ​លិខិត​លេខ ១៣៦ សហវ.អ​ពដ ចុះ​ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩នេះ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ ២០១៨ កន្លងទៅនេះ បានអនុញ្ញាត​ឯកភាព​ជាគោលការណ៍ ការបង់ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​បន្ដ​គ្នា​ច្រើនដង ត្រូវបាន​លើកលែង ឲ្យ​បង់​តែ១ដង​ប៉ុណ្ណោះ។

សម្តេច​ន្ត​ថា ការធ្វើ​បែបនេះ ដោយ​ពិនិត្យឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដើម្បី​ជួយ​សម្រួល​ដល់​ម្ចាស់​កម្មសិទ្ធិ​អចលន ទ្រព្យ​ចុងក្រោយ ដែល​ពុំមាន​លទ្ធភាព​បង់ពន្ធ​ប្រថាប់ត្រា​ច្រើនដង គ្រប់​ដំណាក់កាល​នៃ​ការផ្ទេរ​អចលនទ្រព្យ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឯកភាព​ជាគោលការណ៍ ដើម្បី​បន្ត​ផ្តល់​ការអនុគ្រោះ​បង់ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​ប៉ុណ្ណោះ​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​បន្ត​ដៃ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ច្រើនដង​នៅត្រឹម​ថ្នាក់​សង្កាត់​ឬ​ខណ្ឌ ដែល​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវតែ​ធ្វើការ​ផ្សា​ព្វ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ៕

ប្រភព៖ www.propertyarea.asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]