ហ្វីលីពីន៖ ទម្រាំមានកេរ្តិ៍ឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ  ស្តេចប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao បានឆ្លងកាត់ទុក្ខលំបាកជាច្រើនរាប់មិនអស់។

កាលនៅវ័យកុមារភាព Pacquiao រស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងប្រទេស ហ្វីលីពីន និងមានជីវភាពក្រខ្សត់។  Pacquiao គ្រាន់តែជាក្មេងរស់កំដរថ្ងៃស្អែកប៉ុណ្ណោះ។  គាត់ហូបបាយ ១ពេលប៉ុណ្ណោះក្នុងមួយថ្ងៃដោយសារជីវភាពគ្រួសារគាត់ពិតជាក្រខ្សត់មែនទែន។ អីចឹងហើយ Pacquiao ត្រូវផឹកទឹកដើម្បីបំពេញក្រពះជំនួយការហូបបាយសឹងរាល់ថ្ងៃ។ អាយុត្រឹម ៥ឆ្នាំ Pac បានចូលទៅធ្វើការលើទូកនេសាទដើម្បីរកប្រាក់មកចិញ្ចឹមក្រពះបាត់ទៅហើយ។

មានថ្ងៃមួយ Pacquiao ធ្លាប់វាយក្មេងប្រុសម្នាក់សន្លប់ ដោយប្រើដណ្តាប់ដៃដ៏រហ័សរបស់គេ បន្ទាប់ពីក្មេងនោះបាននិយាយឌឺដងផ្លែផ្កាដល់គ្រួសារ Pacquiao ក្នុងន័យថា “ ក្រីក្រមិនស្មើនឹងធូលីដី”

ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao

មិនតែប៉ុណ្ណោះ វីរៈបុរសពិតក្នុងដួងចិត្តស្តេចប្រដាល់សញ្ជាតិហ្វីលីពីនរូបនេះគឺ Bruce Lee។  បន្ទាប់ពីមើលរឿងហុងកុងដែលគេចាក់ក្នុងភូមិហើយ Pacquiao ពិតជាស្រលាញ់ភាពរហ័សរហួន និងពេញចិត្តសមត្ថភាពរបស់ Bruce Lee មែនទែន។

គ្រានោះ Pac តែងតែទៅហាត់វាយតាម Bruce Lee ដោយការទាត់ធាក់ដើមចេកនៅក្នុងចំការចេកក្រោយផ្ទះជានិច្ច។  កាលនោះ Pac មានមាឌតូច ស្គម ហើយគ្មានសាច់ដុំទៀត។  នេះបើតាមការធ្លាប់បញ្ជាក់ពីស្តេចប្រដាល់ហ្វីលីពីនផ្ទាល់។ លោកបានបន្តថា “មាឌខ្ញុំមិនធំទេ។ តែការបេ្តជ្ញាចិត្តទៅវិញទេដែលជាអាវុធសំខាន់របស់ខ្ញុំ”។ 

ឈានដល់អាយុ១២ឆ្នាំ Paciquao បានចូលហាត់ប្រដាល់នៅក្នុងក្លឹបរបស់លោក Sardo ដែលត្រូវជាពូរបស់គាត់។ ជារៀងរាល់ព្រឹក ម៉ោង៤មិនទាន់ទេ Paciquao តែងតែងើបរត់ពេញផ្លូវហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Pac បានយកប្រអប់ក្រដាសនិងខោអាវដែលមានស្រាប់ ទៅញ៉ុកចូលគ្នាធ្វើជាបាវសម្រាប់ដាល់។ ម្តាយរបស់ Paciquao ចង់ឲ្យគាត់ធ្វើជាអាចារ្យ តែ Pac ដឹងខ្លួនឯងថាគាត់ត្រូវតែចេញវាយដើម្បីរស់។  

Bruce Lee

ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារដែលកំពុងខ្វះខាត ស្តេចប្រដាល់ Pac បានសម្រេចចិត្តបោះបង់ការសិក្សា និងដើរចេញពីផ្ទះនៅអាយុ១៤ឆ្នាំ ដើម្បីរកមុខរបរចិញ្ចឹមជីវិត។ ពេលនោះ Paciquao ពិតជាឯកោមែនទែន គាត់តែងតែដេកតាមដងផ្លូវ និងក្លឹបប្រដាល់ជានិច្ច។ ក្រៅពីការហាត់ប្រដាល់  Pac តែងដើរលក់នំដូណាត់ រើសអេតចាយ ធ្វើសំណង់ និងអ្នកលាងចានឲ្យគេដើម្បីដូរយកបាយហូប។ 

ពេលវេលាចេះតែទៅមុខ ក្តីស្រមៃ Pac ក៏ចេះតែរះចេញបន្តិចម្តងៗ។ អំឡុងការប្រកួតប្រដាល់ក្នុងស្រុក៦៤ដង Pac បានយកឈ្នះដៃគូប្រកួត ៦០ដងបាត់ទៅហើយ។ Pac បានចាប់អាជីពជាអ្នកវាយប្រដាល់ពេញសិទ្ធិនៅអាយុ១៦ឆ្នាំ។ ចេញវាយដំបូង Pac មានកម្ពស់ត្រឹម ១,៥០ម៉ែត្រ និងទម្ងន់ ៤៤គីឡូប៉ុណ្ណោះ។ ពេលនោះ Pac ទទួលបានទឹកប្រាក់ត្រឹមតែ២ដុល្លារប៉ុណ្ណោះក្នុងការប្រកួតនីមួយៗ។

តែឥឡូវនេះ Paciquao បានក្លាយជាស្តេចប្រដាល់ដ៏ល្អមួយរូបក្នុងប្រវត្តិសាស្ត្រ និង អាចរកលុយបានដល់ទៅ៦០លានដុល្លារក្នុងការចេញវាយមួយប្រកួត។

មិនតែប៉ុណ្ណោះ Pac គឺជាអ្នកប្រដាល់តែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រប្រដាល់ ដែលធ្លាប់កាន់យកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក៨ប្រភេទខុសៗគ្នា។

ទោះបីលោក Manny Pacquiao ទទួលបានជោគជ័យបែបនេះមែន តែគាត់មិនដែលភ្លេចជីវភាពក្រខ្សត់ដែលធ្លាប់ឆ្លងកាត់ម្តងណាឡើយ។ Pac បានជួយសាងសង់សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែងជាច្រើនដល់ប្រជាជនក្រីក្រក្នុងប្រទេសហ្វីលីពីន៕  

មានវីដេអូនៅខាងក្រោម៖

ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao
ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]