វិទ្យាសាស្ត្រវេជ្ជសាស្ត្រកំពុងប្រឹងប្រែងស្វែងយល់បន្ថែមអំពីឥទ្ធិពលនៃពពួកបាក់តេរីហៅ Flora ចំពោះសុខភាពនៃរាងកាយយើង។ ការសិក្សាពីមុនៗបានរកឃើញពពួកបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារយើង  បានដើរតួនាទីយ៉ាងសំខាន់ដល់ការរក្សាលំនឹងនៃសុខភាពទូទៅ  ជួយដល់ការរំលាយអាហារ  និងការស្រូបយកនៃសារធាតុចិញ្ចឹមមួយចំនួន  ជាពិសេសវាក៏បានជំរុញដល់ប្រព័ន្ធភាពសុំាផងដែរ។

លើសពីនេះទៅទៀត ថ្មីៗនេះគេបានសិក្សាឃើញថា បាក់តេរីក្នុងពោះវៀនរបស់យើង គឺជាគន្លឹះដ៏សំខាន់ការពារពីហានិភ័យនៃបញ្ហាអាឡែកស៊ីចំណីអាហារចំពោះកុមារ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Chicago និង Naples Federico II និង  មន្ទីរពិសោធន៍ជាតិ Argonne ទទួលបានសំណាកស្ម័គ្រចិត្តនៃទារកចំនួន៨រូប ដែលក្នុងនោះមាន៤រូបមានសុខភាពល្អធម្មតា រីឯ៤ ទៀតមានបញ្ហាអាឡែកស៊ីនឹងទឹកដោះគោ។

កុមារ មានបញ្ហាអាឡែកស៊ីនឹងទឹកដោះគោ

បន្ទាប់មកគេបានយកបាក់តេរីចេញពីប្រព័ន្ធរំលាយអាហារនៃទារក ដែលមានសុខភាពល្អធម្មតាទៅដាក់បញ្ចូលក្នុងសត្វកណ្តុរដែលពុំមានជំងឺ ហើយមានសុខភាពល្អ។ ជាលទ្ធផល សត្វកណ្តុរនោះមិនត្រឹមមិនឈឺនោះទេ ថែមទាំងបង្កើតបាននូវអង់ទីគ័រប្រឆាំងបញ្ហាអាឡែកស៊ីទឹកដោះគោទៀត។ ប៉ុន្តែនៅពេលគេយកបាក់តេរីចេញពីពោះវៀននៃទារក ដែលមានបញ្ហាអាឡែកស៊ីនឹងទឹកដោះគោនោះ ទៅដាក់ក្នុងកណ្តុរវិញ គេឃើញថាសត្វកណ្តុរក៏ចាប់ផ្តើមវិវឌ្ឍអាការអាឡែកស៊ីនឹងទឹកគោទៅវិញ។

ការសិក្សានេះនៅមានកម្រិត  ព្រោះយើងទើបបានសិក្សាក្នុងមន្ទីរពិសោធន៍ទៅលើសត្វកណ្តុរ។  យ៉ាងណាក៏ដោយ របកគំហើញនេះផ្តល់តម្រុយយ៉ាងសំខាន់ដល់ការស្វែងយល់អំពីតួនាទីនៃពពួកបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារ  និងការបង្កបញ្ហាអាឡែកស៊ីចំណីអាហារ ហើយក៏ជាគន្លឹះស្វែងរកវិធីសាស្ត្របញ្ឈប់បញ្ហានេះផងដែរ ដែលកើតមានស្ទើរទូទាំងពិភពលោក៕

រូបតំនាងនៃបាក់តេរីក្នុងប្រព័ន្ធរំលាយអាហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]