(ភ្នំពេញ)៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ​ប៊ុន សត្យា នាយការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី។

លោក ប៊ុន សត្យា បានបញ្ជាក់ថា ការបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់តុលាការ​ខាងលើនេះ ​ធ្វើឡើងក្រោយកម្លាំងជំនាញរបស់ការិយាល័យ បានតាមស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនពួកគេបាន នៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែល​ធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច មានលុយរាប់ម៉ឺនដុល្លារ ពីជនរងគ្រោះម្នាក់ ប្រិព្រឹត្តនៅចំណុចមុខស្តូបកម្ពុជាវៀតណាម តាមបណ្ដោយផ្លូវសុធារស ក្នុងភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក ​​ប៊ុន សត្យា បានបន្ថែមថា នៅក្នុងប្រតិបត្តិការតាមបង្ក្រាបនេះដែរ ក្រៅពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងការិយាល័យជំនាញ បានចាប់យកវត្ថុតាងមានម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ស ពាក់ស្លាកលេខ​1HJ-5694 មួយគ្រឿង ពីជនសង្ស័យឈ្មោះ ហុង ម៉េងហ៊ត់ ​អាយុ២៧ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ជាមួយទូរសព្ទ័ដៃចំនួន០២គ្រឿង ម៉ាកអាយហ្វូន 6s ពណ៌ទឹកប្រាក់ ១គ្រឿង និង១គ្រឿងទៀតម៉ាក LG ពណ៌ទឹកមាស, ចិញ្ចៀនលោហធាតុ ពណ៌លឿងស្លេក ចំនួន០២វង់, ខ្សែក ចំនួន០១ខ្សែ, បណ្តោងរូបឆ្កែ ចំនួន០១ ដែលចាប់យបបានពីបក្ខពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ធឿន ជា ​អាយុ២៤ឆ្នាំ ​មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

លោកនាយការិយាល័យរូបនេះ បានឲ្យដឹងថា ក្រៅពីចាប់យកវត្ថុតាងទាំងនោះ កម្លាំងការិយាល័យជំនាញ បានរកឃើញភ័ស្តុតាងជារបស់ជនរងគ្រោះឈ្មោះ ទូ សុទ្ធា ​អាយុ៣៥ឆ្នាំ​ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៦២ ផ្លូវលេខ៨ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រួមមាន​ នាឡិកាដៃម៉ាក CARTIER, ខ្សែស្បែក ពណ៌សូកូឡាដាំត្បូងពណ៌ស ចំនួន១៣៤គ្រាប់, ខ្សែក លោហធាតុ ពណ៌លឿងស្លេក មានបន្តោងរូបព្រះចំនួន​០១ ដែលមានដាំត្បូងពណ៌សចំនួន ២៥គ្រាប់ និងប្រាក់ដុល្លារ ចំនួន២៥០០​ដុល្លារអាមេរិក។

ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា សម្ភារដែលបានបាត់បង់ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពឆក់កាបូបយកទៅបាត់នោះ រួមមាន៖ លិខិតឆ្លងដែនវៀតណាមឈ្មោះ PHAN THI THANH HOAN ចំនួន​០១, អត្តសញ្ញាណបណ្ណ័សញ្ជាតិវៀតណាមចំនួន ០១, ខ្សែកមាសទម្ងន់៣តម្លឹងកន្លះ ចំនួន០១ខ្សែ, នាឡិកាដៃស្រីចំនួន០១, ប្រាក់វៀតណាម ៤លានដុង, ប្រាក់ដុល្លារ ចំនួន៤៦,០០០ដុល្លារអាមេរិក (បួនម៉ឺនប្រាំមួយពាន់ដុល្លារ) និងទូរសព្ទ័ដៃម៉ាក IPhoneX ១គ្រឿងផងដែរ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]