ប្រេស៊ីល៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ត្រូវបង្ខំចិត្តចុះចតវិញភ្លាមៗ ក្រោយជួបបញ្ហាបច្ចេកទេស ខណៈហោះហើរចេញពីអាកាសយានដ្ឋានទើបតែបានបន្តិច ក៏ស្រាប់តែម៉ាស៊ីនស្លាបបាញ់ផ្កាភ្លើងភឹបៗ ធ្វើឲ្យអ្នកដំណើរជាច្រើនភិតភ័យព្រលឹងចុងសក់។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមប្រភពសារព័ត៌មាន ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃអង្គារ ទី១៥ មករា ឆ្នាំ២០១៩ កន្លងទៅនេះ នៅគ្រាដែលយន្តហោះ Boeing 737 នៃជើងហោះហើរលេខ G3 1025 របស់ក្រុមហ៊ុនអាកាសចរណ៍ Gol Airline បានហោះចាកចេញពីអាកាសយានដ្ឋាន Santos Dumont Airport ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ឆ្ពោះទៅកាន់ទៅទីក្រុង Sao Paulo ។

ការចេញហោះហើរទើបតែបានបន្តិច ពីលើទីក្រុង Rio de Janeiro ភ្លាមនោះក៏ស្រាប់តែយន្តហោះ ផ្ទុះបាញ់ផ្កាភ្លើងភឹបៗចេញពីតួម៉ាស៊ីនស្លាបមួយចំហៀងរបស់យន្តហោះជាច្រើនដង ដែលធ្វើឲ្យអ្នកដំណើរនាំគ្នាភិតភ័យ និងប្រកាសអាសន្នប្រញាប់បកក្រោយចុះចតវិញតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុ

ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល Gol Airlin ខាងលើនេះ បានលើកឡើងថា ក្រុមអ្នកបច្ចេកទេសបានរកឃើញថា វាពិតជាបណ្តាលមកពីបញ្ហាម៉ាស៊ីនស្លាបមួយចំហៀងរបស់យន្តហោះមែន និងបានសម្ដែងការសោកស្តាយបំផុត ចំពោះករណីដែលបានកើតឡើងនេះផងដែរ។

ចំណែកឯ អ្នកដំណើរនៅគ្រានោះវិញ ពួកគេក៏ត្រូវបានជម្លៀសចេញតាមច្រកទ្វារសុវត្ថិភាព ដោយពុំមាននរណាម្នាក់ជួបបញ្ហា ឬរងគ្រោះថ្នាក់នោះទេ។ ហើយពួកគេក៏ត្រូវបានប្តូរទៅកាន់ជើងហោះថ្មីបន្ទាប់ និងបានទៅដល់គោលដៅរបស់ពួកគេរៀងៗខ្លួនផងដែរ។

ជុំវិញនឹងករណីនេះ ក្រុមហ៊ុនអាកាសចរណ៍ Gol Airline ក៏បានសន្យានិងបញ្ជាក់ជាថ្មីថា ខ្លួននឹងរៀបចំអនុវត្តន៍ស្តង់ដាសុវត្ថិភាពឲ្យបានខ្ពស់បំផុត ដើម្បីរក្សាតម្លៃគុណភាពលេខ១របស់ក្រុមហ៊ុន ក៏ដូចជាសុវត្ថិភាពដល់អ្នកដំណើរផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]