(ភ្នំពេញ)៖ ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់ ៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋត្រូវចាត់វិធានការថែររក្សាទឹកទុកសម្រាប់ប្រើប្រាស់។ នេះបើយោងតាមសារាចរណែនាំស្តីពីការចាត់វិធានការថែរក្សាទឹកទុកទប់ទល់នឹងគ្រោះរាំងស្ងួតដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ។

ក្នុងសារាចរនេះបានគូសបញ្ជាក់ថា ឥទ្ធិពលអែលណូនីនេះ ក៏នឹងធ្វើឲ្យមានភ្លៀងកក់ខែតិច មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន រដូវវស្សាមកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ។ល។

តាមរយៈសារាចរនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីទប់ទល់ជាមួយបញ្ហានេះ។ វិធានការទាំង៣នោះរួមមាន៖

១. ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។

២. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ។

៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]