ឥណ្ឌូនេស៊ី៖ បុរសជាអ្នកសុំទានវ័យចំណាស់ ជនជាតិឥណ្ឌូនេស៊ីម្នាក់ បានធ្វើឲ្យមហាជនជាច្រើនសម្តែងការខកចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបានដឹងថាគាត់មានផ្ទះសំបែង ប្លង់ដីកម្មសិទ្ធិ និងសល់លុយរាប់ម៉ឺនដុល្លារ ប៉ុន្តែបែរជាមកធ្វើខ្លួនក្ររហេមរហាមតោកយ៉ាកដើរសុំទានគេ។

បើយោងតាមប្រភពសារព័ត៌មាន បុរសជាអ្នកសុំទានខាងលើនេះ ត្រូវបានគេស្គាល់អត្តសញ្ញាណមានឈ្មោះថា លោក Legiman អាយុ ៥២ឆ្នាំ រស់នៅក្នុងខេត្ត Jawa Tengah (ឬ Central Java) បានសារភាពប្រាប់ថា លោកមានទ្រព្យសម្បត្តិតម្លៃរាប់ម៉ឺនដុល្លារ ក្រោយត្រូវបានអាជ្ញាធរក្នុងតំបន់ចាប់ឃាត់ខ្លួន ក្នុងកំឡុងពេលចុះធ្វើអន្តរាគមន៍ ឬប្រឆាំងលុបបំបាត់ភាពអាណាធិបតេយ្យ ទៅលើជនដែលគ្មានផ្ទះសំបែង និងអ្នកសុំទាន កាលពីថ្ងៃសៅរ៍ ទី១២ មករា ឆ្នាំ២០១៩ កន្លងទៅនេះ។

អ្នកសុំទានលោក Legiman

ក្រោយធ្វើការឃាត់ខ្លួន និងស៊ើបសួរបន្ថែម លោក Legiman បាននិយាយថា គាត់មានផ្ទះដែលមានតម្លៃ ១៨ ០០០ដុល្លារអាមេរិក (២៥០លានរូពៀឥណ្ឌូនេស៊ី) និងប្លង់ដីមួយកន្លែងដែលមានតម្លៃជាង ១៩ ០០០ដុល្លារអាមេរិក (២៧៥លានរូពៀឥណ្ឌូនេស៊ី)។ ហើយលើសពីនេះ លោកក៏បានសន្សំលុយទុកក្នុងធនាគារបានជាង ៦០ ០០០ដុល្លារអាមេរិក (៩០០លានរូពៀឥណ្ឌូនេស៊ី) ផងដែរ។

អាជ្ញាធរម្នាក់ឈ្មោះ Udhi Harsilo Nugroho បាននិយាយថា «នៅថ្ងៃនេះ (ថ្ងៃចាប់ខ្លួន) លោក Legiman សុំទានបាន ៦៥៩ ០០០រូពៀ ឬ ៤៦ដុល្លារអាមេរិក ដែលចំនួននេះបើប្រៀបធៀបទៅនឹងអាទិត្យមុន លោក Legiman អះអាងថាសុំបានតិចណាស់។ ប៉ុន្តែនៅពេលដែលចាប់ខ្លួន យើងបានឆែកឆេររកឃើញលុយ ១លានរូពៀ ឬ៧០ដុល្លារ នៅជាប់ខ្លួនលោក Legiman» ។

កំពូលអ្នកសុំទានលោក Legiman និយាយថា លុយដែលសុំទានបានតិចជាងថ្ងៃសព្វដងនោះ ក៏ដោយសារតែ អាកាសធាតុមិនអំណោយផល មេឃធ្លាក់ភ្លៀងខ្លាំង។

បើទោះបីជាយ៉ាងណាក្តី នេះគ្រាន់តែជាសម្តីអះអាងចេញពីមាត់របស់អ្នកសុំទានលោក Legiman ដែលអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការសាកសួរ ជុំវិញនឹងករណីរបស់លោកតែប៉ុណ្ណោះ។ ព្រោះជាក់ស្ដែង ក៏មានមតិមហាជនមួយចំនួនខ្លះ ក៏ហាក់សម្ដែងការមិនជឿជាក់ ចំពោះអ្វីដែលអ្នកសុំទានរូបនេះបានលើកឡើងនោះឡើយ។

លុយដែលត្រូវបានរកឃើញពីអ្នកសុំទាន

ប៉ុន្តែបើយោងទៅតាមសម្តីអាជ្ញាធរ លោក Udhi ក៏បានឲ្យដឹងបន្តផងដែរថា ការចុះធ្វើអន្តរាគមន៍ប្រឆាំងនឹងអ្នកសុំទាន កាលពីពេលមុនៗកន្លងមក ខាងពួកលោកក៏ធ្លាប់បានរកឃើញថា អ្នកសុំទានមួយចំនួនពិតជាមិនធម្មតា មានតាំងពីកាតអេធីអឹម (ATM) រហូតក៏មានអ្នកសុំទានខ្លះទៀត មានដល់ទៅសៀវភៅគណនីសន្សំប្រាក់របស់ធនាគារថែមទៀតផង។

យ៉ាងណាមិញ ជុំវិញនឹងករណីរបស់លោក Legiman គាត់ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចដោះលែងវិញ ដោយគ្រាន់តែធ្វើការព្រមានបញ្ឈប់មិនឲ្យដើរសុំទានតាមផ្លូវតទៅទៀតតែប៉ុណ្ណោះ។ ហើយអាជ្ញាធរក៏បានផ្តល់លុយដែលគាត់សុំទានបាននោះឲ្យគាត់វិញផងដែរ។

គួរឲ្យដឹងផងដែរថា យោងទៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អាជ្ញាធរក៏នឹងនៅតែបន្តបេសកម្មចុះបញ្ឈប់សកម្មភាពអាណាធិបតេយ្យរបស់អ្នកសុំទាន និងជនក្រីក្រគ្មានទីជម្រកនៅតាមដងផ្លូវ ដោយនឹងធ្វើការចាប់ផាកពិន័យផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

អ្នកសុំទានលោក Legiman

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]