ផ្លូវដង្ហើមជាពិសេសសួត ជាសរីរាង្គដ៏សំខាន់ខ្លាំងសម្រាប់ភាពរស់រានមានជីវិតនៃមនុស្សយើងគ្រប់រូប។ វាជាផ្លូវដឹកនាំនិងបំលាស់ប្តូរឧស្ម័នសំខាន់រវាងកោសិកានិងបរិស្ថានខាងក្រៅ។ បើទោះបីជាយ៉ាងណាក៏ដោយ បរិយាកាសដែលយើងរស់នៅសព្វថ្ងៃអាចនាំមកផលប៉ះពាល់យ៉ាងច្រើនដល់សរីរាង្គសួតរបស់យើង ហើយបូកបន្ថែមជាមួយទម្លាប់មិនល្អនៃការមិនយកចិត្តទុកដាក់ថែទាំសួតទៀតនោះ ធ្វើឲ្យសុខភាពផ្លូវដង្ហើមយើងងាយប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន។

ខាងក្រោមជាទម្លាប់ល្អៗមួយចំនួន ដែលយើងអាចព្យាយាមអនុវត្តដើម្បីថែទាំសួតនិងផ្លូវដង្ហើមរបស់លោកអ្នក៖

១. ពិសាទឹកឲ្យច្រើន

មិនអាចប្រកែកបាន ជាតិទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាពរបស់យើងពីក្បាលរហូតដល់ចុងជើង។ ទឹកមិនត្រឹមជួយលាងសំអាតនិងច្រាលចោលនូវជាតិពុលទាំងឡាយដែលមាននៅតាមកោសិកាសួតប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយអាការនៃបញ្ហាហឺត និងបញ្ហាផ្លូវដង្ហើមផ្សេងៗទៀត។

លោកអ្នកគប្បីពិសាទឹកយ៉ាងតិចណាស់ឲ្យបាន ១,៥ ទៅ ២លីត្រក្នុងមួយថ្ងៃ។ 

២. ទទួលទានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់

សារធាតុចិញ្ចឹមគឺជាសារធាតុមិនអាចខ្វះបានឡើយសម្រាប់ការទ្រទ្រង់ ការសាងសង់ និងការការពាររាងកាយ។ កង្វះនៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុសរសៃជាដើម អាចនាំមកនូវបញ្ហាសុខភាពជាច្រើន ជាពិសេសសុខភាពនៃសួតនេះដែរ។

អ្នកដឹងទេ ការទទួលទានអាហារសំបូរទៅដោយ វីតាមីនAនិងវីតាមីនC ត្រូវបានគេសិក្សាឃើញថា វាជួយពង្រឹងដល់សុខភាពនៃប្រព័ន្ធដង្ហើមគួរឲ្យកត់សម្គាល់។ ក្រៅពីនេះសារធាតុរ៉ែមួយចំនួនដូចជា រ៉ែប៉ូតាស្យូម ស័ង្គសី និងម៉ាញេស្យូមក៏មានសារៈសំខាន់សម្រាប់សុខភាពសួតនិងផ្លូវដង្ហើមផងដែរ។

៣. ចៀសវាងឲ្យឆ្ងាយពីថ្នាំជក់

បារី ឬ ថ្នាំជក់ផ្សេងៗមានផ្ទុកសារធាតុគីមីរាប់ពាន់ប្រភេទ ដែលសារធាតុគីមីមួយចំនួន ជាភ្នាក់ងារចម្បងបង្កជំងឺសួត ដូចជា ជំងឺរលាកទងសួត ជំងឺរលាកសួត ជំងឺរលាកផ្លូវដង្ហើម ជាពិសេសជំងឺមហារីកនៃប្រព័ន្ធដង្ហើមតែម្តង។

ដូច្នេះការកាត់ផ្តាច់ឲ្យឆ្ងាយនិងមិនប៉ះថ្នាំជក់ទាំងឡាយ គឺជាការអនុវត្តនិងទម្លាប់មួយដ៏ល្អបំផុត បើលោកអ្នកចង់បានសុខភាពនៃប្រព័ន្ធដង្ហើមបានយូរអង្វែង។

៤. លំហាត់ប្រាណឲ្យបានគ្រប់គ្រាន់

ការធ្វើលំហាត់ប្រាណមិនត្រឹមជួយដល់សុខភាពនៃប្រព័ន្ធរបត់ឈាម(បេះដូង និង សរសៃឈាម)នោះទេ លើសពីនេះ វាជាការអនុវត្តមួយដ៏ល្អក្នុងការពង្រឹងសុខភាពសួតទៀតផង។

កំណើននៃចលនាដង្ហើមនៅពេលយើងធ្វើលំហាត់ប្រាណ បានបង្កើនចង្វាក់បេះដូង ហើយមានការកើនឡើងការផ្គត់ផ្គង់ឈាមបន្ថែមទៅឲ្យសួត ដែលធ្វើឲ្យសរីរាង្គមួយនេះទទួលបានសារធាតុចិញ្ចឹមកាន់តែច្រើននិងគ្រប់គ្រាន់។ កត្តានេះជាសារៈសំខាន់នៃការថែទាំសុខភាពផ្លូវដង្ហើមរបស់លោកអ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]