ការសិក្សាបានរកឃើញផលប៉ះពាល់នៃសុខភាពយ៉ាងច្រើនបណ្តាលមកពីការបំពុលបរិយាកាសដូចជា ផ្សែងគ្រឿងចក្រ ឧស្ម័ននៃគ្រឿងម៉ាស៊ីន និងផ្សែងរោងចក្រជាដើម។ 

ការបំពុលបរិយាកាសមិនត្រឹមអាចប៉ះពាល់ដល់បរិស្ថានផែនដីប៉ុណ្ណោះទេ លើសពីនេះវាក៏ជាភ្នាក់ងារបង្កជំងឺកាចសាហាវនាសតវត្សរ៍ទី២១នេះផងដែរ ដូចជា ជំងឺបេះដូង ជំងឺសន្លាក់ ជំងឺប្រព័ន្ធប្រសាទ ជាពិសេសជំងឺមហារីក។

ការសិក្សាថ្មីបានបន្ថែមពីលើគុណវិបត្តិនៃការសិក្សាចាស់ថា ខ្យល់នៃបរិយាកាសដែលត្រូវបានបំពុល អាចមានផលប៉ះពាល់ដល់ការបង្កកំណើតកូនចំពោះស្ត្រីទៀតផង។

រូបតំណាង

ការសិក្សាដែលត្រូវបានបោះពុម្ពផ្សាយតាមរយៈ Journal Fertility and Sterility បានឲ្យដឹងថា ការកើនឡើងនៃការបំពុលបរិយាកាស បានបង្កើនហានិភ័យរហូតដល់ ១៦%នៃវិបត្តិស្ត្រីមិនអាចពរពោះនៅសហរដ្ឋអាមេរិក។ អ្វីគួរឲ្យកត់សម្គាល់គឺអត្រានេះកាន់តែខ្ពស់នៅតាមតំបន់ដែលមានបរិមាណនៃសារធាតុបំពុលក្នុងខ្យល់អាកាសខ្ពស់។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Utah បានសិក្សាទៅលើសំណាកនៃស្ត្រីចំនួន ១៣០០នាក់ដែលជួបផលលំបាកបង្កកំណើតកូន (ចន្លោះពីឆ្នាំ ២០០៧ ដល់២០១៥) នៅ Wasatch Front,  Utah សហរដ្ឋអាមេរិក។ គេបានផ្តោតលើសារធាតុបីប្រភេទ (នីត្រូសែនឌីអុកស៊ីត, អូហ្សូន, និងសារធាតុល្អិតៗផ្សេងទៀត) ដែលមានច្រើនក្នុងខ្យល់អាកាសបំពុល ហើយទាញរកទំនាក់ទំនងទៅនឹងហានិភ័យនៃការបង្កកំណើតកូន។

ជាលទ្ធផលគេរកឃើញថានៅចន្លោះពេលដែលខ្យល់អាកាសត្រូវបានបំពុលខ្លាំង។ គេឃើញមានបរិមាណនៃសារធាតុនីត្រូសែនឌីអុកស៊ីត(NO2) កើនឡើងខ្លាំង ហើយស្ថិតិក៏បង្ហាញឲ្យឃើញអត្រានៃការបាត់បង់លទ្ធភាពបង្កកំណើតកូននៅចន្លោះ៣ទៅ៨ថ្ងៃដំបូងក្រោយបាត់រដូវ។ អ្នកដឹងទេប្រភពចំបងនៃNO2 ចេញពីផ្សែងគ្រឿងចក្រនេះឯង (ម៉ូតូ និងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ)។

នេះសបញ្ជាក់ថា បញ្ហាបំពុលបរិយាកាសជាកត្តាមួយចូលរួមចំណែកដល់ការបង្កហានិភ័យនៃវិបត្តិបង្កកំណើតរបស់ស្ត្រី។

ការបំពុលបរិយាកាសកំពុងក្លាយជាបញ្ហាដ៏ចម្បងនៃបណ្តាប្រទេសទូទាំងពិភពលោក ដែលទាមទារឲ្យមានការចូលរួមសហការរវាងកំពូលមេដឹកនាំ ដើម្បីរកដំណោះស្រាយនៃបញ្ហានេះ។ បើមិនដូចច្នោះទេមិនយូរឡើយបញ្ហាសុខភាពផ្សេងៗ ជាពិសេសវិបត្តិមានកូន នឹងក្លាយជាបញ្ហាសុខភាពពិភពលោកដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]