បរទេស៖  ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Facebook បានប្រកាសពីគម្រោង វិនិយោគទុនទឹកប្រាក់សរុប ៣០០លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ ទៅលើវិស័យសារព័ត៌មានដើម្បីជាការជួយសម្រួលដល់បញ្ហាផ្សេងៗដែលកំពុងកើតមានសព្វថ្ងៃ។ នេះយោងតាមការបញ្ជាក់របស់សារព័ត៌មាន CNN ចេញផ្សាយ   ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៩

ទឹកប្រាក់មួយភាគធំនឹងប្រគល់ជូនទៅដល់អង្គការក្រៅរដ្ឋាភិបាលធំៗដូចជា ក្រុមហ៊ុនសារព័ត៌មាន Pulitzer Center និង Report for America ។ ហើយទឹកប្រាក់មួយចំនួនទៀតនឹងត្រូវផ្តល់ឲ្យវេបសាយសារព័ត៌មានផ្សេងៗនៅលើបណ្តាញសង្គម Facebook។

នាយកប្រតិបត្តិក្រុមហ៊ុន Facebook

យោងតាមប្រសាសន៍របស់អ្នកស្រី Campbell Brown ដែលជាអនុប្រធានគ្រប់គ្រងព័ត៌មានសកលប្រចាំក្រុមហ៊ុន Facebook ថា "ពួកយើង(Facebook) មិនចង់ឲ្យអ្នកសារព័ត៌មានទាំងអស់នោះពឹងផ្អែកលើយើងទេ។  យ៉ាងណាមិញ ពួកយើងគ្រាន់តែចង់ចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ពួកគេប៉ុណ្ណោះ"។

អ្នកស្រី Cambell បន្តថា "អ្វីដែលជាចំណុចសំខាន់ គឺពួកយើងចង់ជួយសម្រួល និងគាំទ្រដល់ប្រព័ន្ធសារព័ត៌មានក្នុងស្រុក" 

ដូចដឹងស្រាប់ហើយ សារព័ត៌មានកាសែតក្នុងស្រុក និងវេបសាយជាច្រើនបាននិងកំពុងក្ស័យធនជាបណ្តើរៗហើយដោយសារបដិវត្តប្រព័ន្ធឌីជីថលដែលកំពុងកើតមាននៅលើសកលលោកសព្វថ្ងៃ។  ហើយក្រុមហ៊ុន Facebook គឺជាមេខ្លោងប្រៀបដូចជាទ័ពស្រួចដែលកំពុងដឹកនាំការធ្វើបដិវត្តនេះអីចឹងដែរ។

អ្នកស្រី Campbell Brown

ទឹកប្រាក់រាប់ពាន់លានដុល្លារបានហូរចូលក្នុងក្រុមហ៊ុនយក្ស Facebook  ដោយសារការផ្សព្វផ្សាយពាណិជ្ជកម្ម និងចំនួនមនុស្សរាប់រយលាននាក់បាននិងកំពុងប្រើប្រាស់ហ្វេសប៊ុក។ អ្នកកាសែតជាច្រើនគិតថា ក្រុមហ៊ុនយក្ស Facebook និង Google បានកំពុងពន្លិចអាជីវកម្មរបស់ពួកគេយ៉ាងខ្លាំង។

គិតត្រឹមត្រីមាសចុងក្រោយ  Facebook បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួនប្រមាណ ៥,១៣ពាន់លានដុល្លារ។ ស្របពេលដែលក្រុមហ៊ុន Google បានចំណេញទឹកប្រាក់លើស Facebook ទ្វេដងសរុប ៩,១៩ពាន់លានដុល្លារគិតត្រឹមត្រីមាសចុងក្រោយដូចគ្នា។

គួររមឹ្លកថាកាលពីឆ្នាំមុនកុ្រមហ៊ុន Google ក៏ធ្លាប់បានប្រកាសថានឹងផ្តល់ប្រាក់សរុប ៣០០លានដុល្លារដូចគ្នាដែរ ដើម្បីវិនិយោគលើសារព័ត៌មាន "Google News Initiative" ៕

ក្រុមហ៊ុនយក្សទាំងពីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]