ចិន៖ ចោរប្រុសម្នាក់ត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព ក្រោយធ្វើសកម្មភាពរត់បំបុកទ្វារកញ្ចក់ហាង ចូលលួចយកទូរស័ព្ទអស់ជិត១០គ្រឿង ប៉ុន្តែបែរជាក្លាយទៅជារឿងដ៏ហួសចិត្ត និងអស់សំណើចទៅវិញ។

ហេតុការណ៍នេះបានកើតឡើងនៅចន្លោះម៉ោងប្រមាណជា ១ទៀបភ្លឺ ក្នុងទីក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន។ នេះបើយោងតាមប្រព័ន្ធផ្សាយចិនបានចុះផ្សាយ។

រូបភាព៖ ក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

ជាក់ស្តែង តាមរយៈរូបភាពថតជាប់ដោយកាម៉េរាសុវត្ថិភាពក្នុងថ្ងៃកើតហេតុ គេឃើញជនសង្ស័យជាចោរប្រុសខាងលើនេះ បានពាក់អាវធំខាងក្រៅ និងមានពាក់មួកតុក្កតាពីលើក្បាល រួមនឹងពាក់ម៉ាស់បិទបាំងផ្ទៃមុខ ដោយដំបូងឡើយនោះ ឈររេរាមុខហាងបំណងគាស់ទ្វារហាង ប៉ុន្តែមិនបានសម្រេច។

ក្រោយមកចោរខាងលើ ក៏បានសម្រេចចិត្តចំណាយទុនខ្លួន រត់បំបុកទ្វារកញ្ចក់សម្រុកចូលក្នុងហាងទាំងកំរោល បណ្តាលឲ្យបែកខ្ទេចខ្ចីដូចខ្ទឹម ក្រោយមកក៏ប្រញាប់ប្រញាល់ប្រមូលយកទូរស័ព្ទបានចំនួន ៨គ្រឿង ដែលដាក់តាំងបង្ហាញនៅលើតុក្នុងហាង រួចក៏រត់គេចខ្លួនចេញពីទីនោះទាំងប៉ផាប់ពភីងបាត់ស្រមោលតែម្តង។

រូបភាព៖ ក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព
រូបភាព៖ ក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

បើទោះបីជាយ៉ាងណាក្តី ក្រោយកើតហេតុ បុគ្គលិកហាងនៅទីតាំងខាងលើនេះ បាននិយាយថា ជាសំណាងល្អហើយ ដែលប្រហែលជាចោរប្រុសនោះមិនបានដឹង ព្រោះថាទូរស័ព្ទលួចយកទៅនោះ វាគ្រាន់តែជា Demo Phone ឬទូរស័ព្ទអន់ៗសម្រាប់ដាក់តាំងបង្ហាញនៅលើតុ ដើម្បីឲ្យភ្ញៀវតេស្តលេងតែប៉ុណ្ណោះ។ ចំណែកឯ ទូរស័ព្ទស្មាតហ្វូន (Smart Phone) ពិតៗតម្លៃថ្លៃវិញ គឺត្រូវបានយកទៅទុកដាក់ក្នុងទូយ៉ាងត្រឹមត្រូវ និងសុវត្ថិភាពបំផុត។

បុគ្គលិកហាងបានលើកឡើងទៀតថា អ្វីដែលសោកស្តាយបំផុតនោះ គឺត្រូវខូចខាតទ្វារកញ្ចក់ដែលមានតម្លៃថ្លៃ ជាជាងអាទូរស័ព្ទដែលចោរនោះលួចយកទៅទៀត។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ បច្ចុប្បន្នប៉ូលិសក៏កំពុងតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកមុខជនល្មើសផងដែរ។

យ៉ាងណាមិញ ក៏មានធ្វើឲ្យមហាជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមជាច្រើន សម្ដែងការហូសចិត្ត និងអស់សំណើចយ៉ាងខ្លាំង នូវហេតុការណ៍ដែលបានកើតឡើងមួយនេះ ដោយអ្នកខ្លះបញ្ចេញមតិបែបលេងសើចថា ទំនងជាចោរប្រុសនោះមើលរឿងហូលីវូដច្រើនពេកហើយ ទើបចម្លងស្ទាយ៍ជ្រែងជញ្ជាំងចូលប្លន់បែបនេះ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព៖ ក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព
រូបភាព៖ ក្នុងថ្ងៃកើតហេតុពីកាម៉េរាសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]