ថៃ៖ កូនដំរីញីដ៏កំសត់មួយក្បាលបានងាប់យ៉ាងសង្វេគ ក្រោយរងរបួសពីការចាប់ចងដ៏អាក្រក់ របស់ព្រានព្រៃចិត្តឥតមេត្តា បង្អត់អាហារ និងបំបោះបង់ចោលក្នុងព្រៃ។

កូនដំរីខាងលើនេះ ត្រូវបានគេដឹងនិងដាក់ឈ្មោះឲ្យថា Baitong មានអាយុទើបតែ១ខែប៉ុណ្ណោះ ហើយវាត្រូវបានអ្នកភូមិប្រទះឃើញនៅក្នុងព្រៃ ខេត្ត Rayong ដោយស្ថិតក្នុងសភាពដ៏គួរឲ្យអាណិតអាសូរបំផុត ជាមួយនឹងខ្សែចំណងជាប់ខ្លួន និងជើង។

អ្វីដែលគួរឲ្យសង្វេគចិត្តបំផុតនោះ កជើងជាប់ចំណងរបស់វា ត្រូវបានព្រានព្រៃចាប់ចងយ៉ាងតឹងណែន រហូតបណ្តាលឲ្យរងរបួសឈឺផ្សារយ៉ាងដំណំ ដាច់សាច់ និងលៀនឆ្អឹងតែម្តង។

កូនដំរី Baitong

តាមប្រភពពីអ្នកភូមិ គេមិនដឹងទេថា អស់រយៈពេលប៉ុន្មានថ្ងៃទៅហើយនោះទេ ដែលកូនដំរីកំសត់ Baitong ត្រូវបានព្រានព្រៃ ឬជនមិនស្គាល់មុខ ចាប់យកមកចងទុកទាំងស្ថិតក្នុងស្ថានភាពបែបនេះ ដោយត្រូវបែកចេញពីមេរបស់វា និងពុំបានបៅឲ្យបានគ្រប់គ្រាន់ រហូតធ្វើឲ្យវាគ្មានកម្លាំងសូម្បីតែឈរ។ ព្រោះជាក់ស្តែង កូនដំរីនៅត្រូវរស់ដោយពឹងផ្អែកពីមេរបស់វាផ្តល់ចំណី និងការបំបៅរហូតណាស់ដល់អាយុ ២ឆ្នាំឯណោះ។

បើយោងតាមប្រភពសារព័ត៌មាន កូនដំរី Baitong ត្រូវបានគេប្រទះឃើញ និងជួយសង្គ្រោះ តាំងតែពីថ្ងៃទី១៨ ធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះមកម៉្លេះ។ ប៉ុន្តែបើទោះបីជាមានការជួយជ្រោមជ្រែង និងមើលថែទាំព្រមទាំងការព្យាបាលជំងឺ និងរបួសរបស់វាយ៉ាងណាក្តី នៅទីបំផុតកូនដំរីដ៏គួរឲ្យអាណិតនេះ នៅតែងាប់ទាល់តែបាន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។

កូនដំរី Baitong

បសុពេទ្យម្នាក់ឈ្មោះ Prasarn Buangsood បាននិយាយថា ខ្សែចំណងនោះបានរឹតចងជាប់.កជើងកូនដំរី Baitong យ៉ាងណែន ដែលបណ្តាលឲ្យវារងរបួសធ្ងន់ធ្ងរខូចជើងទាំងស្រុង និងម្យ៉ាងទៀតស្គមស្គាំង ដោយសារតែពុំបានស៊ីអាហារអស់ពេលជាច្រើនថ្ងៃ។ សម្រាប់ការជួយសង្គ្រោះ កាត់ចំណងខ្សែចេញពីជើងរបស់វានោះ គឺធ្វើយ៉ាងណាដើម្បីជួយព្យាបាលរបួស ដើម្បីរួចផុតពីការងាប់តែប៉ុណ្ណោះ។ ព្រោះជាក់ស្តែង ស្ថានភាពរបស់កូនដំរី Baitong គឺធ្ងន់ធ្ងរ ហើយវាត្រូវការមើលថែទាំសឹងតែ ២៤ម៉ោង ខណៈក្រុមបសុពេទ្យក៏បានសង្កេតឃើញថា សភាពរបស់វាហាក់មិនធូរស្បើយ និងចេះតែទ្រុឌទ្រោមទៅៗផងដែរ។

បសុពេទ្យរូបនេះបានឲ្យដឹងទៀតថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ កូនដំរី Baitong បានប្រលែងលេងជាមួយនឹងអ្នកមើលថែទាំ ទាំងដែលវាស្ថិតក្នុងស្ថានភាពឈឺ ហើយក្រោយមកនៅល្ងាចថ្ងៃដដែលនោះ វាក៏ស្រាប់តែដួលងើបលែងរួចតែម្តង។ ក្រុមគ្រូពេទ្យសត្វបាននាំគ្នា ចំណាយពេលធ្វើការទាំងយប់ ដើម្បីពិនិត្យនិងព្យាបាលកូនដំរី Baitong ប៉ុន្តែជាលទ្ធផលមិនអាចសង្គ្រោះបាន វាក៏បានងាប់នៅព្រឹកថ្ងៃបន្ទាប់ (ថ្ងៃសុក្រ)។

កូនដំរី Baitong

ដោយឡែក បសុពេទ្យម្នាក់ទៀតក្នុងចំណោមបសុពេទ្យទាំងអស់ ឈ្មោះ Nathanong Panpech ក៏បាននិយាយដែរថា កម្រិតអុកស៊ីសែនក្នុងឈាមរបស់កូនដំរី Baitong គឺមានកម្រិតទាបខ្លាំងបំផុត ដែលបណ្តាលឲ្យកម្រិតជាតិអាស៊ីតក្នុងឈាមបុកឡើងខ្លាំង រហូតធ្វើឲ្យវាងាប់នេះតែម្តង។

«ពួកយើងទាំងអស់គ្នា (ក្រុមបសុពេទ្យ) គឺពិតជាជិតស្និទ្ធជាមួយនឹង Baitong ខ្លាំងណាស់ ហើយពួកយើងក៏សោកស្តាយខ្លាំងណាស់ដែរ ចំពោះការបាត់បង់វានេះ។ ពួកយើងក៏សង្ឃឹមដែរថា ការបាត់បង់ Baitong ទៅនេះ នឹងដាស់ស្មារតីដល់ពួកព្រានព្រៃ ឬអ្នកប្រមាញ់ទាំងអស់ឲ្យមានការគិតពិចារណាឡើងវិញ ព្រោះថាសត្វវាពិតជាគ្មានកំហុស ហើយពួកវាក៏មិនសមដែលមកត្រូវជួបរឿងដ៏អាក្រក់ទាំងអស់នេះនោះឡើយ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]