ភ្នំពេញ៖ «I Can See Your Voice» ជាកម្មវិធីទូរទស្សន៍ ដែលកំពុងលេចធ្លោលើពិភពលោក ជាពិសេសនៅអាស៊ីយើងនេះតែម្តង។

ហើយអ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំ ជាពិសេសអ្នកដែលធ្លាប់ទស្សនាកម្មវិធីនេះរបស់បរទេសហើយចង់ឲ្យកម្មវិធីដ៏ពិសេសនេះមកកាន់ប្រទេសកម្ពុជានោះ ពេលនេះក្តីស្រមៃបានក្លាយជាការពិតហើយ គឺស្ថានីយទូរទស្សន៍ហង្សមាស បានទិញសិទ្ធិផ្តាច់មុខសម្រាប់ផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើចំណីអារម្មណ៍ថ្មីដល់ទស្សនិកជន ដែលតែងតែគាំទ្រប៉ុស្តិ៍ហង្សមាស និងរស្មីហង្សមាសផងដែរ។

«I Can See Your Voice» គឺជាកម្មវិធីកម្សាន្តមួយ​ ដែលក្នុងកម្មវិធីតម្រូវឲ្យមានកំពូលអ្នកវិភាគចំនួន ៥ រូប កំពូលតារាចម្រៀងកិត្តិយស ១ រូប ជាមួយនឹងអ្នកចម្រៀងអាថ៍កំបាំងលាក់សម្លេងចំនួន ៧ រូប ដែលមានទាំងសម្លេងពីរោះ និងសម្លេងអាក្រក់ស្តាប់ផងដែរ។ 

សម្រាប់កម្មវិធីដ៏ប្លែកមួយនេះតម្រូវឲ្យកំពូលអ្នកវិភាគទាំង ៥ រូប បញ្ចេញទស្សនផ្តល់យោបល់ដល់កំពូលតារាចម្រៀង ឲ្យជ្រើសហៅអ្នកចម្រៀងអាថ៍កំបាំងលាក់សម្លេង ឡើងបកស្រាយបទចម្រៀងនៅលើវេទិកាបង្ហាញការពិត ថាតើមានសម្លេងពីរោះឬយ៉ាងណា? 

កម្មវិធីក៏នឹងបង្ហាញតំរុយដល់កំពូលអ្នកវិភាគ និងតារាចម្រៀងកិត្តិយសដើម្បីជាជំនួយដល់ការទស្សន៍ទាយដូចជា រូបសម្បត្តិរបស់បេក្ខជនអ្នកចម្រៀងលាក់សម្លេង ការច្រៀងធ្វើមាត់ត្រាប់តាម (Lip Sync) និងសម្លេងច្រៀងគោកដ៏ខ្លីផងដែរ។ នៅពេលនោះកំពូលអ្នកវិភាគ និងក្លាយជាអ្នកកំពូលកូរធ្វើឲ្យកម្មវិធីទាំងមូលពោរពេញទៅ ដោយសំណើចសើចសប្បាយជាក់ជាពុំខាន។ 

កម្មវិធីនឹងជម្រុះអ្នកចម្រៀងអាថ៍កំបាំងលាក់សម្លេងទាំង ៧នាក់ រហូតដល់សល់ម្នាក់ចុងក្រោយ ហើយបើសិនអ្នកចម្រៀងអាថ៍កំបាំងលាក់សម្លេងចុងក្រោយមានសម្លេងអាក្រក់ស្តាប់នោះ កម្មវិធីនឹងផ្តល់នូវប្រាក់រង្វាន់ចំនួន ១ លានរៀល តែបើនៅសល់ចុងក្រោយអ្នកដែលមានសម្លេងពីរោះ នោះគេនឹងមានឱកាសបានឡើងបកស្រាយចម្រៀងជាមួយកំពូលតារាចម្រៀងកិត្តិយសនៅលើឆាកតន្រ្តីដ៏ធំផងដែរ។

រង់ចាំទស្សនាទាំងអស់គ្នាកម្មវិធី «I Can See Your Voice Cambodia» នឹងមានចាក់ផ្សាយជូនទស្សនានៅ ថ្ងៃអាទិត្យ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ៦ ល្ងាច ខាងមុខនេះហើយនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ដែលកម្មវិធីនេះទទួលបានការឧបត្ថម្ភផ្តាច់មុខពីក្រុមហ៊ុនទូរស័ព្ទ OPPO ៕

កម្មវិធី «I Can See Your Voice Cambodia»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]