ស្បែកជាសរីរាង្គមួយដ៏សំខាន់ខ្លាំងក្នុងចំណោមសរីរាង្គផ្សេងៗទៀត ព្រោះមិនត្រឹមជួយការពារពីកំដៅកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យប៉ុណ្ណោះទេ ថែមទាំងជារនាំងដ៏សំខាន់ប្រឆាំងទប់ទល់ជាមួយនឹងមេរោគយ៉ាងច្រើន ដែលចង់បៀតបៀនរាងកាយយើងរាល់វិនាទី។  បើទោះបីជាយ៉ាងណាក៏ដោយ បរិស្ថាន និងរបៀបរបបរស់នៅរបស់យើងមួយចំនួនធំ អាចនាំមកនូវហានិភ័យដល់សរីរាង្គស្បែកដូចជា បង្កជំងឺស្បែក បញ្ហារលាកស្បែករុំារ៉ៃ និងជំងឺមហារីកស្បែក ជាដើម។

ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ជាមួយរបបអាហារដែលល្អៗសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់ស្បែក  នឹងនាំមកនូវផលវិជ្ជមានយ៉ាងច្រើនចំពោះសុខភាពស្បែក។

ដូច្នេះខាងក្រោមជាអាហារ៤ប្រភេទលោកអ្នកមិនគួរមើលរំលងឡើយ បើចង់បានស្បែកមានសុខភាពល្អ៖

១. ស្ពៃខាត់ណា

សារធាតុប្រឆាំងជាតិពុលដែលទទួលបានពីការហូបបន្លែខាត់ណា អាចទប់ទល់នឹងការខូចខាតកោសិកាស្បែកពីការរលាក និងការវិវឌ្ឍន៍នៃជំងឺមហារីកស្បែកដោយសារកត្តាខាងក្រៅដូចជា  កាំរស្មីស្វាយអ៊ុលត្រានៃព្រះអាទិត្យ និងសារធាតុគីមីពីផ្សែងយានយន្ត ជាដើម។ សារធាតុមួយប្រភេទក្នុងខាត់ណា ជាភ្នាក់ងារដ៏សកម្មក្នុងការសម្អាតកោសិកាស្បែក និងជួសជុលកោសិកាណាដែលខូចខាត។

រូបតំណាង

២. តែបៃតង

អ្នកដឹងទេតែបៃតងមានផ្ទុកសារធាតុពិសេសម្យ៉ាង (Proanthocyanidin) ដែលជាសារធាតុមួយដ៏សកម្មក្នុងការប្រឆាំងនឹងភាពខូចខាតនៃកោសិកា។ សារធាតុនេះវាបានចូលរួមចំណែកកំចាត់ចោលជាតិពុលទាំងឡាយដែលអាចប៉ះពាល់ដល់ដំណើរការនិងទ្រង់ទ្រាយនៃកោសិកាស្បែកផ្នែកខាងក្រៅ។

បើយើងរងកាំរស្មីអ៊ុលត្រារបស់ព្រះអាទិត្យយូរ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាស្បែកព្រោះវាអាចជ្រាបចូលទៅក្នុងកោសិកាហើយបំផ្លាញទ្រង់ទ្រាយ ជាពិសេសបំផ្លាញទៅដល់DNAរបស់កោសិកា ដែលជាមូលហេតុដ៏ចម្បងនៃជំងឺមហារីកស្បែក។

យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា គេបានសិក្សាទៅលើសំណាកមួយក្រុមដោយឲ្យពិសាតែបៃតងជារៀងរាល់ថ្ងៃក្នុងរយៈពេល៣ខែ។ ជាលទ្ធផលសារធាតុ ទទួលបានពីតែបៃតងដែលប្រឆាំងនឹងការខូចខាតកោសិកា បានប្រមូលផ្តុំគ្នានៅតាមកោសិកាស្បែករបស់ពួកគេ។ គេបានរកឃើញទៀតថា សារធាតុនៃតែបៃតងបានដើរតួនាទីយ៉ាងសំខាន់ការពារពីកាំរស្មីអ៊ុលត្រា ដោយវាដើរតួដូចជាឆ័ត្រទប់ទល់នឹងពន្លឺអីចឹង។

រូបតំណាង

៣. ផ្លែបឺរ

វីតាមីនEដ៏សំបូរបែបទទួលបានពីផ្លែបឺរ ជាប្រភេទវីតាមីនដ៏សំខាន់ប្រឆាំងនឹងភាពជ្រីវជ្រួញនៃស្បែក។ វាជាសារធាតុដ៏សំខាន់ប្រឆាំងនឹងពពួកជាតិពុលដែលបំផ្លាញកោសិកា។ ហេតុនេះហើយវាល្អសម្រាប់ការរក្សាសម្ជស្សឲ្យនៅក្មេងជាងវ័យ និងការលូតលាស់សក់។

រូបតំណាង

៤. ប៉េងប៉ោះ

ប៉េងប៉ោះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសមួយប្រភេទ ដែលគេបានរកឃើញថាវាចូលរួមចំណែកដល់ការប្រឆាំងនឹងការរីកលូតលាស់នៃកោសិកាមហារីក តាមរយៈការទប់ទល់នឹងប្រតិកម្មអុកស៊ីតកម្ម។  កោសិកាយើងត្រូវបានរងនូវឥទ្ធិពលអុកស៊ីតកម្មរាល់វិនាទី ទាំងតាមរយៈកត្តាខាងក្រៅនិងខាងក្នុងផ្ទាល់ទៀតផង។ ឥទ្ធិពលនេះជាដើមហេតុធ្វើឲ្យកោសិកាមានការលូតលាស់ខុសប្រក្រតីនិងបង្កជាកោសិកាមហារីក។ ជាក់ស្តែងជំងឺមហារីកស្បែកក៏បណ្តាលមកពីកត្តាអុកស៊ីតកម្មនៃកោសិកាស្បែកផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានប៉េងប៉ោះជាប្រចាំត្រូវបានគេសិក្សាឃើញថា វាបានចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃការបង្កជំងឺមហារីកស្បែកគួរឲ្យកត់សម្គាល់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]