បន្ទាយមានជ័យៈ លោកគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ព្រោះតែចង់ផ្សងសំណាងជាមួយល្បែង បានរកលេស ធ្វើជាខ្ចីខ្សែដៃមាសកូនសិស្សរបស់ខ្លួន ជាង១តម្លឹង យកឲ្យប្រពន្ធពាក់ ដើម្បីអួតមីងមកពីអាមេរិក បែរជាយកទៅបញ្ចាំលេងល្បែងអស់ត្រូវកម្លាំងកងរាជអាវុធហត្ថ (អ.ហ) ឃាត់ខ្លួនកាលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០១២ នៅចំណុចម្តុំមាត់ អូរព្រំដែនកម្ពុជា-ថៃ ខាងលិចកាស៊ីណូផ្កាយប្រាំ ក្នុងភូមិក្បាលស្ពាន សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែតបានឲ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១២ ថា ជនសង្ស័យ ដែលកម្លាំងរបស់លោកឃាត់ខ្លួន មានឈ្មោះ ជា ពិសិដ្ឋ ហៅ ស៊ិន សុភាព ភេទប្រុស អាយុ ៣៣ ឆ្នាំ មាន ស្រុកកំណើតនៅភូមិ-ឃុំឬស្សីក្រោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នរស់នៅក្នុងភូមិ-ឃុំ កើតហេតុ ខាងលើ មានមុខរបរជាគ្រូបង្រៀនភាសារអង់គ្លេសតាមផ្ទះ។

លោកមេបញ្ជាការរូបនេះ បានបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងបន្ទាប់ពីនារីរងគ្រោះឈ្មោះ ស្រី ទូច អាយុ ១៧ឆ្នាំ ជាកូនសិស្សរបស់ជនសង្ស័យខាងលើ បានមកដាក់ពាក្យបណ្តឹងឲ្យជួយអន្តរាគមន៍។

យោងតាមការរៀបរាប់របស់ ស្រី ទូច បានឲ្យដឹងថា លោកគ្រូរបស់នាងបានមកសុំខ្ចីខ្សែដៃរបស់នាងថា យក ទៅឲ្យប្រពន្ធពាក់ចាំទទួលមីងមកពីអាមេរិក កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១២ ផ្ទុយទៅវិញ បែរជាលួចយក ទៅបញ្ចាំយកប្រាក់ទៅលេងល្បែងសោះ។

លោក ហម ម៉ុត បានបញ្ជាក់ថា ពេលសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តិដូច្នោះមែន ហើយបានយកខ្សែដៃទម្ងន់១តម្លឹង១ជីនោះ ទៅបញ្ជាំនៅហាងធ្វើធ្មេញ ប្តូរប្រាក់ មួយកន្លែងយីហោ ពួយ វ៉ាន់ធី មានទីតាំងនៅផ្សារ៉ាថ្មី ក្នុងតម្លៃ ៣៦.៥០០បាត ដោយឃើញមិត្តភក្តិរបស់ខ្លួន ទើបតែឈ្នះល្បែងពីកាស៊ី ណូបានប្រាក់ច្រើន ឃើញដូចនោះខ្លួនបានយកប្រាក់ទាំងនោះ ទៅលេងកាស៊ីណូដែរ ដើម្បីផ្សងសំណាង តែបែរជាចាញ់ប្រាក់អស់ពីខ្លួន។

ក្រោយពេលសួរនាំជនសង្ស័យត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីចាត់ការបន្ត៕

ដោយៈ ប៊ុន សំណាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]