ចិន៖ បន្ទាប់ពីរៀបការជាមួយស្ត្រី៣នាក់ផ្សេងគ្នារួចមក បុរសជាប្តី ដោយមិនចង់ឲ្យប្រពន្ធដើមចុងច្រណែនគ្នា ក៏បានប្រគល់អាផាតមែនឲ្យពួកគេរៀងៗខ្លួន ហើយជ្រើសយកទីតាំងជាប់ៗគ្នាទៀត។ មិនតែប៉ុណ្ណោះ លុយទាំងប៉ុន្មានដែលគាត់រកបានត្រូវបែងចែកឲ្យច្បាស់លាស់សម្រាប់ប្រគល់ដល់ប្រពន្ធគាត់ទាំង៣ស្មើៗគ្នា។ នេះយោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩

បុរសជាប្តីត្រូវបានគេស្គាល់ត្រឹមនាមត្រកូលថា Zhang មានអាយុ៣៦ឆ្នាំ បានឆ្លៀតឱកាសរៀបការបានសម្រេចជាមួយស្ត្រី៣នាក់មកពីបណ្តាខេត្តផ្សេងគ្នាក្នុងប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា គិតចាប់ពីឆ្នាំ២០១៥ ដល់ ២០១៧។  

មិនតែប៉ុណ្ណោះ លោក Zhang គឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយដែលមានទីតាំងនៅក្នុងទីក្រុង Jiangsu នៃខេត្ត Kunshan។ ដើម្បីជាភាពងាយស្រួល បុរសជាប្តីវ័យ៣៦ឆ្នាំម្នាក់នេះបានសម្រេចចិត្ត ប្រគល់អាផាតមែនឲ្យប្រពន្ធគាត់ដូចគ្នា ហើយជ្រើសទីតាំងជាប់ៗគ្នាប្រៀបដូចជាអ្នកជិតខាងទៅហើយ។ 

លោក Zhang

នៅពេលដែលគាត់ចេញពីផ្ទះម្តងៗ លោក Zhang តែងតែប្រាប់ប្រពន្ធគាត់ថា គាត់មានភារៈកិច្ចនៅក្រៅប្រទេសដើម្បីទៅពង្រើកអាជីវកម្មបន្ត ។ បើទោះបីគាត់មានពុតត្បុតច្រើនមែន តែប្រពន្ធទី២និងទី៣របស់លោក Zhang តែងសរសើរគាត់មិនដាច់ពីមាត់ឡើយ។ ប្រពន្ធទី២របស់លោក Zhang បាននិយាយថា គាត់ជាប្តីដែលចេះយកចិត្តទុកដាក់នឹងប្រពន្ធ និងយកអាសារអ្នកដទៃផងដែរ”។ នាងបន្តថា “គាត់តែងតែលាងចានក្រោយពេលហូបបាយល្ងាចរួច”

ប៉ុន្តែទោះបីជាលោក Zhang ល្អយ៉ាងណាក៏ដោយ ក៏ប្រពន្ធទាំង៣នាក់របស់លោក Zhang សម្រេចចិត្តយករឿងនឹកស្មានមិនដល់នេះទៅប្តឹងប៉ូលិសដែរ។

ឥឡូវនេះលោក Zhang ក៏ត្រូវបានសមត្ថកិច្ចចិនចាប់ខ្លួន និងជាប់ទោសពីបទពហុពន្ធភាព ដោយសារគាត់មានប្រពន្ធច្រើនក្នុងពេលតែមួយ។ មិនតែប៉ុណ្ណោះ បទល្មើសដែលគាត់បានប្រព្រឹត្តិនេះនឹងអាចឲ្យគាត់ជាប់ពន្ធនាគារក្នុងរយៈពេលប្រហែលជា២ឆ្នាំពេញ។

រូបប្រពន្ធ

លោក Zhang ផ្ទាល់បាននិយាយថា ខ្ញុំពិតមិនដឹងថា ការរៀបការអាពាហ៍ពិពាហ៍ជាមួយនឹងប្រពន្ធទាំង៣របស់ខ្ញុំក្នុងពេលតែមួយនេះគឺជាបទឧក្រិដ្ឋសោះ

ពេលនេះប្រពន្ធលោក Zhang ទី១ ដែលបានរៀបការដោយស្របច្បាប់នោះ បានសម្រេចចិត្តលែងលះជាមួយលោក Zhang ហើយ។ ចំណែកឯប្រពន្ធទី២និងទី៣ នៅមិនទាន់លិចឭដំណឹងអ្វីនៅឡើយ។ មិនតែប៉ុណ្ណោះលោក Zhang បានបន្តថា "នៅពេលខ្ញុំចេញពីពន្ធនាគារ ខ្ញុំនឹងមើលសិនថាប្រពន្ធខ្ញុំមួយណាដែលនៅមានចិត្តស្រលាញ់ខ្ញុំ។ ហើយខ្ញុំនឹងនៅជាមួយនឹងនាងតែម្តង"៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]