ភ្នំពេញ៖ វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) បានបើកទទួលពាក្យប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ឆ្នាំ២០១៩ ទៀតហើយ។ កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា គឺជាកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT ថ្នាក់ជាតិធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញនូវសមិទ្ធផលស្នាដៃ និងជោគជ័យនានា លើនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដែលមានមកពីក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ច (Startup) សហគ្រាសសង្គម អង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ តាមរយៈគេហទំព័រ http://cambodiaictawards.com/ ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។ ផលិតផលបច្ចេកវិទ្យា ដែលមានលក្ខណៈច្នៃប្រឌិត និងនវានុវត្តន៍ អាចចុះឈ្មោះចូលរួមប្រកួតប្រជែង។

ក្រុមហ៊ុន/ស្ថាប័ន អាចដាក់ពាក្យចូលរួមប្រកួតតាមប្រភេទពានរង្វាន់ដូចខាងក្រោម៖

1. ក្រុមហ៊ុនផ្តួចផ្តើមធុរៈកិច្ចបច្ចេកវិទ្យា ល្អបំផុតប្រចាំឆ្នាំ (Best Tech Startup of the year)
2. ស្ថាប័ននវានុវត្តន៍ឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation organization of the year)
3. ការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រ ល្អបំផុតប្រចាំឆ្នាំ (Best ICT R&D of the year)
4. បច្ចេកវិទ្យានវានុវត្តន៍សង្គម ល្អបំផុតប្រចាំឆ្នាំ (Best Social Innovation of the year) 
5. សេវារដ្ឋបាលអេឡិចត្រូនិក ល្អបំផុតប្រចាំឆ្នាំ (Best e-government service of the year)

ក្រៅពីពានរង្វាន់ប្រភេទទាំង ៥ ខាងលើ គណៈកម្មធិការក៏ធ្វើការវាយតម្លៃ និងជ្រើសរើសក្រុមហ៊ុន/ស្ថាប័ន ដែលមានស្នាដៃក្នុងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖ បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម (AgriTech) ធនាគារឌីជីថល (Digital Banking) បច្ចេកវិទ្យាក្នុងវិស័យអប់រំ (EduTech) បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ (FinTech) បច្ចេកវិទ្យាក្នុងវិស័យសុខភិបាល (HealthTech)។ល។

ក្រុមហ៊ុន/ស្ថាប័ន ដែលបានដាក់ពាក្យចូលរួមប្រកួតនឹងត្រូវបានសម្រាំងជ្រើសរើស ដោយចៅក្រម ដែលមានសមាសភាពមកពីក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ សង្គមស៊ីវិល និងអ្នកតំណាងឧស្សាហកម្មក្នុងវិស័យ ICT។ លក្ខណៈសម្បត្តិវាយតម្លៃ និងជ្រើសរើសផ្អែកលើគុណសម្បត្តិមួយចំនួនដូចជា ១/ នវានុវត្តន៍បច្ចេកវិទ្យា (tech innovation) ២/ ដោះស្រាយបញ្ហាក្នុងសង្គម (Problem Solving) ៣/ ប្រសិទ្ធភាពនៃប្រតិបត្តិការ(Effeciency of operation) ៤/ យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) ។

វិទ្យាស្ថានជាតិ NIPTICT បានរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជានេះឡើងចាប់តាំងពីឆ្នាំ ២០១៥ មក ក្នុងគោលបំណងជម្រុញលើកទឹកចិត្ត និងលើកកម្ពស់ផលិតផល ឬគម្រោងដ៏ឆ្នើមនៅកម្ពុជា។ កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT កម្ពុជា ២០១៩ នេះ នឹងផ្តល់រង្វាន់ដល់ម្ចាស់ជ័យលាភី ជាមួយនិងទឹកប្រាក់ និងពានរង្វាន់ឆ្នើមល្អផ្តាច់គេ ដែលជាពានរង្វាន់កិត្តិយសថ្នាក់ជាតិ ដែលនឹងជួយឱ្យអាជីវកម្ម របស់ពួកគេឈានឡើងបានមួយកម្រិតទៀត។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា៖

«តាមរយៈការប្រកួតនេះយើងសង្ឃឹមថា ក្រុមហ៊ុន និងសហគ្រិន ដែលមានស្នាដៃនឹងទទួលបានការទទួលស្គាល់ទូទាំងប្រទេស ហើយនឹងជម្រុញ និងលើកទឹកចិត្តឱ្យយុវជនយើងរៀនបច្ចេកវិទ្យា និងបង្កើតសេវាកម្ម ឬផលិតផលបច្ចេកវិទ្យាច្នៃប្រឌិតថ្មីកាន់តែច្រើនដើម្បីចូលរួមអភិវឌ្ឍវិស័យ ICT និងជម្រុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា» ។

គួររំលឹកថាក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុនដែលទទួលបានជ័យលាភីទាំង៣ គឺ៖
១/ Morakot VB (Core Banking System) បង្កើតឡើងដោយ Morakot Technology ដែលនេះជាកម្មវិធីសម្រាប់គ្រប់គ្រងក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ។
២/ Soyo (Cambodia) បង្កើតឡើងដោយ Soyo Entreteniment Co., Ltd. ដែលជាកម្មវិធីមើលភាពយន្តតាមអនឡាញជាលើកដំបូងនៅកម្ពុជា។
៣/ Banhji បង្កើតឡើងដោយ PCG & Partners Co., Ltd. ជាកម្មវិធីគណនេយ្យ សម្រាប់តម្រូវការសហគ្រាសធុនតូច និងមធ្យមនៅក្នុងអាស៊ាន ។

ការទទួលស្គាល់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ សម្រាប់បេក្ខជនជ័យលាភីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយមានការសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ។ ក្រុមហ៊ុន Smart Axiata ដែលជាដៃគូសហការ និងឧបត្ថម្ភធំយល់ឃើញថា កម្មវិធីនេះគឺជាឱកាសក្នុងការបង្ហាញពីសមត្ថភាពនវានុវត្តន៍នៅកម្ពុជា។ ក្រុមហ៊ុន Smart Axiata ជឿជាក់ថាកម្មវិធីពានរង្វាន់ ICT កម្ពុជា ផ្តល់ឱកាសដ៏ពិសេសសម្រាប់បណ្តាក្រុមហ៊ុន/ស្ថាប័ន និងបុគ្គលនានា ក្នុងការបង្ហាញផលិតផល នវានុវត្ត៍ន៍ជំនាញ និងការនាំមុខទៅកាន់ឌីជីថល តាមរយៈគំរូអាជីវកម្មថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ។ ក្នុងនាមជាដៃគូអភិវឌ្ឍដ៏សំខាន់របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ក្រុមហ៊ុន Smart Axiata មានសុទិដ្ឋិនិយមលើលទ្ធផលនៃកម្មវិធីប្រកួតប្រជែងនេះ ថានឹងពង្រឹងលើកទឹកចិត្ត និងកសាងយុគសម័យបច្ចេកវិទ្យារបស់កម្ពុជាឆ្ពោះទៅកាន់យុគសម័យឌីជីថល និង ICT ឱ្យស្របជាមួយប្រទេសក្នុងតំបន់។

ក្រុមហ៊ុន/ស្ថាប័នចូលរួមប្រកួតប្រជែងក្នុងឆ្នាំ ២០១៩ នេះ ក៏មានឱកាសចូលរួមក្នុងថ្នាក់តំបន់ផងដែរ។

សូមតាមដានព័ត៌មានលម្អិតអំពីការប្រកួតពានរង្វាន់ ICT កម្ពុជា ២០១៩ តាមរយៈ គេហទំព័រ http://www.cambodiaictawards.com/ និង https://www.facebook.com/cambodiaictawards/ ៕

ពានរង្វាន់ ICT កម្ពុជា ២០១៩
ពានរង្វាន់ ICT កម្ពុជា ២០១៩
ពានរង្វាន់ ICT កម្ពុជា ២០១៩
ពានរង្វាន់ ICT កម្ពុជា ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]