បារាំង៖ កីឡាករ Edison Cavani បច្ចុប្បន្នកំពុងប្រកបអាជីពបាល់ទាត់នៅក្លិប Paris Saint-Germain។ ចំពោះកិច្ចសន្យារបស់ Cavani ជាមួយនឹង PSG គឺនៅសល់ប្រហែលជា ១ឆ្នាំចុងក្រោយ មុននឹងកិច្ចសន្យាផុតកំណត់នៅឆ្នាំ ២០២០។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ Cavani បានបង្ហើបថា រូបគេអាចនឹងព្យួរស្បែកជើងចាកចេញពីពិភពបាល់ទាត់នៅឆ្នាំ ២០២០ ពេលដែលកិច្ចសន្យារបស់គេជាមួយនឹង PSG អស់សុពលភាព។

កីឡាករ Edison Cavani

កីឡាករ Edison Cavani បានចាកចេញពីក្លិបបាល់ទាត់ Napoli កាលពីឆ្នាំ ២០១៣ រួចហើយបានទៅរួមរស់ជាមួយ PSG រហូតមកដល់បច្ចុប្បន្ននេះ។ Cavani បានក្លាយជាអ្នករកគ្រាប់បាល់ជាប្រចាំយ៉ាងច្រើនជូនដល់ក្លិបអ្នកមានបារាំងមួយនេះ។ ជាក់ស្ដែងកាលពីរដូវកាលមុន Cavani លេងឱ្យ PSG ចំនួន ២៨ប្រកួត និងបានបំបែកកំណត់ត្រារបស់ Zlatan Imbrahimovic ដោយរកគ្រាប់បាល់សរុបចំនួន ១៥៧ គ្រាប់ក្នុងអាជីពរបស់គេនៅ Paris Saint-Germain។

កីឡាករ Edison Cavani

បើទោះបីជា Cavani ជោគជ័យក្នុងអាជីពរបស់គេនៅទឹកដីបារាំងយ៉ាងណាក្ដី តម្រុយនៃការចាកចេញក៏នៅតែមានដដែល។ អតីតក្លិបចាស់របស់គេគឺ Napoli ត្រូវបានគេដឹងថា គឺជាក្លិបទី ១ ដែលចាប់អារម្មណ៍ក្នុងការទទូចចង់បានរូបគេត្រលប់មកវិញបំផុត ប៉ុន្តែ Cavani ហាក់បីដូចជាមិនទាន់ប្រាកដឡើយថាតើរូបគេគួរតែទៅណាបន្ត ឬក៏ចូលនិវត្តន៍នៅឆ្នាំ ២០២០ តែម្តង។ Cavani បាននិយាយប្រាប់សារព័ត៌មាន Parisien ថា៖ “ ខ្ញុំមានបំណងនៅទីនេះ(PSG) រហូតដល់ចប់កិច្ចសន្យា ឬក៏អាចនឹងរហូតដល់បញ្ចប់អាជីពតែម្ដងក៏ថាបាន”, កីឡាករសញ្ជាតិ អ៊ុយរ៉ូហ្កាយរូបនេះបានបន្ថែមថា៖ “ខ្ញុំមិនដឹងថា តើខ្ញុំនឹងអាចបន្តអាជីពរបស់ខ្ញុំក្រោយឆ្នាំ ២០២០ ឬក៏អត់នោះទេ...ប៉ុន្តែនៅទីនេះ ខ្ញុំរីករាយក្នុងការរួមរស់ជាមួយ PSG ហើយក្លិបក៏រីករាយដូចគ្នា”

កីឡាករ Edison Cavani

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]