អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Real Madrid បានបាត់បង់កម្លាំងសំខាន់មួយរូបទៀត ខណៈដែលបច្ចុប្បន្នកម្លាំងសំខាន់ៗមួយចំនួនរបស់ក្លិបបានស្ថិតក្នុងស្ថានភាពរបួសរួចទៅហើយ។ បើតាមសម្តីរបស់លោក Santiago Solari បានបញ្ជាក់ឱ្យដឹងថា កីឡាករ Karim Benzema បានទទួលរងរបួសបាក់ម្រាមដៃក្នុងជំនួបរបស់ Real Madrid ជាមួយ Real Betis កាលពីយប់មិញនេះ។

កីឡាករ​ Karim Benzema

ក្នុងអំឡុងពេលការប្រកួតនៅឯកីឡដ្ឋាន Benito Villamarin កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ  Benzema ត្រូវគេដឹងថាបានរងរបួសបាក់ម្រាមដៃ ដោយត្រូវសម្រាកនៅមុនពេលចប់តង់ទី១។ ចូលមកដល់តង់ទី២ លោក Solari បានបង្ខំចិត្តប្តូរ Benzema ចេញតែម្តង ដោយដាក់ជំនួសវិញដោយកីឡាករវ័យក្មេង Cristo Gonzalez។ ក្រោយមកលោក Santiago Solari បានបញ្ជាក់ថា Karim Benzema ពិតជាមានបញ្ហារបួសម្រាមដៃពិតប្រាកដមែន ហើយលោកក៏មិនទាន់ប្រាកដអំពីរយៈពេលនៃការព្យាបាលរបួសនេះដែរ។

លោក Santiago Solari

គួរបញ្ជាក់ថា នារដូវកាលនេះ Karim Benzema បង្ហាញខ្លួនឱ្យ Real Madrid បាន ១៩ប្រកួត ដោយស្វែងរកគ្រាប់បាល់បាន ៧គ្រាប់ និងបញ្ជូនបាល់ឱ្យគេស៊ុតចំនួន ២លើក។ ក្រៅពីនេះ Benzema ក៏មានគ្រាប់បាល់នៅ UCL ៣គ្រាប់ និងនៅ Copa Del Rey ១គ្រាប់ផងដែរ។ 

ដោយឡែកចំពោះកីឡាករផ្សេងទៀតរបស់ Real Madrid ដែលកំពុងមានបញ្ហារបួសរួមមាន Gareth Bale, Mariano Diaz, Toni Kross, Marco Asensio ជាដើម។ សូមបញ្ជាក់ថា Real Madrid នឹងត្រូវមានការប្រកួតចំនួន ២នៅសប្តាហ៍នេះ ដោយត្រូវប្រកួតជើងទី ២ជាមួយ Leganes ក្នុងពានរង្វាន់ Copa Del Rey មុននឹងត្រូវធ្វើការងារធ្ងន់ដោយត្រូវប៉ះក្រុមលេខ ៣ Sevilla នៅថ្ងៃអាទិត្យសប្តាហ៍នេះផងដែរ៕

Real Madrid ប្រកួតជាមួយ Real Betis
Real Madrid ប្រកួតជាមួយ Real Betis

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]