ចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់ ដែលមានអាយុទើបតែ១៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារប្រតិកម្មធ្ងន់ធ្ងន់ដែលបណ្តាលមកពីការប្រើថ្នាំសន្លប់របស់គ្រូពេទ្យក្នុងអំឡុងពេលវះកាត់កែសម្ផស្សខ្ទង់ច្រមុះរបស់នាង។

ហេតុការណ៍ខាងលើនេះកើតឡើងក្នុងមន្ទីរពេទ្យកែសម្ពស្ស Li Mei Kang ដែលមានទីតាំងក្នុងខេត្ត Guizhou។ នេះយោងតាមសារព័ត៌មាន Shanghaiist ចេញផ្សាយក្នុងថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៩

ជនរងគ្រោះដែលបានស្លាប់ដោយសារប្រតិកម្មថ្នាំសន្លប់នេះមានឈ្មោះថា Xia Lisha។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ មករាកន្លងទៅនេះ នារីវ័យក្មេងឈ្មោះ Lisha និងម្តាយបាននាំគ្នាចូលទៅមន្ទីរពេទ្យកែសម្ផស្សខាងលើ ក្នុងគោលបំណងឲ្យពេទ្យវះកាត់កែខ្ទង់ច្រមុះ ដោយឲ្យអ្នកម្តាយទៅអង្គុយចាំនៅខាងក្រៅ។

ក្នុងអំឡុងពេលវះកាត់ Lisha បានប្រតិកម្មជាមួយនឹងថ្នាំសន្លប់ដែលគ្រូពេទ្យបានចាក់ចូលក្នុងស្បែកមុនពេលវះកាត់។ ភ្លាមនោះខ្លួនប្រាណទាំងមូលរបស់នាងចាប់ផ្តើមឡើងកម្តៅយ៉ាងខ្លាំង បេះដូងលោតញាប់ទៅៗ រីឯសាច់ដុំរបស់នាងក៏ចាប់ផ្តើមតឹងណែនមួយរំពេច។

នាង Xia Lisha

មិនទុកយូរ គ្រូពេទ្យកែសម្ពស្សក៏បានបញ្ជូននាងទៅមន្ទីរពេទ្យមួយផ្សេងទៀតដែលមានទីតាំងនៅក្បែរនោះ។ ប៉ុន្តែជាអកុសល Lisha បានស្លាប់បាត់ទៅហើយ។

អ្នកស្រី Wang ដែលជាម្តាយ Lisha ក៏ជាអ្នកដែលជូនកូនស្រីមកមន្ទីរពេទ្យកែសម្ផស្ស បានអង្គុយបារម្ភពីកូនស្រីនៅបន្ទប់ទទួលភ្ញៀវខាងក្រៅតែម្នាក់ឯង។

អ្នកស្រីសន្មត់ថាជាទូទៅការវះកាត់នេះប្រើពេលមិនដល់២ម៉ោងផង។ អ្នកស្រី Wang ចេះតែអង្គុយចាំនៅទីនោះរហូតដល់ម៉ោង៥ល្ងាច ដោយមិនដឹងថាកូនស្រីគាត់ត្រូវបានគេផ្លាស់ប្តូរមន្ទីរពេទ្យឡើយ។ ជាចុងក្រោយទើបអ្នកស្រី Wang ដាច់ចិត្តសួរគ្រូពេទ្យ ទើបគេប្រាប់ថា កូនស្រីបង្កើតរបស់គាត់ត្រូវបានគេផ្លាស់ទៅមន្ទីរពេទ្យផ្សេងបាត់ហើយ។ 

មន្ទីរពេទ្យកែសម្ពស្ស Li Mei Kang

ពេលដែលអ្នកស្រីទៅដល់មន្ទីរពេទ្យថ្មីភ្លាម គ្រូពេទ្យនៅទីនោះបានប្រាប់អ្នកស្រីថា អ្នកនាង Lisha បានស្លាប់បាត់បង់ជិវីតដោយសារប្រតិកម្មថ្នាំសន្លប់យ៉ាងធ្ងន់ធ្ងរ។ រំពេចនោះអ្នកស្រី Wang បានអង្គុយទ្រហូរយំព្រោះអាណិតកូនដោយនិយាយពាក្យមួយឃ្លាថា “នាងគ្រាន់តែចង់ស្អាតប៉ុណ្ណោះ។ នាងមិនគួរស្លាប់ដោយបែបនេះទេ”។

អ្នកស្រីWang បន្តថា “កូនស្រីរបស់ខ្ញុំខិតខំរកការងារធ្វើក្រៅម៉ោង ក្នុងគោលបំណងសន្សំលុយមកបង្គ្រប់ថ្លៃវះកាត់ខ្ទង់ច្រមុះដែលមានតម្លៃ៣៩០០ដុល្លារនេះ"។  

ឥឡូវនេះអាជ្ញាធរចិនបាននិងកំពុងធ្វើការស៊ើបអង្កេតលើករណីខាងលើនេះ។ យ៉ាងណាមិញ នាព្រឹកថ្ងៃអង្គារ គ្រួសារជនរងគ្រោះ និងអ្នកតំណាងខាងមន្ទីរពេទ្យកែសម្ផស្ស Li Mei Kang បានមកចុះកិច្ចព្រមព្រៀងមួយជាមួយគ្នា។ តែភាគីទាំងសងខាងមិនបានបញ្ជាក់ឲ្យច្បាស់ពីអត្ថន័យក្នុងកិច្ចព្រមព្រៀងទេ។

ប៉ុន្តែបើតាមប្រភពសារព័ត៌មានដដែលបានបញ្ជាក់ថា គ្រួសារជនរងគ្រោះបានទទួលប្រាក់សងថ្លៃជំងឺចិត្តសរុប ១,៦លានយ័ន (ស្មើនឹង ២៤០,០០០ដុល្លារ) ពីខាងមន្ទីរពេទ្យកែសម្ផស្ស៕

នាង Xia Lisha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]