ភ្នំពេញ៖ ក្រុមហ៊ុនផលិតកម្មវិធីជជែកកម្សាន្ត Viber បានប្រកាសដាក់ឲ្យប្រើប្រាស់នូវមុខងារ “ការស្ទង់មតិ” “ការបោះឆ្នោតតាមលក្ខណៈមតិភាគច្រើន” នៅក្នុងការជជែកជាក្រុម និងជាសហគមន៍ ដល់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ដើម្បីជាការឆ្លើយតបទៅនឹងសំណូមពរជាច្រើនរបស់អ្នកប្រើប្រាស់កម្មវិធីដ៏ល្បីមួយនេះ។ នេះបើយោងតាមការចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់កម្មវិធីនេះ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

មុខងារថ្មីនេះ គឺជាឧបករណ៍ជំនួយមួយយ៉ាងសំខាន់ សម្រាប់ការជជែកពិភាក្សាជាក្រុម និងជាសហគមន៍ (ធំជាក្រុម) ដែលអាចឲ្យសមាជិកគ្រប់គ្នាស្ថិតនៅក្នុងប្រធានបទតែមួយ ដែលកំពុងតែពិភាក្សាគ្នាអាចបញ្ចេញមតិយោបល់ និងធ្វើការចូលរួមជ្រើសរើសនូវជម្រើសណាមួយ តាមរយៈការបោះឆ្នោតបែបមតិភាគច្រើន ដែលបង្កើតឡើងដោយប្រធានក្រុម ឬអនុប្រធានក្រុម។

Viber

អ្នកប្រើប្រាស់កម្មវិធី Viber បានលើកឡើងថា ជួនកាលនៅពេលជជែកជាក្រុម ពួកគេតែងតែចង់ដឹងពីការយល់ឃើញរបស់សមាជិកក្រុមអំពីប្រធានបទណាមួយ ដោយមិនចង់ឲ្យបាត់បង់គោលបំណងនៃចម្លើយ ការបញ្ចេញយោបល់ និងការជ្រើសរើសពីសមាជិកម្នាក់ៗនៅក្នុងក្រុមនោះឡើយ។

ពួកគេបានបន្តទៀតថា បើជជែកនៅក្នុងសហគមន៍វិញបញ្ហានេះកាន់តែធំ ពីព្រោះដោយសារមានសមាជិករាប់ម៉ឺន ឬដក់ទៅរាប់សែននាក់។ សមាជិកទាំងអស់សុទ្ធតែចង់បញ្ចេញយោបល់ ហើយយោបល់របស់ពួកគេអាចត្រូវបាត់បង់ ឬបើចង់ស្វែងរកឡើងវិញក៏ដូចជាធ្វើការឆ្លើយតបទៅវិញ ហាក់ដូចជារាវម្ជុលនៅក្នុងបាតសមុទ្រ។

ប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះវាជារឿងងាយស្រួលបំផុត ដោយគ្រាន់តែបង្កើតការស្ទង់មតិ នៅក្នុងការជជែករបស់អ្នកវាជាការស្រេច។ នេះបើការបញ្ជាក់របស់ ក្រុមហ៊ុនផលិតកម្មវិធីជជែកកម្សាន្ត Viber។

តើអ្នកបង្កើតការស្ទង់មតិ បានយ៉ាងដូចម្តេចនៅក្នុងកម្មវិធី Viber?

គឺចុចរូបតំណាង “ការស្ទង់មតិ” នៅក្នុងម៉ឺនុយជជែកកំសាន្ត រួចវាយសំណួរសម្រាប់ស្ទង់មតិរបស់អ្នក ហើយបង្កើតតារាងជ្រើសរើស ដែលអាចបង្កើតជម្រើសបានរហូតដល់ ១០ ជម្រើស។

សមាជិកក្រុមអាចធ្វើការបោះឆ្នោតជ្រើសរើសនូវជម្រើស ដែលពួកគេពេញចិត្ត ដោយចុចប៊ូតុង “បេះដូង” នៅជាប់នឹងជម្រើស ដែលស្ថិតនៅក្នុងតារាងជ្រើសរើស។

សមាជិកក្រុមអ្នកអាចមើលលទ្ធផល នៃកាជ្រើសរើសដោយផ្ទាល់ ឲរាល់ពេលមានអ្នកណាម្នាក់ចុចលើជម្រើសដែលពួកគេពេញចិត្ត។

ការស្ទង់មតិ ឬការបោះឆ្នោតជ្រើសរើសនេះ គឺគ្រាន់តែសម្រាប់ការកម្សាន្តនឹងត្រូវបានប្រើប្រាស់ក្នុងការសម្រេចចិត្តទៅលើប្រធានបទណាមួយ ដែលបានធ្វើការពិភាក្សាគ្នា ឬមួយក៏ប្រើសម្រាប់ជាការជ្រើសរើស ការធ្វើអំណោយដល់មិត្តភក្តិក៏ដូចជាការសម្រាប់កំណត់យកជម្រើសក្នុងការដើរលេងនៅពេលយប់ ឬច្រើនជាងនេះទៅតាមចំណូលចិត្តប៉ុណ្ណោះ។

បន្ថែមពីលើនេះការស្ទង់មតិ ឬការបោះឆ្នោតនេះ គឺជាវិធីដ៏ល្អមួយ ដើម្បីឱ្យសមាជិកក្រុម ឬសហគមន៍អាចចូលរួមក្នុងការពិភាក្សា ដោយអនុញ្ញាតឱ្យពួកគេអាចបញ្ចេញមតិ និងលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើនមកចូលរួមក្នុងក្រុម ឬសហគមន៍ កាន់តែញឹកញាប់ ព្រោះសម្លេងរបស់ពួកគេត្រូវបានគេឮ ឬបានចូលជាផ្នែកមួយនៃការសម្រេចចិត្ត។

អ្នកអាចបង្កើត “ការស្ទង់មតិ” ជាមួយនឹងសំណួរ ដែលអ្នកចង់ដឹងសម្រាប់សួរទៅសមាជិកក្រុម ឬសហគមន៍នូវអ្វីដែលអ្នកចង់ដឹង។ បើអ្នកចង់ដឹងថា តើសមាជិកនៅក្នុងសហគមន៍ចង់បានអ្វី? បង្កើត “ការស្ទង់មតិ” នោះវានឹងអាចឆ្លើយប្រាប់អ្នកបាន។

ចំពោះឯកជនភាពវិញ កម្មវិធី Viber តែងតែយកចិត្តទុកដាក់មុនគេ ដូច្នេះការជ្រើសរើសរបស់សមាជិកក្រុម ឬសហគមន៍ គឺមានលក្ខណៈអនាមិក។ អ្វីដែលសមាជិកក្រុម ឬសហគមន៍បានជ្រើសរើសនូវជម្រើសរបស់ពួកគេពេញចិត្ត គឺមិនត្រូវបានបង្ហាញនោះទេ។ ប្រធានគ្រប់គ្រង និងអនុប្រធានគ្រប់គ្រង ក្រុម ឬសហគមន៍ អាចមើលឃើញតែពីលទ្ធផលជ្រើសរើសតែប៉ុណ្ណោះ ហើយក៏មិនខុពីសមាជិកក្រុម ឬសហគមន៍ធម្មតាដែរ គឺមិនអាចដឹងថា តើនរណាបានជ្រើសរើសយកនូវជម្រើសអ្វីនោះទេ។

ដូច្នេះការបន្ថែមការស្ទង់មតិ ឬការបោះឆ្នោតទៅក្នុងការជជែកជាក្រុម ឬសហគមន៍ រួចឲ្យសមាជិកក្នុងក្រុម ឬសហគមន៍ចូលរួម គឺជាការសន្ទនាតាមរបៀបថ្មី៕ 

Viber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]