អង់គ្លេស៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើង West Ham ១ទល់នឹង០ កាលពីជំនួបថ្ងៃសៅរ៍ គ្រូបង្វឹករបស់ Arsenal លោក Unai Emery ជឿថា បរាជ័យនេះកាន់តែរុញច្រាន Arsenal ឱ្យឃ្លាតឆ្ងាយពី Top 4 ដែលជាបេក្ខភាព UEFA Champions League ទៅហើយ។ លោកក៏បានទទួលស្គាល់ទៀតថា Arsenal ពិតជាមានការពិបាកប្រជែងយកកៅអី Champions League រដូវកាលនេះពិតមែន។

ក្រោយពីត្រូវបរាជ័យក្នុងការប្រកួតនេះ Arsenal អាចរកបានត្រឹមបួនពិន្ទុប៉ុណ្ណោះ ក្នុងចំណោមបួនប្រកួតចុងក្រោយ ខណៈតោខៀវ Chelsea ដែលជាក្រុមគូប្រជែងក្នុងទីក្រុងឡុងដ៍ដូចគ្នាវិញ បានបន្តស្ថិតក្នុងតំបន់ Top 4 ដែលមាន ៦ពិន្ទុដាច់ពី Arsenal ដែលស្ថិតនៅលេខ ៥។ អ្វីដែលជារឿងកាន់តែព្រួយបារម្ភសម្រាប់ Arsenal បន្ថែមទៀតនោះគឺ ការបង្ហាញខ្លួនយ៉ាងល្អរបស់ Manchester United ក្រោយពីឈ្នះ ៦ប្រកួតជាប់គ្នាៗ ហើយមាន ៤១ពិន្ទុស្មើនឹង Arsenal ដូចគ្នា។

មុនជំនួបជាមួយ Chelsea នៅចុងសប្តាហ៍នេះ Unai Emery បាននិយាយថា៖ “ វាមានការលំបាកច្រើន ហើយច្បាស់ណាស់ថាពួកយើងត្រូវការជ័យជម្នះ, រឿងដែលសំខាន់បំផុតសម្រាប់យើងពេលនេះ គឺព្យាយាមស្តារស្ថានភាពក្រុមឡើងមកវិញ និងធ្វើឱ្យបានល្អចំពោះការប្រកួតខាងមុខជាបន្តបន្ទាប់។” 

លោកបានបន្ថែមទៀតថា៖ "លទ្ធផលពេលនេះ វាពិតជាកំពុងដុនដាប។ ពួកយើងកំពុងព្យាយាមផ្តោមអារម្មណ៍បន្ថែមទៀតមុនប្រកួតជាមួយ Chelsea នៅថ្ងៃសៅរ៍ ដែលជាឱកាសបន្ថយមកត្រឹមគម្លាតបីពិន្ទុពីពួកគេ"។

គួរបញ្ជាក់ថា កាលពីជំនួបជាមួយ West Ham លោក Unai Emery មិនបានដាក់ឈ្មោះ Mesut Ozil ក្នុងការរួមដំណើរជាមួយក្រុមឡើយ។ លោក Emery បានបញ្ជាក់ពីបញ្ហានេះថា៖ “សម្រាប់ខ្ញុំ Ozil ដូចគ្នាទៅនឹងកីឡាករផ្សេងទៀតដែរ ហើយនេះជាសិទ្ធិសម្រេចចិត្តរបស់ខ្ញុំថា អ្នកណាត្រូវទៅ និងអ្នកណាមិនត្រូវទៅ?” 

Emery បាននិយាយទៀតថា៖ “ពេលខ្លះគេអាចជួយក្រុមបានច្រើន ប៉ុន្តែពេលខ្លះទៀតមិនអាចធ្វើអ្វីបានសោះ, ខ្ញុំមិនដឹងថាមកពីរបួស ឬក៏ការប្រកួតនោះមិនសមជាមួយគេ (Ozil)..ប៉ុន្តែគេជាកីឡាករដ៏ល្អម្នាក់”។ 

គួររម្លឹកថា Arsenal បានខកខានក្នុងការចូលរួមក្របខណ្ឌ UCL ២រដូវកាលមកហើយ រាប់ចាប់ពី Champions League ២០១៦/១៧ និង ២០១៧/១៨៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]