ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពីនគរបាល​ក្រុង​កំពត​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ក្រុង​កំពត សហការ​ជាមួយ​នគរបាល​ស្រុក​ឈូក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ខ្មែរ ​និង​ចិន​សរុប​៤​នាក់ ព្រមទាំង​រថយន្ត​វី​ហ្គោ​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែមករា នៅ​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ដែល​បាន​បើករថយន្ត​កៀរ​កម្លាំង​សមត្ថកិច្ច​កំពុងបំពេញភារកិច្ច​ល្បាត​ការពារ​សន្តិសុខ នៅ​ផ្លូវ

ជាតិ​លេខ​៣ ចំណុច​ក្បាល​ស្ពានថ្ម​ព្រែក​កំពង់បាយ ប៉ែក​ខាងលិច ស្ថិត​ក្នុងភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

ដោយសារ​ពួក​គេ​បើករថយន្ត​រត់គេច​ខ្លួន​សំដៅ​ទៅ​ស្រុក​ឈូក ក៏​ត្រូវ​នគរបាល​ស្រុក​ឈូក ​សហការ​ដាក់​បា​រា​៉​ស់​ឃាត់​រថយន្ត​បាន ព្រមទាំង​អ្នក​ជិះ​ក្នុង​រថយន្ត​ទាំង​៤​នាក់ នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​ដើម្បីសាកសួរ ។

លោក​វរសេនីយ៍ទោ ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពតបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ចំនួន​១៤​នាក់ ដឹកនាំ​បញ្ជា​ដោយ​រូប​លោក​ផ្ទាល់ បាន​ចេញ​ល្បាត​ការពារ​សន្តិសុខ​នៅ​ចំណុច​ខាងលើ ហើយ​ប្រទះ​ឃើញ​រថយន្ត​ម៉ា​កវី​ហ្គោ​មួយ​គ្រឿង បើក​ចេញពី​ហាង​ខារ៉ាអូខេ​សំរឹទ្ធិ​មាស​ហៅ​ឌឹ​មូ​ន បើក​រេ​ពេញ​ផ្លូវ​រក​កៀរ​ម៉ូតូ​របស់​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​បំពេញភារកិច្ច​ល្បាត​ការពារ​សន្តិសុខ​នៅ​លើ​ដងផ្លូវ ។

ពេល​នោះ សមត្ថកិច្ច​ក៏​ឃាត់រថយន្ត ប៉ុន្តែ​នៅ​ពេល​សមត្ថកិច្ច​ឃាត់​ ស្រាប់តែ​អ្នក​បើករថយន្ត​បាន​បើក​រក​បុក​សមត្ថកិច្ច​ដែល​កំពុង​កាក់​ឲ្យ​ឈប់​នោះ ។ លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​រថយន្ត​មិន​ព្រម​ឈប់ កម្លាំង​ល្បាត​បាន​សុំ​កម្លាំង​រថយន្ត​របស់​អធិការដ្ឋាន​ក្រុង​ឲ្យ​ជួយ​អន្តរាគមន៍ ។ ពេល​ឃើញ​រថយន្ត​របស់​សមត្ថកិច្ច រថយន្ត​វី​ហ្គោនេះ​ក៏​បាន​បើក​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​៣​សំដៅ​ទៅ​ស្រុក​ឈូក ពេល​នោះ​សមត្ថកិច្ច​បាន​យក​រថយន្ត​របស់​អធិការដ្ឋាន​ក្រុង​កំពត​២​គ្រឿង​ដេញ​តាម ព្រមទាំង​ម៉ូតូ​៤​ទៅ​៥​គ្រឿង​ទៀត។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​រថយន្ត​និង​ម៉ូតូ​របស់​នគរបាល​ក្រុង​កំពត តាម​ប្រមាញ់​រថយន្ត​បង្ក​នោះ ដោយសារ​ផ្លូវជាតិ​លេខ​៣​កំពុង​ធ្វើការ​ឈូស​ឆាយ​ថ្មី​ៗ​នៅ​តាម​ចំណុច​ការដ្ឋាន​លើ​ផ្លូវ ហើយ​ធូលី​ហុយ​ខ្លាំង​ផង​នោះ ធ្វើ​ឲ្យ​ម៉ូតូ​សមត្ថកិច្ច​២​គ្រឿង​ធ្លាក់​ជង្ហុក​ដួល បណ្តាល​ឲ្យ​មន្ត្រី​សមត្ថកិច្ច​២​នាក់​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម​ភ្លាម​ៗ ។

ទីបំផុត​រថយន្ត​វី​ហ្គោ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់បាន រួម​ជាមួយ​ជន​ទាំង​៤​នាក់​ដែល​ជិះ​ក្នុង​នោះ​រួម​មាន ៖

១-​ឈ្មោះ សួរ ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម

២-​ឈ្មោះ រឿ​ន សីហា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងស្រុក​ព្រៃឈរ

៣-​ឈ្មោះ ស្រ៊ា​ង បូ​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ល្ពៀ​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ជា​អ្នក​បើករថយន្ត​រក​បុក​និង​កៀរ​សមត្ថកិច្ច និង៤- ឈ្មោះ Pi Xian Xiu ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិ​ចិន ស្នាក់​នៅ​ភ្នំពេញ ជា​អ្នក​បើករថយន្ត​រត់គេច ។ ជន​ទាំង​៤​នាក់​ជា​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិ​ក ។

ចំណែក​មន្ត្រី​នគរបាល​ក្រុង​កំពត​ដែល​រង​របួស ១-​ឈ្មោះ សយ សំបូរ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ២-​ឈ្មោះ អ៊ុ​ក សុ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ និង​៣-​ឈ្មោះ កែវ វឌ្ឍនៈ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​៣​នាក់ គឺ​២​នាក់​ដែល​របួសធ្ងន់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​វៀតណាម ។ ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល new[email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]