អាល្លឺម៉ង់៖ កីឡាករ Thomas Muller របស់ Bayern Munich ត្រូវទទួលការពិន័យពីសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ហាមមិនឱ្យចូលរួមប្រកួតទល់នឹង Liverpool ទាំង ២ជើង។

ការពិន័យនេះមានន័យថា Bayern Munich ត្រូវត្រៀមកម្លាំងផ្សេងម្នាក់ទៀត ជំនួស Thomas Muller ដែលជាបញ្ហាគួរឱ្យបារម្ភមួយសម្រាប់លោក Niko Kovac។

កីឡាករ Thomas Muller (25)

គួរឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង កាលពីការប្រកួតរវាង Bayern Munich ទល់នឹង Ajax នៅឯកីឡដ្ឋាន Johan Cruijff ArenA។ Thomas Muller បានលើកជើងខ្ពស់ទៅយកបាល់ ហើយក៏ត្រូវចំកីឡាករ Nicolas Tagliafico ដែលជាខ្សែការពាររបស់ Ajax។

ភ្លាមៗនោះដែរ អាជ្ញាកណ្តាលបានឱ្យកាតក្រហមទៅកាន់ Thomas Muller និងបញ្ឈប់មិនឱ្យប្រកួតភ្លាមៗតែម្តង។ កីឡាករ Tagliafico បានបន្តការប្រកួតធម្មតា តែបន្តិចក្រោយមកក៏ត្រូវប្តូរចេញដើម្បីពិនិត្យទៅលើការប៉ះទង្គិចនេះ។

ដោយឡែក សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ក៏បានចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងករណីនេះចំនួន ២ចំណុច។ ទី១៖ ពិន័យក្លិបបាល់ទាត់ Bayern Munich ជាប្រាក់ ៨,០០០អឺរ៉ូ និងទី២៖ ផ្អាកកីឡាករ Thomas Muller មិនអោយចូលរួមប្រកួតប្រជែងក្នុងក្របខណ្ឌ UEFA នៅ ២ ប្រកួតបន្ទាប់។ 

Thomas Muller ហក់ធាក់ Tagliafico

គួរបញ្ជាក់ថា Bayern Munich នឹងត្រូវជួបជាមួយហង្សក្រហម Liverpool នៅវគ្គ ១៦ក្រុមចុងក្រោយ ក្នុងក្របខណ្ឌ UEFA Champions League។ ការប្រកួតជើងទី១ Bayern Munich នឹងត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Liverpool នៅកីឡដ្ឋាន Anfield នាថ្ងៃទី ១៩កុម្ភៈ មុននឹងត្រៀមខ្លួនស្វាគមន៍ក្រុមភ្ញៀវនៅជើងទី២ ថ្ងៃទី១៣ មីនា វិញម្ដង៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Thomas Muller សុំទោសក្រោយការប៉ះទង្គិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]