(បន្ទាយមានជ័យ)៖ ​អាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ បានបញ្ជូនជនជាតិចិន ចំនួន២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីបង្ក្រាបបាន​នៅក្នុងករណីហិង្សាគំរាមថា សម្លាប់ទៅជនរងគ្រោះដែលជាជនជាតិចិន ជាថ្នូរនឹងទេកប្រាក់ចំនួន១លានដុល្លារអាមេរិក។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមករានេះថា ដោយយោងពាក្យបណ្តឹងរបស់ ជនរងគ្រោះចំនួន៣នាក់ ទី១៖ ឈ្មោះ Zhao Xiang ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន, ឈ្មោះ Feng Yum Peng ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន, ឈ្មោះ Hoi Kue ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន អ្នកទាំងបី រស់នៅបណ្តោះអាសន្ននៅកស៊ីណូ បូរីសានស៊ានហូ ភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការ អនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត។

លោករសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ប្រតិបត្តិការបង្រ្កាបជនជាតិចិន ទាំង២នាក់ខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ វេលាម៉ោង១១៖០០នាទី នៅចំណុចកាស៊ីណូ បូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយជនសង្ស័យទាំង២នាក់ បានប្រើអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជំរិតទារប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ។

លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ រួមមានទី១៖ ឈ្មោះ Li Ming ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន និងទី២៖ ឈ្មោះ Peng ShuzHou ភេទប្រុស អាយុ៣០ឆ្នាំ ជនសង្ស័យទាំង ០២នាក់ខាងលើ រស់នៅបណ្តោះអាសន្នក្នុងកាស៊ីណូ បូរីសានស៊ានហូ ស្ថិតក្នុងភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ខាងលើ បានចូលមកដល់ក្នុងកាស៊ីណូ ហើយវាយទៅលើជនជាតិចិន ដូចគ្នាបណ្តាលឱ្យឈ្មោះ Hoi kue រងរបួសជាទម្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ និងជនរងគ្រោះ០២នាក់ទៀត រងរបួសស្រាល និងបានចាប់ថៅកែក្រៀកចូលឡាន ហើយគម្រាមថា ឱ្យយកប្រាក់ចំនួន១.០០០.០០០ដុល្លារ មកលោះថៅកែទៅវិញ បើមិនយកប្រាក់មកលោះទេគេ​នឹងសម្លាប់ថៅកែចោល ពេលនោះជនរងគ្រោះ០២នាក់ដែលរងរបួសស្រាល បានបើករថយន្តដេញតាមរថយន្តជនសង្ស័យ ដើម្បីរំដោះថៅកែខ្លួនវិញ ពេលឃើញក្រុមខ្លួនដេញតាមជួយថៅកែ បានលោតចេញពីរថយន្ត របស់ក្រុមជនសង្ស័យ ហើយឡើងរថយន្តរបស់ក្រុមជនរងគ្រោះដែលដេញតាមជួយ ជិះត្រឡប់មកកាស៊ីណូវិញ ចំណែកក្រុមជនសង្ស័យ បានជិះរថយន្តគេចខ្លួនតាមផ្លូវជាតិលេខ៥ មិនដឹងទៅដល់ទីណានោះទេ។

ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ជនសង្ស័យខាងលើ ពិតជាបានចូលរួមក្នុងបទល្មើស ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងជំរិតទារប្រាក់ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ប្រភព : Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]