ចិន៖ សួនសត្វនៅចិនមួយកន្លែង ត្រូវបានរងការចោទប្រកាន់ពីភ្ញៀវទេសចរម្នាក់ ក្រោយបានប្រទះឃើញសត្វខ្លា.សបេងហ្គាល់មួយក្បាល (Bengal Tiger) ស្រេកឃ្លានខ្លាំង រហូតបង្ខំចិត្តស៊ីដីជាអាហារ។

បើយោងតាមប្រភព ភ្ញៀវទេសចរខាងលើនេះ មានឈ្មោះថា លោក Wang បាននិយាយរៀបរាប់ថា លោកមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលបានប្រទះឃើញសភាព ខ្លា.សបេងហ្គាល់មួយក្បាលនេះ ក្នុងសួនសត្វ Wuhan Zoo ភាគកណ្តាល ប្រទេសចិន ជាមួយនឹងរូបរាងដ៏ស្គមស្គាំង។

លោកថា នៅទីនោះពុំឃើញមានចំណី ឬអាហារណាមួយនៅលើដីនោះទេ ប៉ុន្តែសត្វខ្លាកំសត់ខាងលើនេះ បែរជាអោនលិឍ និងទំពាស៊ីដីទៅវិញ ហើយខាងសួនសត្វក៏បែរជាអះអាងថា ខ្លានេះមានសុខភាពល្អជាធម្មតានោះទេ។

សត្វខ្លា.សបេងហ្គាល់

ដោយសារតែបែបនេះ លោក Wang ក៏បានថតជាវីដេអូនៃសកម្មភាពរបស់ខ្លា.ស ដែលកំពុងតែស៊ីដីក្នុងរបងទ្រុងនោះ យកទៅបង្ហោះចែកចាយនៅលើបណ្តាញសង្គមចិនតែម្តង។ ក្រោយមកដំណឹងនេះ ក៏បានទៅដល់អាជ្ញាធរក្នុងតំបន់ នាទីក្រុង Wuhan និងបានចុះមកធ្វើការពិនិត្យមើល ជុំវិញនឹងករណីដែលកំពុងតែសុះសាយមួយនេះផងដែរ។

ខាងសួនសត្វនៅតែបន្តឆ្លើយតប និងអះអាងថា ខ្លា.សបេងហ្គាល់នេះ គឺវាពិតជាមានសុខភាពល្អធម្មតា ហើយនៅពេលនោះ វាគ្រាន់តែអោនស៊ីកំទេចអាហារដែលជ្រុះធ្លាក់នៅលើដីតែប៉ុណ្ណោះ ពោលគឺវាមិនមែនស៊ីដី ដូចការលើកឡើងរបស់លោក Wang នោះឡើយ។ ម្យ៉ាងមុនពេលនោះ ពួកគេក៏ទើបតែបានដាក់ចំណីមាន់មួយក្បាលឲ្យវាស៊ីផងដែរ។

ខាងសួនសត្វខាងលើនេះ បានបន្ថែមទៀតថា ខ្លា.សបេងហ្គាល់ដែលចិញ្ចឹមក្នុងសួននេះ មានអាយុ ៧ឆ្នាំ និងមានទម្ងន់ ១២០គីឡូក្រាម។ វាជាខ្លាដែលមានសុខភាពល្អ និងស៊ីចំណីយ៉ាងត្រឹមត្រូវបំផុត។

ប៉ុន្តែយ៉ាងណាមិញ បើយោងតាមអង្គការ WWF សត្វខ្លាបេងហ្គាល់វ័យជំទង់ជាមធ្យមមានទម្ងន់ ៥៥០ផោន ឬ២៥០គីឡូក្រាម។

សត្វខ្លា.សបេងហ្គាល់

ស្របពេលដែលអ្នកនាំពាក្យខាងសួនសត្វ បែរជាបានលើកឡើងវិញថា ពួកគេមានអាហារគ្រប់គ្រាន់សម្រាប់ផ្តល់ឲ្យសត្វខ្លាស៊ី ប៉ុន្តែខ្លាក៏មិនអាចត្រូវស៊ីច្រើនពេកនោះដែរ ព្រោះថាប្រសិនណាបើវាស៊ីច្រើន វានឹងធាត់ខ្លាំង ឬជាតិខ្លាញ់លើសលប់ ដែលបណ្តាលឲ្យវាឈឺបាន មិនខុសពីមនុស្សយើងនោះទេ កាន់តែធាត់ខ្លាំង គឺកាន់តែឈឺ។

គួរឲ្យដឹងផងដែរថា សត្វខ្លា.សបេងហ្គាល់ ត្រូវបានគេចាត់ទុកថា ជាសត្វព្រៃដ៏កម្រ និងត្រូវបានចុះបញ្ជីជា “សត្វជិតផុតពូជ” ដោយអង្គការ WWF (World Wide Fund for Nature ឬអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ) ផងដែរ។

ជុំវិញនឹងករណីខាងលើនេះ ប្រភពពុំបានទម្លាយឲ្យដឹងទេថា នឹងមានការស៊ើបសួរបន្ត ឬយ៉ាងណានោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]