អេស្ប៉ាញ៖ ក្លិបបាល់ទាត់បាសេឡូណា ទំនងជាអាចលក់ Philippe Coutinho ចេញ អំឡុងពេលទីផ្សារដោះដូរកីឡាករនាខែមករានេះ ដើម្បីពិចារណាលទ្ធភាពក្នុងការនាំយក Neymar Jr ត្រលប់មកវិញ។ បច្ចុប្បន្ននេះ Coutinho កំពុងប្រកបអាជីពនៅ Barcelona បន្ទាប់ពីរូបគេបានផ្លាស់ពី Liverpool ចេញក្នុងតម្លៃ ១៤០លានអឺរ៉ូ។

កីឡាករ Philippe Coutinho

ប៉ុន្តែជារឿងមួយដែលពិបាកសម្រាប់ Coutinho នារដូវកាលទី២ ជាមួយ Barcelona បន្ទាប់ពីកីឡាកររូបនេះ ពុំសូវបានស្ថិតក្នុងជម្រើស ១១នាក់ដំបូងរបស់ក្លិបឡើយ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះបានធ្វើការផ្ទេរមកកាន់ Barcelona ក្នុងការរំពឹងទុកជាអ្នកជំនួសកន្លែងរបស់ Neymar ដែលបានចាកចេញទៅ Paris Saint-Germain។ បើយោងតាមសារព័ត៌មានអង់គ្លេស Evening Standard ក្លិប Barcelona កំពុងតែមានបំណងនាំយក Neymar មកកាន់ Camp Nou វិញហើយក៏បានពិចារណាក្នុងការលក់ Coutinho ចេញដូចគ្នា។

កីឡាករ Philippe Coutinho

Philippe Coutinho បានបង្ហាញទម្រង់ជាខ្សែការពារបានយ៉ាងល្អឥតខ្ចោះ កាលដែលរូបគេប្រកបអាជីពនៅ Liverpool។ ប៉ុន្តែសម្រាប់គ្រូបង្វឹក Valverde ហាក់ដូចជាមិនទុកចិត្តរូបគេ និងបានដាក់អោយស្ថិតនៅតំបន់ស្លាបទៅវិញ។ បើយោងតាមមូលហេតុនេះក៏អាចនិយាយបានថាជាហេតុផលដែល Coutinho ពិបាកក្នុងការបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង។

កីឡាករ Philippe Coutinho​ នៅកៅអីបម្រុង

ដោយឡែកសម្រាប់កីឡាករ Lionel Messi វិញក៏ធ្លាប់និយាយពាក់ព័ន្ធនឹងការត្រលប់មកវិញរបស់ Neymar ដែរថា៖ “ពួកយើងពេញចិត្តបើសិនជាគេអាចត្រលប់មកវិញ, សម្រាប់រូបគេមិនថាជា Neymar លើទីលាន ឬក្រៅទីលាននោះទេ ពួកយើងបានរាប់អានគ្នាជាមិត្តភក្តិហើយមានរឿងរ៉ាវល្អៗជាមួយគ្នាជាច្រើន”។ 

គួរបញ្ជាក់ថា កីឡាករ Neymar Jr ដែលកំពុងប្រកបអាជីពនៅ PSG បានក្លាយជាគោលដៅយ៉ាងសំខាន់សម្រាប់ក្លិបយក្សនៅអេស្ប៉ាញទាំង ២ គឺ Barcelona និង Real Madrid៕

កីឡាករ Lionel Messi និង Neymar Jr.

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]