ជាការពិតមួយក្នុងជីវិតយើងម្នាក់ៗធ្លាប់បានឆ្លងកាត់បទពិសោធន៍នៃការខ្វះខាតលុយកាក់។ ដឹងហើយថាពេលគ្មានលុយពិបាក កុំថាឡើយមិនអាចធ្វើអ្វីដែលខ្លួនចង់ សូម្បីញាតិសន្ដាន មិត្តភក្តិ ឬបងប្អូន ក៏គ្មានអ្នកណាចង់រាប់រកក្បែរប៉ុន្មានដែរ។

យើងអត់ យើងក្រ គេមិនចង់ស្គាល់ទេ គេរើសអើងណាស់ គេមើលងាយណាស់ ដូច្នេះហើយទើបត្រូវខំធ្វើការរកលុយឱ្យបានច្រើន កុំឱ្យអ្នកណាមើលងាយទៀត។

ប៉ុន្តែពេលដែលត្រូវចំណាយពេលខំធ្វើការ ខំរកលុយ វាក៏ចាប់ផ្ដើមគ្មានក្ដីសុខ បាត់បង់ភាពកក់ក្ដៅ ត្រូវរស់នៅឆ្ងាយពីគ្រួសារ និងមនុស្សជាទីស្រឡាញ់រហូតដល់មានលុយ មានអ្វីគ្រប់យ៉ាងដែលចង់បាន តែបែរជាគ្មានពេលវេលាជួបជុំ សប្បាយរីករាយជាមួយក្រុមគ្រួសារ? តើមានលុយមានប្រយោជន៍អ្វី? ចុះក្រែងថាមានលុយនឹងមានអ្វីៗគ្រប់យ៉ាងនោះ?  តើគ្រប់យ៉ាងទាំងនោះ នៅឯណា?  ពេលវេលាផ្ទាល់ខ្លួន ពេលវេលាសម្រាប់ក្រុមគ្រួសារ  ពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់?  ពេលវេលាដែលត្រូវមានក្ដីសុខសុភមង្គល  ភាពកក់ក្ដៅ  ស្នាមញញឹម  និងសំឡេងសើចក្អាកក្អាយ?  លុយអាចចាយបានតែជាមួយមនុស្សដែលឱ្យតម្លៃលុយជាធំ យើងអាចចុះចំណោមគេពេលយើងមានលុយ តែវាមិនអាចឱ្យយើងមានក្ដីសុខពិត និងមិត្តភាពពិតប្រាកដឡើយ។

រូបភាពតំណាង

- លុយអាចឱ្យសាច់ញាតិបងប្អូនយើង ស្គាល់រាប់អានយើង តែវាក៏អាចធ្វើឱ្យយើងបាត់បង់ក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់បានដែរ។
- លុយអាចឱ្យអ្នកដទៃ គោរពកោតខ្លាចយើង តែវាក៏អាចធ្វើឱ្យគេឯងច្រណែន ខឹងស្អប់នឹងយើងបានដែរ។
- លុយអាចឱ្យយើងមានមុខមានមាត់ តែវាក៏អាចឱ្យយើងអាប់ឱនបានដូចគ្នា។
- លុយអាចឱ្យយើងមានគ្រប់យ៉ាងច្រើន តែលុយក៏អាចឱ្យយើងបាត់បង់គ្រប់យ៉ាងបានដែរ។
- លុយអាចឱ្យយើងចាយពេលណាក៏បាន តែសំខាន់បើយើងខំរកលុយពេក យើងក៏គ្មានពេលចាយវាដែរ។

សូមចងចាំផងថា ក្ដីសុខពិត សុភមង្គលពិតក្នុងគ្រួសារ មិនត្រូវការលុយទេ គឺវាកើតឡើង ព្រោះយើងចេះចំណាយពេលវេលា និងបង្កើតក្ដីសុខឱ្យគ្នា។ កុំព្រោះតែលុយ ធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សឯកា ក្លាយជាមនុស្សលែងមានពេលវេលារីករាយសប្បាយ ជួបជុំក្រុមគ្រួសារបងប្អូន ជាពិសេសគឺអ្នកមានគុណ។

លុយអាចជាតម្រូវការសម្រាប់អ្នកអត់ តែមិនប្រាកដថាវាជាក្ដីសុខរបស់អ្នកមានឡើយ៕

រូបភាពតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]