ជំងឺទឹកនោមផ្អែមអាចបណ្តាលឲ្យការផ្សះនៃមុខរបួសមានល្បឿនយឺតខ្លាំងជាងធម្មតា។ នេះបង្កហានិភ័យនៃបញ្ហាជំងឺ បញ្ហាសុខភាពផ្សេងៗ រហូតដល់ត្រូវកាត់អវៈយវៈទៀតក៏មាន។

មិនថារលាកទឹក រលាត់ស្បែក ឬមុតរបួសតិចតួចក្តី អ្នកជំងឺទឹកនោមផ្អែម អាចងាយជួបវិបត្តិសុខភាពដោយសារល្បឿននៃការផ្សះមុខរបួសយឺត ដែលបង្កើតហានិភ័យនៃការឆ្លងមេរោគតាមមុខរបួស ហើយបង្កជាជំងឺផ្សេងៗទៀត។ ការរលាត់គ្រាំនៃជាលិកាខាងក្រោមស្បែក ឬនៅតាមសរីរាង្គ អាចបង្កផលលំបាកយ៉ាងធ្ងន់ធ្ងរពីព្រោះមិនត្រឹមនាំផលលំបាកដល់ការព្យាបាលដោយសារការមិនអាចកំណត់មូលហេតុនៃការឈឺចាប់បានត្រឹមត្រូវប៉ុណ្ណោះទេ លើសពីនេះថែមទាំងអាចប៉ះពាល់ទៅដល់ដំណើរការធម្មតានៃសរីរាង្គទៀតផង។ បើមិនធ្វើការព្យាបាលទាន់ពេលទេនោះ នឹងបង្កឲ្យមុខរបួសកាន់តែរីករាលដាលធ្ងន់ធ្ងរថែមទៀត។

កម្រិតជាតិស្ករខ្ពស់ក្នុងឈាម

ហេតុអ្វីកម្រិតជាតិស្ករខ្ពស់ខ្លាំងអាចប៉ះពាល់ទៅដល់ការផ្សះមុខរបួស?

ហេតុផលមួយគឺថាអ្នកជំងឺទឹកនោមផ្អែម មានបញ្ហាជាតិស្ករលើសកម្រិតធម្មតាយ៉ាងខ្លាំង ដែលមានលក្ខណៈរុំារ៉ៃ ហើយកម្រិតជាតិស្ករខាប់ក្នុងឈាមនៃអ្នកជំងឺនេះហើយ បានប៉ះពាល់ទៅដល់លំហូរនៃចរន្តឈាមក្នុងការដឹកនាំសារធាតុសំខាន់ៗសម្រាប់ការផ្សះមុខរបួសដូចជា Thrombin albumin និង Collagen ជាដើម។ ដោយគ្មានសារធាតុទាំងនេះគ្រប់គ្រាន់ វាបណ្តាលឲ្យមុខរបួសមិនអាចបង្កើតជាលិកាថ្មីដើម្បីផ្សះបានឡើយ។

កម្រិតជាតិស្ករខ្ពស់ខ្លាំងពេកអាចប៉ះពាល់ទៅដល់សរសៃប្រសាទនៅតាមសរីរាង្គកាយដែលប៉ះពាល់ទៅដល់ញ្ញាណរបស់យើងសម្រាប់ការឈឺចាប់ ដោយពុំសូវមានអារម្មណ៍ឈឺឡើយបើទោះបីជាមានមុខរបួសក្តី ទាំងក្នុងនិងក្រៅរាងកាយ។ នេះ បណ្តាលឲ្យស្នាមមុត ការរលាកជាដើម ធ្វើការវិវឌ្ឍធ្ងន់ធ្ងរទៅ។

កត្តាផ្សេងៗទៀតដែលការស្រាវជ្រាវមួយចំនួនទៀតបានសន្និដ្ឋាននោះមានដូចជា៖

ក. ការធ្លាក់ចុះនៃការផលិតអរម៉ូនទាក់ទងនឹងការលូតលាស់ និងការជួសជុល។

ខ. ការបង្កើតនិងការជួសជុលសរសៃឈាមមានការធ្លាក់ចុះ ប៉ះពាល់ដល់លំហូរនៃការដឹកនាំសារធាតុសំខាន់ៗសម្រាប់ការផ្សះមុខរបួសនៅទីតាំងផ្សេងៗនៃរាងកាយ។

គ. ការផលិតសារធាតុកូឡាសែន (Collagen) មានការធ្លាក់ចុះខ្លាំង៕

មុខរបួស ដែលមានងាយសះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]