ថ្លើមជាសរីរាង្គមួយដ៏សំខាន់ខ្លាំងដែលដើរតួនាទីក្នុងការកំចាត់ចោលអង់ទីសែនទាំងឡាយមានក្នុងចរន្តឈាមដូចជា ជាតិពុល មេរោគ សារធាតុអាល់កុលជាដើម។ ការបាត់បង់តួនាទីរបស់ថ្លើមក្នុងការលាងសម្អាតជាតិពុលពីរាងកាយ អាចប៉ះពាល់ទៅដល់ប្រព័ន្ធទាំងមូលក្នុងខ្លួន ដែលវាអាចបង្កជាជំងឺ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងៗទៀត។

ដូច្នេះការថែទាំសុខភាពថ្លើមរបស់លោកអ្នកជាប្រចាំ ពិតជារឿងមួយដ៏ចាំបាច់។ ក្រៅពីការហាត់ប្រាណឲ្យបានទៀងទាត់ ការបរិភោគអាហារត្រឹមត្រូវក៏បានចូលរួមចំណែកដល់ការថែទាំសុខភាពថ្លើមផងដែរ។

ខាងក្រោមជាភេសជ្ជៈ និងផ្លែឈើដែលលោកអ្នកមិនគួរមើលស្រាល៖

១. ទឹកដូង

ការសិក្សាមួយចំនួនទៅលើសត្វកណ្តុរនៅមន្ទីរពិសោធន៍បង្ហាញថា ទឹកដូងបានចូលរួមចំណែកកាត់បន្ថយសារធាតុកូលេស្តេរ៉ុល និងខ្លាញ់នៅក្នុងឈាម កាត់បន្ថយហានិភ័យនៃជំងឺថ្លើមដែលបង្កដោយខ្លាញ់។

សរីរាង្គថ្លើមយើងបង្កឡើងដោយខ្លាញ់ក្នុងបរិមាណមួយតិចខ្លាំងបំផុត ប្រហែលតិចជាង៥ភាគរយទៅទៀត បើមានបរិមាណច្រើន វាមិនត្រឹមបង្កជំងឺថ្លើមប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់សុខភាពនៃរាងកាយទាំងមូលទៀតផង។

ដូច្នេះបើការធ្វើតេស្តតាមរយៈ Ultrasound, CT Scan និង MRI ជាដើមបង្ហាញកម្រិតជាតិខ្លាញ់លើសពី៥% វាជាដំណាក់កាលដំបូងបង្អស់នៃជំងឺថ្លើម (Fatty liver disease)។

បើទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានផ្លែដូងជារៀងរាល់ថ្ងៃ មិនត្រឹមផ្តល់សារធាតុអេឡិចត្រូលីត សារធាតុសរសៃ និងវីតាមីនសំខាន់ៗមួយចំនួនប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការប្រមូលផ្តុំនៃជាតិខ្លាញ់និងកូលេស្តេរ៉ុលនៅតាមកោសិកាថ្លើមទៀតផង។

រូបតំណាង

២. ទឹក

ជាការពិតមិនអាចប្រកែកបាន ទឹកមិនត្រឹមជួយលាងសម្អាតសរីរាង្គ តម្រងនោមរបស់យើងនោះទេ ថែមទាំងជាកាតាលីករជំរុញដល់សរីរាង្គថ្លើមកំចាត់ចោលសារធាតុទាំងឡាយណាដែលអាចពុលនិងប៉ះពាល់ដល់កោសិកានៃរាងកាយយើង។

ការពិសាទឹកមិនត្រឹមជួយបំពេញតម្រូវការម៉ូលេគុលទឹក (H2O) ដែលកោសិកាយើងត្រូវការសម្រាប់មេកានិចជីវសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជួយពង្រាវ (ធ្វើឱ្យរាវ) កំហាប់នៃសារធាតុគីមីឬពុលទាំងឡាយណាដែលមានក្នុងចរន្តឈាមរបស់យើងទៀតផង។

ដូច្នេះការពិសាទឹកយ៉ាងតិចឲ្យបាន២ទៅ៣លីត្រក្នុងមួយថ្ងៃ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ដំណើរការនិងសុខភាពនៃថ្លើម។

រូបតំណាង

៣. ផ្លែឈើជូរៗ

អ្នកដឹងទេផ្លែឈើជូរៗដូចជា ផ្លែក្រូច ផ្លែម្នាស់ ក្រូចឆ្មារ ជាដើម ជាប្រភពដ៏សំបូរបែប នៃវីតាមីនសេ និងសារធាតុប្រឆាំងជាតិពុលមួយចំនួនដែលសារធាតុទាំងនេះដើរតួនាទីយ៉ាងសំខាន់ការពារកោសិកាថ្លើមពីពពួករ៉ាឌីកាល់សេរីទាំងឡាយ ដែលកោសិកាយើងផ្ទាល់ផលិតបាននិងអាចទទួលបានពីកត្តាខាងក្រៅ។

ការច្រោះនិងការពារពីសារធាតុពុលទាំងនេះជាកត្តាយ៉ាងសំខាន់កាត់បន្ថយនៃហានិភ័យពីជំងឺថ្លើមជាច្រើនប្រភេទ ដែលសុទ្ធសឹងបណ្តាលមកពីការរលាកនៃកោសិកាថ្លើមដូចជាជំងឺក្រិនថ្លើម និងជាពិសេសជំងឺមហារីកនេះឯង។

ដូច្នេះផ្លែឈើដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងជាតិពុលដូចបានរៀបរាប់ខាងលើមានដូចជា ផ្លែក្រូច ផ្លែម្នាស់ ផ្លែស្វាយ ក្រូចឆ្មារ ផ្លែប៉ោម ផ្លែទំពាំងបាយជូរ ជាដើម។

រូបតំណាង

៤. កាហ្វេ

ភេសជ្ជៈដែលមនុស្សគ្រប់រូបនិយមពិសាជារៀងរាល់ព្រឹក ដើម្បីតែអត្ថប្រយោជន៍នៃស្មារតី និងថាមពលខួរក្បាល បែរជាមានឥទ្ធិពលវិជ្ជមានបន្ថែមសម្រាប់សរីរាង្គថ្លើមទៀតផង។

យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនបានឲ្យដឹងថា ការពិសាកាហ្វេ ២ ទៅ ៣ កែវក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងថ្លើមមួយចំនួនរាប់តាំងពីជំងឺក្រិនថ្លើម ជំងឺមហារីកថ្លើម ជំងឺរលាកថ្លើម ជាដើម។

នេះដោយសារមូលហេតុមួយចំនួនដូចជា ឥទ្ធិពលរបស់កាហ្វេកាត់បន្ថយនៃការប្រមូលផ្តុំនៃពពួកខ្លាញ់ និងសារធាតុកូឡាសែននៅនឹងសរីរាង្គថ្លើមដែលជាកត្តាមួយបង្កជំងឺថ្លើមផងដែរ។ ហេតុផលផ្សេងទៀតគឺសារធាតុប្រឆាំងនឹងជាតិពុលពិសេស ទទួលបានពីការពិសាកាហ្វេ អាចប្រឆាំងនិងកាត់បន្ថយពពួកម៉ូលេគុលនៃរ៉ាឌីកាល់សេរី ដែលអាចទៅបំផ្លិចបំផ្លាញកោសិកាទាំងឡាយក្នុងខ្លួនយើង ជាពិសេសកោសិកាថ្លើមនេះឯងដែលតែងតែបំពេញតួនាទីបន្សាបនៃជាតិពុល។

ដូច្នេះកាហ្វេដែលលោកអ្នកចូលចិត្តពិសាជារៀងរាល់ថ្ងៃ មិនត្រឹមជួយបំប៉នដល់កម្លាំងនៃខួរក្បាលប៉ុណ្ណោះទេ វាថែមទាំងជំរុញសុខភាពនៃថ្លើម និងបង្ការពីជំងឺទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]