ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars ក្នុងឆ្នាំ 2018 បានលក់រថយន្តក្នុងចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល 115 ឆ្នាំរបស់ក្រុមហ៊ុន ដោយក្នុងនោះរថយន្តចំនួន 4,107 គ្រឿងត្រូវបានប្រគល់ទៅឲ្យអតិថិជននៅក្នុងបណ្ដាប្រទេសជាង 50 នៅទូទាំងពិភពលោក ហើយក្រុមហ៊ុននៅតែបន្តរួមចំណែកជាវិជ្ជមានដល់ភាគហ៊ុននិករបស់ខ្លួនគឺសម្ព័ន្ធក្រុមហ៊ុន BMW Group។ នៅក្នុងឆ្នាំ 2018 ដែលមានការសម្រេចបាននូវកំណត់ត្រាជាច្រើននោះ ក្រុមហ៊ុនប្រណីតជាងគេបំផុតរបស់ពិភពលោកនេះ ក៏មើលឃើញពីតម្រូវការឲ្យច្នៃរថយន្តបែប Bespoke ក្នុងចំនួនច្រើនពុំធ្លាប់មានពីមុនមកដែរ ហើយក្រុមហ៊ុនថែមទាំងបានចាប់ផ្ដើមបញ្ចេញលក់រថយន្ត Cullinan ដែលជាម៉ូដែលរថយន្ត SUV ថ្មីសន្លាងពី Rolls-Royce ដោយមានការកោតសរសើរជាអន្តរជាតិ។

ឆ្លើយតបទៅនឹងលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ 2018 លោក Torsten Müller-Ötvös នាយកប្រតិបត្តិក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានថ្លែងថា៖ 

«2018 ជាឆ្នាំបំបែកកំណត់ត្រា និងជោគជ័យបំផុតសម្រាប់រថយន្ត Rolls-Royce។ យើងបានមើលឃើញកំណើននៃការលក់នៅគ្រប់តំបន់ទាំងអស់ទូទាំងពិភពលោក។ នៅក្នុងក្រុមហ៊ុនរថយន្ត Rolls-Royce យើងពិតជាមានការផ្ដោតការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់លើគ្រប់អតិថិជនម្នាក់ៗ ហើយតម្រូវតាមការរំពឹងទុករបស់ពួកគាត់។ រោងចក្ររថយន្ត Rolls-Royce នៅទីក្រុង Goodwood ត្រូវបានទទួលស្គាល់ និងសាទរថាជា មជ្ឈមណ្ឌលសកលមួយសម្រាប់ភាពល្អឥតខ្ចោះផ្នែកផលិតកម្មទំនិញប្រណីត ។ នៅទីនោះ ក្រុមការងារជំនាញ និងមានចិត្តពុះពារ បានបង្កើតនូវផលិតផលជារថយន្តប្រណីតល្អបំផុត និងមានការនិយមចង់បានជាងគេបំផុតក្នុងពិភពលោក។ យើងបានបង្កើតកំណត់ត្រាយ៉ាងរឹងមាំនៅក្នុងឆ្នាំ 2018 ហើយខ្ញុំមានជំនឿចិត្តថា សមិទ្ធផលនេះនឹងជំរុញឲ្យមានជោគជ័យកាន់តែខ្លាំងថែមទៀតក្នុងឆ្នាំ 2019»។
រថយន្ត Rolls-Royce

កំណើននៃការលក់ទូទាំងពិភពលោក

ក្នុងឆ្នាំ 2018 ទ្វីបអាមេរិកនៅតែជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce។ ទន្ទឹមនឹងនេះការលក់ក៏បានកើនឡើងនៅគ្រប់តំបន់ទាំងអស់នៅក្នុងឆ្នាំ 2018 ដោយតម្រូវការពីអតិថិជនមានការកើនឡើងសម្រាប់រថយន្តគ្រប់ម៉ូដែល។ Phantom គឺជាម៉ូដែលសំខាន់ដែលជំរុញដល់កំណើននៃការលក់ អមដោយម៉ូដែល Wraith និង Dawn ដែលទំនើបទាន់សម័យ និងមានភាពទាក់ទាញ។

រថយន្ត Rolls-Royce

Bespoke: ធាតុសំខាន់ពិតៗនៃប្រណីតភាព

Rolls-Royce ជារថយន្តបែប Bespoke។ សេរីភាពក្នុងការជ្រើសរើស បង្កើត និងច្នៃកុម្ម៉ង់នូវវត្ថុស្រស់ស្អាតផ្សេងៗ គឺជាសេចក្តីត្រេកអរមួយក្នុងចំណោមសេចក្តីត្រេកអរក្នុងជីវិតរបស់មនុស្សម្នាក់ៗ ហើយទន្ទឹមនឹងនេះ Rolls-Royce គឺជាក្រុមហ៊ុនឈានមុខគេដល់ផ្ដល់សេវាច្នៃកុម្ម៉ង់បែបនេះ។ តាមរយៈសមត្ថភាពរបស់ខ្លួនក្នុងការច្នៃបែប Bespoke ក្រុមហ៊ុនរថយន្ត Rolls-Royce ផ្ដល់ដល់អតិថិជននូវឱកាសសឹងតែគ្មានដែនកំណត់ក្នុងការកែប្រែចក្ខុវិស័យផ្ទាល់ខ្លួន ឲ្យកើតចេញជារថយន្តរបស់ខ្លួន ដែលត្រង់នេះហើយធ្វើឲ្យម៉ាកយីហោរថយន្ត Rolls-Royce កាន់តែមានកិត្តិនាមរឹងមាំក្នុងនាមជាក្រុមហ៊ុនផលិតទំនិញប្រណីតឈានមុខគេក្នុងពិភពលោក។ ក្នុងឆ្នាំ 2018 ហត្ថករជំនាញរបស់ Rolls-Royce បានច្នៃរថយន្តសម្រាប់អតិថិជន ដែលមានមហិច្ឆិតាខ្លាំងបំផុត ពុំធ្លាប់មានពីមុនមកឡើយនៅឯមូលដ្ឋានរបស់ក្រុមហ៊ុននៅ Goodwood ដែលធ្វើឲ្យទឹកដៃដ៏អស្ចារ្យផ្នែករចនាម៉ូត វិស្វកម្ម និងវត្ថុធាតុដើម ក៏ដូចជាវិធីសាស្ត្រក្នុងការផលិត បានកើនឡើងមួយកម្រិតទៀតទាំងផ្នែកបច្ចេកទេស និងសោភ័ណ្ឌភាព។

រថយន្ត Rolls-Royce

រថយន្ត Cullinan៖ ចំណាប់អារម្មណ៍ទូទាំងពិភពលោក

រថយន្ត Rolls-Royce Cullinan បានកំណត់ឡើងវិញទាំងស្រុងនូវវិស័យរថយន្ត SUV បែបប្រណីត។ ម៉ូដែលថ្មីនេះបានទទួលនូវការស្វាគមន៍យ៉ាងរីករាយពីសំណាក់សារព័ត៌មាននៅទូទាំងពិភពលោក អំឡុងពេលការសម្ពោធម៉ូដែលនេះ។ រថយន្ត Cullinan មួយចំនួនដំបូងគេត្រូវបានប្រគល់ដល់ដៃអតិថិជនរបស់ខ្លួនទាន់ពេលវេលាសម្រាប់ការអបអរបុណ្យណូអែល ហើយកំពុងបំពេញបញ្ជីកុម្ម៉ង់ទុកសម្រាប់ឆមាសទីមួយឆ្នាំ 2019 នេះ។

Rolls-Royce
Rolls-Royce

កំណើនប្រកបដោយចីរភាព

ដើម្បីបំពេញតាមកំណើនតម្រូវការផលិតផលរថយន្ត Rolls-Royce នៅទូទាំងពិភពលោក ក្នុងឆ្នាំ 2018 ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បានផ្ដល់ការងារដល់មនុស្សចំនួន 200 នាក់បន្ថែមទៀត ដែលភាគច្រើនសម្រាប់មុខតំណែងផលិតកម្មជំនាញ។ មុខតំណែងថ្មីទាំងនេះ បានធ្វើឲ្យកម្លាំងពលកម្មសរុបនៅក្នុងរោងចក្ររបស់រថយន្ត Rolls-Royce កើនឡើងដល់ជាង 2000 នាក់ ជាលើកដំបូងតាំងពីរោងចក្ររបស់ខ្លួនបានបើកទ្វារនៅឆ្នាំ 2003។

ក្នុងពេលនោះដែរ កម្មវិធីហាត់ការដែលទទួលបានជោគជ័យយ៉ាងខ្លាំងរបស់ក្រុមហ៊ុនក៏បានទទួលយកអ្នកហាត់ការថ្មីៗចំនួន 23 នាក់ ដែលជាចំនួនច្រើនបំផុតពុំធ្លាប់មានពីមុនមកឡើយ។ កម្មវិធីនេះត្រូវបានដាក់ឲ្យអនុវត្តក្នុងឆ្នាំ 2006 ហើយចាប់តាំងពីពេលនោះមក អ្នកហាត់ការជាង 100 នាក់ហើយ ដែលបានទទួលជោគជ័យក្នុងការអភិវឌ្ឍខ្លួនពីអ្នកថ្មីសន្លាង រហូតក្លាយជាអ្នកជំនាញខ្ពស់ប្រកបដោយទំនុកចិត្ត ហើយភាគច្រើនបំផុតបានបន្តបម្រើការងារជាមួយនឹងក្រុមហ៊ុននៅឡើយ ដោយក្នុងនោះ មានមនុស្សជាច្រើនដែលបានកាន់តួនាទីផ្នែកបច្ចេកទេសជាន់ខ្ពស់ និងជាប្រធានដឹកនាំ។

ប្រព័ន្ធចង្វាក់ផលិតកម្មទោល នៅឯរោងចក្រក្នុងទីក្រុង Goodwood ត្រូវបានដំឡើងក្នុងឆ្នាំ 2017 ហើយប្រព័ន្ធនេះបានទទួលជោគជ័យទាំងស្រុងសម្រាប់ប្រតិបត្តិការពេញមួយឆ្នាំរបស់ខ្លួន។ នៅឆ្នាំនេះមានការសម្រិតសម្រាំងបន្ថែមទៀតទៅលើឋាបនភ័ណ្ឌ ឧបករណ៍ និងដំណើរការផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងធានាឲ្យបាននូវគុណភាពក្នុងកម្រិតខ្ពស់បំផុត តាមសេចក្តីត្រូវការរបស់អតិថិជនរថយន្ត Rolls-Royce។

រថយន្ត Rolls-Royce

• រថយន្តដែលបានលក់ចេញគឺមានចំនួន 4,107 គ្រឿង ដែលនេះជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ 115 ឆ្នាំរបស់ម៉ាកយីហោរថយន្ត Rolls-Royce
• ការលក់បានកើនឡើងនៅក្នុងគ្រប់តំបន់ទាំងអស់បើធៀបនឹងឆ្នាំមុន ហើយទ្វីបអាមេរិកនៅតែជាទីផ្សារ ធំជាងគេបំផុត
• ក្រុមហ៊ុនរថយន្ត Rolls-Royce Motor Cars បន្តរួមចំណែកផ្ដល់ភាគលាភផ្នែកហិរញ្ញវត្ថុជាដុំកំភួនដល់ភាគហ៊ុននិករបស់ខ្លួនគឺក្រុមហ៊ុន BMW Group
• តម្រូវការកើនឡើងខ្ពស់សម្រាប់គ្រប់ម៉ូដែលទាំងអស់ ដែលក្នុងនោះ Phantom គឺជាម៉ូដែលសំខាន់ដែលជំរុញដល់កំណើននៃការលក់
• ការកុម្ម៉ង់បែប Bespoke បានកើនឡើងដល់កម្រិតកំណត់ត្រា ដែលធ្វើឲ្យ Rolls-Royce ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រណីតពិតៗ
• ម៉ូដែល Cullinan បានទាញចំណាប់អារម្មណ៍ខ្លាំងទូទាំងពិភពលោក បន្ទាប់ពីការសម្ពោធដាក់លក់ប្រកបដោយជោគជ័យយ៉ាងខ្លាំង។ រថយន្តម៉ូដែល Cullinan មួយចំនួនត្រូវបានប្រគល់ទៅឲ្យអតិថិជនទាន់ពេលវេលាសម្រាប់ការប្រារព្ធបុណ្យណូអែល
• ការបញ្ជាទិញជាមុនសម្រាប់ម៉ូដែល Cullinan មានដំណើរការដោយរលូនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2019 នេះ
• ការងារថ្មីៗចំនួន 200 ការងារ បានធ្វើឲ្យកម្លាំងពលកម្មនៅក្នុងក្រុមហ៊ុនរថយន្ត Rolls-Royce កើនឡើងជាលើកដំបូងដល់ជាង 2000 នាក់
• និស្សិតចុះកម្មសិក្សាក្រោមកម្មវិធីហាត់ការ គឺមានចំនួនច្រើនបំផុតបើធៀបនឹងពេលមុនៗ

រថយន្ត Rolls-Royce
រថយន្ត Rolls-Royce

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]