ម៉ាឡេស៊ី៖ នារីវ័យក្មេងក្លាហានជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ក្រោយថតបង្ហោះរូបភាព និងវីដេអូឃ្លីប ប្រលែងឱបរឹតជាមួយនឹងកូនក្រពើ ទាំងមិនខ្លាចញញើត។

នាង Aziz និងកូនក្រពើ

នារីវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Azy Nadia Aziz អាយុ ២២ឆ្នាំ រស់នៅក្នុងទីក្រុង Kota Bharu រដ្ឋ Kelantan ប្រទេសម៉ាឡេស៊ី។

តាមការឲ្យដឹងពី Aziz នាងបាននិយាយថា កាលពីសប្តាហ៍មុននេះ នាងបានប្រទះឃើញសត្វល្មូនមួយក្បាល ពោលគឺ កូនក្រពើ នៅបរិវេណខាងក្រោយផ្ទះរបស់នាង ហើយនាងក៏ភ្ញាក់ផ្អើលនៅពេលដែលបានឃើញវាផងដែរ។ កូនក្រពើមួយក្បាលនេះ មានប្រវែងខ្លួន ១,៥ម៉ែត្រ (ឬ១ម៉ែត្រកន្លះ) ហើយនាងនិងគ្រប់គ្នាជឿថា ទំនងជាវាឡើងចេញពីទន្លេក្រោយផ្ទះនោះជាមិនខាន។

Aziz បានឲ្យដឹងទៀតថា «ខ្ញុំបានឃើញកូនក្រពើនេះ នៅស្ងៀមហាក់មិនកម្រើក ហើយមើលទៅវាក៏មិនកាចសាហាវអីដែរ ដូច្នេះហើយទើបបានជាខ្ញុំចាប់វាយកមកផ្ទះសិនតែម្តង»

ជាក់ស្តែង តាមរយៈរូបភាព និងវីដេអូឃ្លីប គេឃើញ Aziz នាងបានស្ទាបអង្អែលលេងកូនក្រពើខាងលើនេះ ដោយលើកឱបដាក់លើភ្លៅរបស់នាង ធ្វើដូចធម្មតាទាំងមិនខ្លាចញញើត ពីការវាយប្រហារណាមួយ ពីសត្វក្រពើនោះអីបន្តិចសោះ។

ដោយសារតែ បែបនេះហើយទើបបានជាអ្នកលេងបណ្តាញសង្គមជាច្រើន ធ្វើការរិះគន់វាយប្រហារមកលើនាង។

នាង Aziz និងកូនក្រពើ

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី Aziz នាងក៏បានអះអាងដែរថា នាងគ្រាន់តែចាប់សត្វក្រពើនោះមក ដើម្បីយកមកថតរូបលេងតែប៉ុណ្ណោះ ដោយពុំមានចេតនាអាក្រក់ កាប់សម្លាប់ ឬធ្វើអាជីវកម្មណាមួយទៅលើវានោះទេ។ ហើយនៅក្នុងថ្ងៃដដែលនោះ ពោលគឺនៅពេលយប់ នាងក៏បានយកវាទៅប្រលែងចូលទន្លេវិញផងដែរ។ នាងថា នាងពិតជារីករាយនឹងពេលវេលាជាមួយនឹងកូនក្រពើនោះណាស់។

ជាចុងក្រោយ Aziz និយាយថា «សូមបញ្ឈប់ការរិះគន់ជេរប្រមាថមកលើរូបខ្ញុំទៀតទៅ ព្រោះថាខ្ញុំមិនបានទុកកូនក្រពើនោះចិញ្ចឹមទេ។ ខ្ញុំគ្រាន់តែចាប់យកវាមកថតរូបលេងតែមួយភ្លែតប៉ុណ្ណោះ»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាព៖ កូនក្រពើ ដែលនាង Aziz បានចាប់មក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]