ផ្លែម្រះមើលទៅពុំមែនជាអាហារចំណូលចិត្តនៃមនុស្សភាគច្រើននោះទេ ដោយសាររសជាតិដ៏ល្វីងរបស់វា។ ផ្ទុយទៅវិញ មនុស្សមួយចំនួនតែងធ្វើសម្លម្រះហូបជារឿយៗ រហូតដល់អ្នកខ្លះ កិនម្រះជាទឹកផឹកទៀតក៏មាន ដើម្បីព្យាបាលបញ្ហាមុនលើមុខ ជាដើម។

ផ្លែម្រះជាថ្នាំធម្មជាតិ សំបូរសារធាតុសំខាន់ៗជាច្រើន ដែលរាងកាយយើងត្រូវការជាចាំបាច់ រាប់តាំងពីសារធាតុសរសៃ វីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ និងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។  គ្រាន់តែសារធាតុចិញ្ចឹមទាំងអស់នេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយយើងដូចជា ប្រឆាំងនឹងមេរោគ (បាក់តេរី វីរុស ផ្សិត) ប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ (មហារីកគ្រាប់ឈាម មហារីកស្បែក មហារីកសុដន់ មហារីកក្រពេញប្រូស្តាត និងមហារីកជាច្រើនទៀតនៅមាត់ បំពង់ខ្យល់ ប្លោកនោម ជាដើម និងមានលើសពីនេះទៅទៀត)។

ការសិក្សាមួយចំនួនបានឲ្យដឹងថា សារធាតុពិសេសមួយចំនួនរបស់ម្រះ បានជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាមឲ្យស្ថិតក្នុងកម្រិតមួយធម្មតា។ នេះក៏ដោយសារវាមានតួនាទីដូចទៅនឹងអរម៉ូនអាំងស៊ុយលីន ដែលជាអរម៉ូនដ៏សំខាន់ក្នុងការរក្សាកម្រិតជាតិស្ករតាមរយៈការចាប់យកស្ករពីក្នុងឈាមដើម្បីផ្តល់កោសិកាឲ្យបានគ្រប់គ្រាន់ ក្នុងការធ្វើមេតាបូលីសផលិតថាមពលនៃរាងកាយ។

ការស្រាវជ្រាវខ្លះបានរកឃើញថា ការទទួលទានម្រះបានជំរុញកោសិកាក្នុងការចាប់ និងប្រើប្រាស់ជាតិស្ករ ដែលជាសារធាតុដ៏សំខាន់បំផុតសម្រាប់ផលិតថាមពលរបស់កោសិកា (ATP)។ ក្រៅពីនេះវាក៏បានភ្ញោចឲ្យកោសិកានៅថ្លើម សាច់ដុំ ធ្វើការចាប់យកជាតិស្ករនៅសល់តាមចរន្តឈាមទៀតផង។

កត្តាទាំងនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ដែលបង្កឡើងដោយកោសិការេស៊ីស្តង់ក្នុងការចាប់យកជាតិស្ករ បណ្តាលឲ្យកម្រិតនៃសារធាតុស្ករលើសកម្រិតធម្មតា។

ដូច្នេះបំពេញរបបអាហាររបស់លោកអ្នកជាមួយនឹងផ្លែម្រះយ៉ាងតិចណាស់ឲ្យបាន ២ដងក្នុងមួយសប្តាហ៍ ដើម្បីសុខភាពរាងកាយ ជាពិសេសកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៕

ផ្លែម្រះ
ផ្លែម្រះ
ឆាម្រះ
ទឹកម្រះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]