ស្ពៃក្តោបជាបន្លែស្លឹកបៃតង ដែលខ្មែរយើងនិយមហូបមិនថាបង់ជាមួយសម្ល ឬក្តោបលាយជាមួយសាច់ ឬ ឆា នោះទេ។ វានៅតែជាបន្លែមានរសជាតិឆ្ងាញ់  ងាយបរិភោគ។ ស្ពៃក្តោបងាយរកទិញ និងមានតម្លៃធូរថ្លៃ បើនិយាយអំពីសារធាតុចិញ្ចឹមវិញមិនចាញ់បន្លែផ្សេងៗឡើយ រាប់តាំងពី វីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុសរសៃជាដើម។

ដូច្នេះខាងក្រោមជាអត្ថប្រយោជន៍មួយចំនួនធំទទួលបានពីស្ពៃក្តោប៖

១. សុខភាពប្រព័ន្ធរំលាយអាហារ

ការហូបស្ពៃក្តោបបានផ្តល់ឲ្យយើងសារធាតុសរសៃយ៉ាងសំបូរបែប ដែលជាសារធាតុយ៉ាងសំខាន់រក្សាលំនឹងពោះវៀន ដោយវាជាចំណីអាហាររបស់ពពួកបាក់តេរីល្អៗ ក្នុងប្រព័ន្ធរំលាយអាហារ ហើយបាត់តេរីទាំងនេះជួយដល់ការស្រូបយកសារធាតុចិញ្ចឹមនិងផ្តល់ឲ្យកោសិកាយើងទៅតាមចរន្តឈាម។

ជាពិសេសសារធាតុសរសៃទទួលបានពីស្ពៃក្តោប ជាថ្នាំធម្មជាតិបំបាត់អាការទល់លាមកទៀតផង។

រូបតំណាង

២. ប្រភពនៃសារធាតុរ៉ែសំខាន់ៗ

វាជាប្រភពនៃសារធាតុរ៉ែដ៏សំខាន់ៗសម្រាប់ការលូតលាស់នៃឆ្អឹងផងដែរ ដូចជាកាល់ស្យូម ម៉ាញេស្យូម ជាដើម ដែលដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់ការបាត់បង់ និងស្រូបបញ្ចូលសារធាតុកាល់ស្យូមក្នុងឆ្អឹង។ កត្តានេះចូលរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលយើងអាយុកាន់តែច្រើនទៅ។

ស្ពៃក្តោបក៏សំបូរទៅដោយសារធាតុប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ រក្សាលំនឹងនៃសម្ពាធឈាម និងចង្វាក់បេះដូងឲ្យនៅក្នុងកម្រិតធម្មតា។ ជាពិសេស វាជួយផ្តល់ភាពបត់បែននៃសរសៃឈាម  ធ្វើឲ្យលំហូរនៃបរិមាណឈាមទៅចិញ្ចឹមរាល់កោសិកាទាំងអស់បានច្រើននិងគ្រប់គ្រាន់។

ជាពិសេសសារធាតុរ៉ែទាំងនេះ ចាំបាច់ត្រូវការចំពោះស្ត្រីអស់រដូវ ដែលងាយនឹងជួបបញ្ហាពុកឆ្អឹង ដោយសារការប្រែប្រួលនៃអរម៉ូន។

រូបតំណាង

៣. ប្រឆាំងនឹងមហារីក

ស្ពៃក្តោប មានផ្ទុកសារធាតុប្រឆាំងនឹងជាតិពុលពិសេសម៉្យាង ដែលគេរកឃើញថា វាដើរតួនាទីទប់ទល់នឹងការលូតលាស់នៃកោសិកាមហារីកបណ្តាលមកពីអរម៉ូនអេស្ត្រូសែន ផលិតដោយរាងកាយយើងមិនថាប្រុសឬស្រី ជាពិសេសវាផលិតយ៉ាងច្រើនចំពោះស្ត្រី។

ក្រៅពីសំបូរទៅដោយសារធាតុប្រឆាំងនឹងជាតិពុលទាំងឡាយផ្សេងទៀត ហើយសារធាតុពុលទាំងនេះ ជាកត្តាចម្បងបង្កភាពខូចខាត ឬ ការលូតលាស់មិនប្រក្រតីនៃកោសិកាក្នុងខ្លួនយើងដែលបង្កជាជំងឺមហារីកនេះឯង។

រូបតំណាង

៤. សុខភាពប្រព័ន្ធប្រសាទ

ការបរិភោគស្ពៃក្តោបផ្តល់ឲ្យយើងវីតាមីនK ដែលជាសារធាតុយ៉ាងសំខាន់នៃកោសិកាខួរក្បាលរបស់យើង(ណឺរ៉ូន)។ វីតាមីនK ជាសារធាតុផ្សុំនៃស្រោមព័ទ្ធពីខាងក្រៅរបស់កោសិកាណឺរ៉ូនខួរក្បាល ដើម្បីបង្កើនល្បឿនទំនាក់ទំនងរវាងកោសិកាខួរក្បាលមួយទៅកោសិកាមួយទៀត។ កត្តានេះជួយបង្កើនការចងចាំ និងសមត្ថភាពនៃការគិតពិចារណា។

ជាពិសេសទៅទៀត ស្ពៃក្តោបមានផ្ទុកសារធាតុប្រឆាំងជាតិពុលម៉្យាង ដែលចូលរួមចំណែកទប់ស្កាត់ការខូចខាតនៃកោសិកាខួរក្បាលទៀតផង។

រូបតំណាង

៥. រក្សាសម្ពាធឈាម

ស្ពៃក្តោប សំបូរទៅដោយសារធាតុប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់រក្សាលំនឹងនៃសម្ពាធឈាម និងចង្វាក់បេះដូងឲ្យនៅក្នុងកម្រិតធម្មតា។ ជាពិសេស វាជួយផ្តល់ភាពបត់បែននៃសរសៃឈាម ដែលធ្វើឲ្យលំហូរនៃបរិមាណឈាមទៅចិញ្ចឹមរាល់កោសិកាទាំងអស់បានច្រើននិងគ្រប់គ្រាន់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]