ម៉ាឡេស៊ី៖ បុរសជាឪពុកជនជាតិម៉ាឡេស៊ីម្នាក់ ទទួលបានការសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ក្រោយរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយ បានបង្ហោះចែកចាយលើបណ្តាញសង្គម ដែលត្រូវបានគេដឹងថា រូបគាត់សុខចិត្តដើរលាងឡានឲ្យគេ ដើម្បីយកលុយទៅទិញសៀវភៅឲ្យកូនស្រីបានរៀនសូត្រ។

តំបន់ Section 9 ក្នុងទីក្រុង Shah Alam ប្រទេសម៉ាឡេស៊ី

ជាក់ស្តែង បើយោងតាមការបង្ហោះសារ និងរូបភាព ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់ឈ្មោះ លោក Adi W. Kamal បានរៀបរាប់ឲ្យដឹងថា កាលពីពេលកន្លងទៅនេះ រូបលោកបានបើកឡានទៅតំបន់ Section 9 ក្នុងទីក្រុង Shah Alam ប្រទេសម៉ាឡេស៊ី ដើម្បីចូលទិញផ្លែឈើមួយចំនួនផ្ញើម្តាយរបស់លោក។

នៅពេលដែលលោកឈប់ឡាន ភ្លាមនោះក៏ស្រាប់តែមានក្មេងស្រីម្នាក់ ដែលមានអាយុប្រហែលជា ៩ ទៅ ១០ឆ្នាំ ស្លៀកពាក់ឯកសណ្ឋានសិស្ស និងមានស្ពាយកាតាប ដើរសំដៅមករកលោក។

នាងតូចនោះបានគោះកញ្ចក់ឡានរបស់លោក ហើយបានសួរលោកថា៖ «តើខ្ញុំអាចលាងឡានឲ្យលោកពូបានទេ?»

លោក Adi ក៏មានការភ្ញាក់ផ្អើលក្នុងចិត្ត ហើយដំបូងឡើយលោកក៏បានប្រកែកថាមិនលាងទេ។ ប៉ុន្តែលោកបែរជាចាប់អារម្មណ៍ថា នៅគ្រានោះឃើញមានបុរសរាងវ័យចំណាស់បន្តិច បានដើរក្រវែលៗម្ដុំនោះ ដោយមានធុងទឹកមកជាមួយ និងមានកូនកន្សែងមួយបង់លើស្មារបស់គាត់ ដែលធ្វើឲ្យលោក Adi គិតថា បុរសរូបនោះទំនងជាឪពុកក្មេងស្រីនេះហើយ ទើបធ្វើឲ្យរូបលោកប្រែចិត្តវិញ។

លោក Adi W. Kamal

លោក Adi បានសួរទៅកាន់នាងតូចនោះវិញថា «តើពូត្រូវបង់ឲ្យក្មួយប៉ុន្មាន សម្រាប់ការលាងឡាននេះ?»

ក្មេងស្រីនោះបានឆ្លើយតបទៅលោក Adi ដោយនិយាយថា ស្រេចតែលើលោកជាអ្នកឲ្យនាងទៅចុះ។ នាងក៏បានប្រាប់លោក Adi ទៀតថា ឪពុករបស់នាងនឹងមកលាងឡានឲ្យលោក។

នៅពេលដែលលោក Adi បានយល់ព្រមហើយនោះ ភ្លាមនោះឪពុករបស់ក្មេងស្រីខាងលើនេះ ក៏បានយួរធុងពេញដោយទឹក ដើម្បីយកមកលាងឡាន ប៉ុន្តែត្រូវលោក Adi បញ្ឈប់គាត់ និងបានហុចលុយមួយចំនួនឲ្យគាត់ ដោយនិយាយថា៖

«លោកពូទទួលយកចុះ! លោកពូមិនចាំបាច់លាងឡានរបស់ខ្ញុំទេ!»

ឪពុកនិងកូនស្រី

ឪពុកក្មេងស្រីខាងលើនេះ រំភើបចិត្តយ៉ាងខ្លាំង ក្រោយបានឃើញទង្វើនៃទឹកចិត្តសប្បុរសដ៏ល្អរបស់លោក Adi ។ ក្រោយមកឪពុករូបនេះ ក៏បានប្រាប់ដែរថា គាត់ត្រូវការលុយជាចាំបាច់ ដើម្បីទិញសៀវភៅឲ្យកូនស្រីរបស់គាត់បានរៀនសូត្រ។

អ្នកលេងបណ្តាញសង្គមជាច្រើន ពេញចិត្តនឹងទង្វើដ៏ល្អរបស់លោក Adi ជាខ្លាំង ហើយពួកគេក៏បានកោតសរសើរពីទឹកចិត្តដ៏ប្រពៃរបស់បុរសជាឪពុកខាងលើនេះផងដែរ ដែលខិតខំតស៊ូដើម្បីកូនស្រីរបស់គាត់ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]