ម៉ាឡេស៊ី៖ អាចថាមួយចំនួនតូចទៅចុះ សម្រាប់អ្នកដែលធ្លាប់រស់នៅជាមួយនឹងមិត្តភក្តិ ក្នុងផ្ទះជួល បន្ទប់ដាច់ដោយឡែកពីគ្នា ឬក្នុងបន្ទប់តែមួយជាមួយគ្នាក៏មាន ដើម្បីស្នាក់នៅបន្តការសិក្សារៀនសូត្រ និងធ្វើការងារជាដើម។

ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺយើងម្នាក់ៗពិតជាមិនអាចមើលចិត្តគេធ្លុះ ដោយមិនដឹងថា មិត្តណាខ្លះល្អ ឬអ្នកក្បែរបន្ទប់ណាខ្លះល្អ ឬខ្ជិលរលេះរលួយ មាត់ឡូឡា ដែលអាចបង្កការរំខានក្នុងរូបភាពណាមួយដល់យើងនោះទេ។

រូបភាពក្នុងបន្ទប់នាង Belle

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ នារីជនជាតិម៉ាឡេស៊ីម្នាក់ បានចែករំលែកបទពិសោធន៍ដ៏ហួសចិត្តមួយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងបានដឹងថា មិត្តស្នាក់នៅផ្ទះជាមួយគ្នា (បន្ទប់ផ្សេងគ្នា) ខ្ជិលហួសថ្លែង ក្នុងបន្ទប់ដេករាយប៉ាយសំរាមឲ្យញ៉ុក និងសុទ្ធតែសត្វកន្លាត។

តាមការអះអាងពីនារីខាងលើ (មិនបញ្ចេញឈ្មោះ) បានរៀបរាប់ឲ្យដឹងថា នាងបានស្នាក់នៅក្នុងផ្ទះមួយ ក្នុងតំបន់ទីប្រជុំជន Bandar Sunway ប្រទេសម៉ាឡេស៊ី ជាមួយនឹងមិត្តភក្តិ និងអ្នកផ្សេងទៀត (បន្ទប់ជាមួយគ្នាខ្លះ និងផ្សេងគ្នាខ្លះ) អស់ពេលជាង១ឆ្នាំកន្លះហើយ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល នាងនិងអ្នកឯទៀតនោះ ចេះតែឆ្ងល់ថា ហេតុអ្វីនៅក្នុងផ្ទះឥឡូវសម្បូរសត្វកន្លាតខ្លាំងម៉្លេះ ដែលគួរឲ្យខ្លាចនិងខ្ពើមរអើម។

រូបភាពក្នុងបន្ទប់នាង Belle

ក្រោយមកនាងចេះកត់សម្គាល់ឃើញថា មិត្តស្នាក់នៅផ្ទះជាមួយគ្នាម្នាក់ឈ្មោះ នាង Belle មួយរយៈចុងក្រោយនេះ តែងតែចុះមកញ៉ាំអាហារនៅជាន់ក្រោម ប៉ុន្តែនាងក៏មិនបានទៅចាប់អារម្មណ៍ខ្លាំង ឬសួរនាំអីដែរ។ ព្រោះថាថ្វីបើជាមិត្ត ឬជាអ្នករស់នៅផ្ទះជាមួយគ្នាមែន ប៉ុន្តែនាងក៏មិនដែលសូវជាមានទំនាក់ទំនងច្រើន ជាមួយនឹង Belle ឡើយ។ ម្យ៉ាងបន្ទប់របស់ Belle នៅជាន់លើ ហើយចំណែកឯបន្ទប់របស់នាងវិញនៅជាន់ក្រោម។

ដោយសារតែ ឈឺក្បាលនឹងរឿងក្នុងផ្ទះដូចរញ៉េរញ៉ៃ សត្វកន្លាតច្រើនមានសឹងតែគ្រប់កន្លែងនោះ នារីរៀបរាប់ខាងលើនេះ ក៏បានសរសេរសារប្រកាសនៅក្នុងហ្គ្រុបឆាត ដែលពួកនាងបានបង្កើតឡើងដើម្បីងាយស្រួលទាក់ទងគ្នាថា នាងរួមនឹងអ្នកផ្សេងទៀត កំពុងតែមានគម្រោងថា នឹងរើសផ្ទះចេញពីទីនេះឆាប់ៗនេះហើយ នោះពួកយើងនឹងលែងហត់នឿយជាមួយនឹងសត្វកន្លាតក្នុងផ្ទះនេះ។ វាពិតជាព្យុះភ្លៀងខ្លាំងមែនទែនក្នុងដើមឆ្នាំនេះ ហើយវាក៏មិនមែនជារឿងធម្មតានោះដែរ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ ទាំងសត្វកន្លាត កកសំណល់អាហារ សំរាម ពេញតែផ្ទះបាយជាន់ក្រោមគួរឲ្យខ្ពើម។ មិនត្រឹមតែប៉ុណ្ណឹង (កាលពីយប់ថ្ងៃទី៦ មករា ឆ្នាំ២០១៩) គ្រាន់តែបើកទ្វារចេញពីបន្ទប់មកភ្លាម កន្លាតហោះមកបុកមុខក៏មាន។

រូបភាពក្នុងបន្ទប់នាង Belle

បន្ទាប់ពីមានការត្អូញត្អែរ របស់នារីខាងលើនេះ ក៏មានមិត្តនាងផ្សេងទៀត បានសរសេរសារក្នុងហ្គ្រុបឆាតឆ្លើយឆ្លងផងដែរថា អ្នករស់នៅជាន់លើក្នុងផ្ទះ គឺប្រឈមមុខខ្លាំងមែនទែនជាមួយនឹងសត្វកន្លាតដ៏ស្មោកគ្រោក។ ព្រោះថាពួកគេខំប្រឹងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីសម្លាប់និងបណ្តេញកន្លាតចេញផ្ទះ និងចេញបន្ទប់របស់ពួកគេផងដែរ។

យ៉ាងណាមិញ ការត្អូញត្អែរទាំងនេះ ដំបូងឡើយបានធ្វើឲ្យ Belle ស្ងាត់បាត់មាត់ឈឹង មិនហ៊ានឆ្លើយឆ្លងបញ្ចេញមតិនឹងគេនោះទេ។ ប៉ុន្តែមួយសន្ទុះក្រោយមក នាងក៏បានសម្រេចចិត្តចូលឆាត ដោយនិយាយឡើងទំនងថា ខ្លួននាងផ្ទាល់ក៏ធ្លាប់ជួបបទពិសោធន៍ជុំវិញនឹងបញ្ហានេះដូចគ្នា។

និយាយចប់មិនទាន់ផង Belle នាងក៏បានចេញពីហ្គ្រុបឆាត (Left Group Chat) ហើយភ្លាមៗនោះ នាងក៏បានរើបង្វេចចេញពីផ្ទះនោះតែម្តង។

រូបភាពក្នុងបន្ទប់នាង Belle

ក្រោយមកទៀត ដោយសារតែមានការសង្ស័យ ទើបនាងនិងមិត្តជាប់បន្ទប់ទាំងអស់ នាំគ្នាទៅពិនិត្យមើលក្នុងបន្ទប់ Belle ទើបធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលចង់ខ្យល់ចាប់ ពោលគឺឃើញមានរបស់របររាយប៉ាយពេញក្នុងបន្ទប់នាង Belle យ៉ាងគ្មានសណ្តាប់ធ្នាប់តែម្តង ពិសេសគឺ មានសត្វកន្លាតជាច្រើន មិនខុសពីក្នុងរឿងខ្មោច ប្រៀបបីដូចជាបន្ទប់ដែលត្រូវបានគេបោះបង់ចោល។

គួរឲ្យដឹងផងដែរថា បើយោងតាមប្រភព ក្រោយមកគេក៏បានទាក់ទងហៅខាងក្រុមអ្នកសម្អាត ដើម្បីមកប្រមែប្រមូលសំរាមទាំងអស់នោះយកទៅដុតចោល និងជូតលាងសម្អាតដើម្បីស្ដារបន្ទប់ឲ្យស្អាតបាតឡើងវិញផងដែរ។

ជាចុងក្រោយ នារីខាងលើដែលបានចែករំលែកបទពិសោធន៍ដ៏ហួសចិត្តរូបនេះ ក៏បានបញ្ចេញសារផ្ញើដល់អ្នកដែលស្នាក់នៅផ្ទះជួលទាំងឡាយ គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត មិនថាតែស្នាក់នៅម្នាក់ឯង ឬនៅជាមួយនឹងមិត្តភក្តិនោះទេ។ តែសម្រាប់ករណីខាងលើនេះ នាងក៏បានសុំចិត្តមហាជន កុំឲ្យរិះគន់ឬវាយប្រហារទៅលើមិត្តរបស់នាង គឺនាង Belle ផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងបន្ទប់នាង Belle
រូបភាពក្នុងបន្ទប់នាង Belle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]