អេហ្ស៊ីប៖ តារាឆ្នើមរបស់អេហ្ស៊ីប និងក្លិបលីវើភូល កីឡាករ Mohamed Salah បានយកឈ្នះកីឡាករមិត្តរួមក្រុមសញ្ជាតិ សេណេហ្គាល់ Sadio Mane និងកីឡាករឆ្នើមរបស់ក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Aubameyang ដើម្បីលើកពានរង្វាន់ “African Player of the Year” ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ទ្វីបអាហ្រ្វិក “CAF”។

កីឡាករ Mohamed Salah

Mohamed Salah បានឈ្នះពានរង្វាន់នេះពីរឆ្នាំជាប់គ្នា ហើយគេក៏បានក្លាយជាកីឡាករទីបួនដែលឈ្នះពានរង្វាន់នេះជាប់ៗគ្នា បន្ទាប់ពីកីឡាករ El Hadji Diouf , Samuel Eto’o និងកីឡាករ Yaya Toure។  Salah រកគ្រាប់បាល់ឱ្យ Liverpool បាន៤៤គ្រាប់កាលពីរដូវកាល ២០១៧/១៨ និងរួមចំណែកនាំ Liverpool ឡើងដល់វគ្គផ្ដាច់ព្រ័ត UCL ថែមទៀតផង។ Salah បានបង្ហាញពីអារម្មណ៍របស់គេថា “ខ្ញុំធ្លាប់មានក្តីស្រមៃចង់ឈ្នះពានរង្វាន់មួយនេះតាំងពីក្មេង ហើយឥឡូវនេះខ្ញុំអាចធ្វើវាបានសម្រេច និងសម្រេចបានពីរដងជាប់គ្នាទៀតផង”

Mohamed Salah ទទួលពានរង្វាន់ CAF African Player of the Year

កីឡាករ Sadio Mane បានបង្ហាញខ្លួននៅពានរង្វាន់នេះជាលើកដំបូង ខណៈដែលកីឡាករសញ្ជាតិ Gabon Pierre-Emerick Aubameyang បានបង្ហាញខ្លួននៅ Top 3 ៥រដូវកាលជាប់គ្នាកន្លងមក ហើយក៏ធ្លាប់ឈ្នះពាននេះម្តងកាលពីឆ្នាំ ២០១៥ ដែលកាលណោះរូបគេប្រកបអាជីពបាល់ទាត់នៅក្លិប Borrussia Dortmund។

គួរបញ្ជាក់ថាក្រៅពី Salah ដែលឈ្នះពាន “CAF Player of the Year” ហើយនោះ កីឡាការិនីរបស់អាហ្វ្រិកខាងត្បូង Thembi Kgatlana ក៏បានទទួលពានរង្វាន់កីឡាការិនីអាហ្វ្រិកប្រចាំឆ្នាំផងដែរ៕

កីឡាការិនី Thembi Kgatlana
កីឡាករ Sadio Mane និង Mohamed Salah
កីឡាករ​ Aubameyang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]