ភ្នំពេញៈ ស្រ្តីមានផ្ទៃពោះបីខែ រួមទាំងកូនស្រី តូចៗ២នាក់ទៀត បានស្លាប់យ៉ាងអាណោចអាធ័ម ចោលប្តី និងឪពុក ក្នុងគ្រោះអគ្គិភ័យជាង១០នាទី កាលពីម៉ោង ១២ និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១២ ស្ថិតបន្ទប់ឡៅតឿជាន់ទី១ ផ្ទះលេខ ១៣៦ ក្រុម៣២ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ អគ្គិភ័យត្រឹមរយៈពេលត្រឹមតែជាង១០នាទី បានសម្លាប់ ស្រ្តីមានផ្ទៃពោះ និងកូនស្រីតូចៗ២នាក់ បានកើតឡើង ខណៈដែលប្តី និងឪពុករបស់ខ្លួន មិននៅផ្ទះជាប់រវល់ទៅហូបអាហារជាមួយមិត្តភក្តិ នៅខាងក្រៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អ្នកស្រី ហែម ចាន់ថន អាយុ ៣៥ឆ្នាំ ដែលមានផ្ទៃពោះ៣ខែ បានស្លាប់នៅក្នុងបន្ទប់ឡៅតឿ ជាមួយកូនស្រីតូចៗ២នាក់ផ្សេងទៀត រួមមាន កុមារី ណេង នីហ្សា អាយុ ១០ ឆ្នាំ និងកុមារី ណេង បញ្ញា អាយុ ៤ឆ្នាំ។

លោក វ៉ា ចន្ថា អាយុ ៤០ឆ្នាំ ដែលត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះ បានប្រាប់ដើមអម្ពិលទាំងក្តីអាឡោះអាល័យ និងសោកសង្វេគ ជាទីបំផុតថា នៅវេលាម៉ោង ៩ និង៣០នាទីយប់ មិត្តភក្តិរបស់គាត់ បានទូរស័ព្ទហៅគាត់ ទៅហូបអាហារនៅខាងក្រៅ ដើម្បីអបអរសារទរបុណ្យចូលឆ្នាំសកល។

លោកបានបន្តថា នៅវេលាម៉ោង ១២ និង១០នាទី មានអ្នកជិតខាងទូរស័ព្ទប្រាប់ថា ផ្ទះរបស់លោកត្រូវភ្លើងឆេះ ភ្លាមៗនោះ ប្រញាប់មកផ្ទះ ប៉ុន្តែដោយសារកកស្ទះចរាចរណ៍ ពេលមកដល់ផ្ទះអគ្គិភ័យត្រូវបានពន្លត់ទៅហើយ ប៉ុន្តែបានធ្វើឲ្យរូបលោកស្លុតចិត្តជាពន់ពេក ខណៈដែលឃើញសពប្រពន្ធ និងកូនស្រី ស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតនៅក្នុងបន្ទប់ឡៅតឿ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ដែលចុះទៅកន្លែងកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះ បានថ្លែងថា ជាការសន្និដ្ឋានជំហានដំបូង របស់សមត្ថកិច្ច អគ្គិភ័យអាចបណ្តាលមកពីទុស្សេខ្សែភ្លើង៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

បន្ថែម៖ ជនរងគ្រោះដែលបាត់បង់ជីវិតភាគច្រើនបណ្តាលមកពីភ្លើងឆេះផ្ទះ គឺស្លាប់ដោយសារផ្សែង សូមបងប្អូនប្រយ័ត្ន សុខចិត្ត្តអោយលិចទូកកណ្តាលទន្លេជាងុអោយភ្លើងឆេះផ្ទះ។

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]