រាជធានីភ្នំពេញ ៖ ប្តី​ដើម​ហៅ​ប្រពន្ធចុង​មក​ផឹកស៊ី​ជាមួយ​ប្រពន្ធដើម​ជុំ​គ្នា​ស្រាប់តែ​ស្រវឹង​រៀង​ៗ​ខ្លួន កើត​ភ្លើង​ប្រច័ណ្ឌ ធ្វើ​ឱ្យ​ប្រពន្ធដើម​រករឿង​ឈ្លោះប្រកែក​គ្នា​ផ្អើល​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០១៩ ​មុខ​ផ្ទះ​លេខ B3 ផ្លូវ​២៤BT ក្រុម​៤ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។

បុរស​ជា​ប្តី​មានឈ្មោះ គឹ​ម ដា​រ៉ា​រឹទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ចំណែក​ប្រពន្ធដើម​ដែល​ទើប​នឹង​លែងលះ​គ្នា​បាន​រយៈពេល​កន្លះ​ខែ​មានឈ្មោះ ចាន់ ថា​វី អាយុ​៣០​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន មានកូន​ស្រី​ម្នាក់ អាយុ​៧​ឆ្នាំ រីឯ​​ប្រពន្ធចុង​មិន​បានអោយ​ដឹង​ឈ្មោះឡើយ​ ។

តាម​ប្រភព​ពី​អ្នក​ជិតខាង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្ទះ​ខាងលើ​បាន​រៀប​ចំ​កម្ម​វី​ធី​ផឹក​ស៊ីនៅមុខ​ផ្ទះ ដោយ​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ចូលរួម​ លុះដល់​វេលា​​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ក៏​ស្រាប់តែ​មានរឿង​ឈ្លោះប្រកែក​វាយ​គ្នា​ផ្អើល​ឆោឡោ​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍ ទើប​ដឹង​​ថា មូលហេតុកើតឡើង​ដោយសារ​​ភ្លើង​ប្រច័​ណ្ឌ​រវាង​ប្រពន្ធចុង ​និង​ប្រពន្ធដើម ព្រមទាំង​បុរស​ជា​ប្តី​ឈ្លោះ​គ្នា​សោះ ។

បើ​តាម​សំដី​បុរស​ជា​ប្តី​បានអោយ​ដឹង​ថា ​គាត់​នឹង​ប្រពន្ធដើម​បាន​ចាប់ដៃ​គ្នា​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ ហើយ មានកូន​ស្រី​ម្នាក់​អាយុ​៧​ឆ្នាំ ដោយសារ​ការ​រស់នៅ​មិន​ចុះសំរុង​គ្នា​ក៏​បាន​ផ្តិត​មេដៃ​លែងលះ​គ្នា​កាល​ពី​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ​២០១៨ មកម៉្លេះ ​។ លុះ​ពេល​លែងលះគ្នា​រួច​​ហើយ ប្រពន្ធដើម​បាន​មក​រស់នៅ​ជុំ​គ្នា​ដដែល ដោយសារ​តែ​អាណិតកូន តែ​​គាត់​គឺ​មាន​ប្រពន្ធចុង​​ម្នាក់​ទៀត​ផងដែរ​ ។

ប្រភពដដែលបាន​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ​គាត់​បាន​រៀបចំ​កម្ម​វី​ធី​ផឹកស៊ី​ជួបជុំ​បងប្អូន​មិត្ត​ភ​ក្តិ​នៅ​មុខ​ផ្ទះ​ជាមួយ​នឹងប្រពន្ធដើម លុះ​បន្តិច​ក្រោយមក​ប្អូនស្រី​របស់​គាត់​បាន​ឌុ​ប​ប្រពន្ធចុង​របស់​គាត់​មក​​ចូលរួម​​ហូប​ចុក​ផឹកស៊ី​ជាមួយ​គ្នាផងដែរ​ តែ​គាត់​បាន​ប្រាប់​ប្រពន្ធដើម​ហើយ​ថា​កុំអោយ​រករឿង​គ្នា លុះ​ពេល​ផឹក​ស្រវឹង​រៀងៗខ្លួន ស្រាប់តែ​ប្រពន្ធដើម​កើត​ភ្លើង​ប្រច័​ណ្ឌ​ជាមួយ​ប្រពន្ធចុង ក៏បាន​រករឿង​វាយ​គាត់ និង​ជេរ​គ្នា​ផ្អើល​អ្នក​ជិតខាង​តែ​ម្តង​ទៅ ។

ដោយឡែក​ស្ត្រី​ជា​ប្រពន្ធដើម​វិញ ​មិន​បាន​រៀបរាប់​ប្រាប់ពី​​ដំណើរ​រឿង​នោះទេ​ គឺ​គិតតែ​ពី​ជេរ​ហែក​ហួរអស់​កេ​រ្តិ៍​គ្មាន​សល់​ចន្លោះ​ត្រង់​ណា​នោះ​ទេ ហើយ​ស្ត្រី​ជា​ប្រពន្ធចុង​ក៏​មិន​បាន​ចេញ​មុខ​មក​ដែរ គឺ​សំងំ​នៅ​ក្នុងផ្ទះ ។

ក្រោយ​ពេល​កើតហេតុ គឺ​មាន​តែ​ការ​លួងលោម​អោយ​ស្ត្រី​ជា​ប្រពន្ធដើម​ដែល​​មាន​អាកា​រៈ​ស្រវឹង​អោយ សម្របសម្រួល​ចូលក្នុង​ផ្ទះ​ដេក​ដើម្បី​បញ្ចប់រឿង ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]