(បន្ទាយមានជ័យ)៖ ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមាជ័យ បានបញ្ជាក់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះថា ករណីអគ្គិភ័យឆេះអាគារកាស៊ីណូ កម្ពស់១៨ជាន់របស់ឧកញ៉ា កុក អាន ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត​​ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យមានមនុស្ស៦នាក់រងរបួស ក្នុងនោះមានជនជាតិខ្មែរ៥នាក់ និងជនជាតិចិនម្នាក់ និងខូចខាតសម្ភារមួយចំនួន។

លោកស្នងការបានបញ្ជាក់ទៀតថា អគ្គិភ័យនេះបានចាប់ផ្តើមឆាបឆេះនៅម៉ោង៩៖៣៥នាទីយប់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីជណ្តើរយន្ត នៅជាន់ទី៤នៃអាគារ។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកដីថ្មី តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែថប់ដង្ហើមដោយសារត្រូវផ្សែងភ្លើងនិង ខូចខាតសម្ភារៈមួយចំនួន។

អគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោងនៅម៉ោង​២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង ក្នុងនោះមានរថយន្តរបស់ស្នងការដ្ឋាននគរបាល៧គ្រឿង និងរថយន្តរបស់កាស៊ីណូ៣គ្រឿង។

យ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិត ពីទំហំនៃការខូចខាត ដែលបង្កឡើងដោយគ្រោះអគ្គិភ័យនេះឡើយ៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]