រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​លក់​មាស​ម្នាក់ ខណៈ​ឡើង​បើករថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​១​គ្រឿង​បាន​បើក​ថយក្រោយ ប៉ុន្តែ​ស្ត្រី​អ្នកបើកបរ​ច្រឡំ​ដាក់​លេខ​ទៅ​មុខ​ហើយ​ជាន់​ហ្គា​រ​ច្រឡំ​ស្មានថា ហ្វ្រាំង​ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​ឡើង​ខឿន​ផ្សារ​រួច​បោល​ស្ទើរ​ហោះ​ជ្រុល​ទៅ​បុក​រះ​ទូ​លក់​ទូរស័ព្ទ​បណ្ដាល​ឲ្យ​បែកបាក់ និង​ខូចខាត​ទូរស័ព្ទ​អស់​ជាង​១០០​គ្រឿង​ជា​សំណាងល្អ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកលក់​ទូរស័ព្ទ​រង​គ្រោះ​ឡើយ ។

ប៉ុន្តែ​បាន​បង្ក​ឲ្យ​បុរស​ម្នាក់​ដែល​ជា​កម្មករ​អនាម័យ​ផ្សារ​រង​របួស​ធ្ងន់ធ្ងរ​ដោយ​បាក់ជើង​សងខាង និង​ត្រូវ​បាន​អ្នក​ជិតខាង​ព្រមទាំង​នគរបាល​ជួយ​ហៅ​រថយន្ត​ពេទ្យ​នាំ​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​ផ្សារ​ពិភព​ថ្មី​កំ​បូល​ជ្រុង​ខាងជើង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​គល់ សង្កត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូ​តា​កាម​រី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AO-4731 បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ប្រាប់​អត្តសញ្ញាណ​ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា ជា​អាជីវករ​លក់​មាស​ប៉ុណ្ណោះ​ហើយ​សូ​ម្បី​អ្នក​នៅ​ជិត​នោះ​ក៏​មិន​បាន​ស្គាល់ឈ្មោះ​ដែរ ក៏​មិន​ហ៊ាន​ប្រាប់​ពី​ឈ្មោះ​របស់​ស្ត្រី​រូប​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​បាន​ចត​នៅ​តាម​ផ្លូវ​ខាង​មុខ​ផ្សារ​ត្រង់​ចំណុច​កើតហេតុ​ក្បែរ​ទូ​លក់​ទូរស័ព្ទ លុះ​ក្រោយមក​ស្រាប់តែ​ស្ត្រី​រូប​នោះ បាន​ឡើង​ទៅ​បើក ក្នុង​បំណង​បើក​ថយក្រោយ ។

ប៉ុន្តែ​ខណៈនោះ​បាន​ជាន់​ហ្គា​រហើយ​ច្រឡំ​ស្មានថា ហ្វ្រាំង និង​ដាក់​លេខ​ទៅ​មុខ​ច្រឡំ​ថា ដាក់​លេខ​ថយក្រោយ ទើប​ធ្វើ​ឲ្យ​រថយន្ត​ស្ទុះ​ហោះ​ឡើង​ខឿន​ផ្សារ​ជ្រុល​ទៅ​បុក​រះ​ទូ​លក់​ទូរស័ព្ទ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ជាង​១០០​គ្រឿង ។

ព្រមទាំង​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម 1H-7416 និង​បុក​កិន​បុរស ជា​អ្នក​អនាម័យ​ផ្សារ​ម្នាក់​កំពុង​បោស​សំរាម​បណ្តាល​ឲ្យ​បាក់ជើង​សងខាង​កម្រោល​តែ​ម្ដង ។

បន្ទាប់​មក​ស្ត្រី​អ្នកបើកបរ​រថយន្ត​បង្ក​នោះ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ពិនិត្យ​រាល់​ការ​ខូចខាត​រួច​នាំ​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​ពេល​ក្រោយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]