អាស៊ាន៖ ចូលដល់ឆ្នាំ ២០១៩ ទៅហើយ ខណៈដែលលីគបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា ASEAN បានស្វែងរកឃើញជើងឯកតាមបណ្ដាប្រទេសទាំង ៩ ផងដែរ ។ ដោយឡែកចំពោះប្រទេស ព្រុយណេមិនមានទិន្នន័យច្បាស់លាស់សម្រាប់ក្រុមការងារឡើយ ។ 

តោះ! កុំឱ្យខាតពេលវេលាយូរ ថ្ងៃនេះ ខ្មែរឡូត សូមនាំប្រិយមិត្តទាំងអស់ មកស្គាល់ពីជើងឯកលីគបាល់ទាត់កំពូលទាំង ៩ ប្រទេសដូចតទៅ ៖

ការអបអរជើងឯកនីមួយៗ

១ . ណាហ្គាវើល (NagaWorld FC) ជើងឯកលីគកំពូលកម្ពុជា

នៅលីគកំពូលកម្ពុជាយើងដែលទើបតែបញ្ចប់ទៅកាលពីខែកញ្ញាកន្លងទៅ បានស្វែងរកឃើញនូវជើងឯកលីគកំពូលកម្ពុជាគឺ ក្លិបបាល់ទាត់ Nagaworld FC បន្ទាប់ពីខកខានលើកពាននេះតាំងពីឆ្នាំ ២០០៨ ។

ក្លិបបាល់ទាត់ NagaWorld

២ . បុរីរាម យូណាយធីត ( Buriram United ) ជើងឯកលីគកំពូលថៃ

Buriram United បានគ្រងតំណែងជើងឯកលីគកំពូលថៃ ៥ដងជាប់គ្នា ក្នុងរយៈពេល ៦រដូវកាលចុងក្រោយនេះ ។ ខណៈដែល Buriram ជាអ្នកលើកពានលីគកំពូលថៃច្រើនដងជាងគេ ពោលគឺលើកពានបានចំនួន ៧រដូវកាល ។

ក្លិបបាល់ទាត់ Buriram United

៣ . ហាណូយ អែហ្វស៊ី (Hanoi FC) ជើងឯកលីគកំពូលវៀតណាម

ក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅទីក្រុង ហាណូយ ទើបតែបានលើកពានលីគកំពូលវៀតណាមជាលើកទី ៤ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ។ ក្លិបបាល់ទាត់ដែលចាប់ផ្តើមនៅឆ្នាំ ២០០៦ មួយនេះបានលើកពានលីគកំពូលវៀតណាមនៅឆ្នាំ ២០១០,២០១៣,២០១៦ និងចុងក្រោយក្នុងឆ្នាំ ២០១៨ ។ 

ក្លិបបាល់ទាត់ Hanoi FC

៤ . ឡាវ តូយ៉ូតា (Lao Toyota FC) ជើងឯកលីគកំពូលឡាវ

ឡាវ តូយ៉ូតា អេហ្វស៊ីទើបលើកពានរង្វាន់ជើងឯកលីគកំពូលឡាវ ដោយមាន ៣៤ពិន្ទុពីការប្រកួត ១៤លើកតាមពីក្រោយដោយ Lao Police Club ។ នេះជាពានរង្វាន់លើកទី ៣ សម្រាប់ Lao Toyota FC បន្ទាប់ពីឈ្នះពាននៅឆ្នាំ ២០១៥,២០១៧ និង២០១៨។ 

ក្លិបបាល់ទាត់ Lao Toyota FC

៥ . យាំងហ្គូន យូណាយធីត (Yangon United) ជើងឯកលីគកំពូលមីយ៉ានម៉ា

ម្ចាស់ជើងឯកលីគកំពូលឆ្នាំ ២០១៨ របស់មីយ៉ាន់ម៉ា បានឈ្នះពានរង្វាន់ឆ្នាំ ២០១៨ នេះយ៉ាងស្វិតស្វាញ ដោយមានគម្លាតតែមួយពិន្ទុប៉ុណ្ណោះពីជើងឯករង Shan United ។ Yangon United លើកពានលីគកំពូលបាន ៥ដងនៅឆ្នាំ ២០១១, ២០១២, ២០១៣, ២០១៥ និង ២០១៨ ។ 

ក្លិបបាល់ទាត់ Yangon United

៦. សេរេស-ណេហ្គ្រូស ( Ceres-Negros FC ) ជើងឯកលីគកំពូលហ្វីលីពីន

Philippines Football League ជាលីគកំពូលនៃប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នគ្រោងនឹងរំសាយចោលដោយសារបញ្ហាហិរញ្ញវត្ថុ ។ ងាកមកកាន់ជើងឯកវិញ Ceres-Negros FC បានគ្រងជើងឯកទាំង ២ឆ្នាំជាប់គ្នាចាប់តាំងពីលីគត្រូវបានបង្កើតនៅឆ្នាំ ២០១៧។ 

ក្លិបបាល់ទាត់​ Ceres-Negros

៧ . អាល់ប៊ីរិច នីហ្គាតា (Albirex Niigata) ជើងឯកលីគកំពូលសិង្ហបុរី

ក្លិបបាល់ទាត់ដែលជាបុត្រសម្ព័ន្ធនៃក្លិបបាល់ទាត់ជប៉ុនមួយនេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយចុងក្រោយនេះទើបតែលើកពានលីគកំពូលសិង្ហបុរី កាលពីពេលថ្មីៗ ។ Albirex Niigata Singapore លើកពាននេះបីឆ្នាំជាប់គ្នា គិតចាប់ពីឆ្នាំ២០១៦ រហូតដល់២០១៨ ។ គួរបញ្ជាក់ថា Albirex Niigata ក៏ធ្លាប់មានក្លិបបាល់ទាត់មួយនៅកម្ពុជាផងដែរ ប៉ុន្តែត្រូវរំសាយទៅវិញដោយបញ្ហាមួយចំនួន ។

ក្លិបបាល់ទាត់​ Albirex Niigata

៨ . ជូហរ ដារុល តាហ្ស៊ីម ( Johor Darul-Tazim ) ជើងឯកលីគកំពូលម៉ាឡេស៊ី

Johor Darul Tazim បានបង្ហាញពីភាពជោគជ័យយ៉ាងត្រចះត្រចង់ នៅលីគកំពូលម៉ាឡេស៊ីដោយក្លាយជាជើងឯកលីគកំពូលម៉ាឡេស៊ី ៥រដូវកាលជាប់គ្នា ចាប់តាំងពីឆ្នាំ ២០១៤ មកដល់ ២០១៨ ។ មិនត្រឹមតែប៉ុណ្ណោះក្លិបមានរហស្សនាមថា ខ្លាកំណាចភាគខាងត្បូងនេះ ក៏បានឈ្នះពានរង្វាន់ AFC Cup កាលពីឆ្នាំ ២០១៦ ផងដែរ ។

ក្លិបបាល់ទាត់ Johor Darul-Tazim

៩ . ភើស៊ីចា (Persija) ជើងឯកលីគកំពូលឥណ្ឌូនេស៊ី

Persija បានក្លាយជាជើងឯកលីគកំពូលជាលើកដំបូងបង្អស់ នៃប្រវត្តិសាស្រ្តរបស់ក្លិបយ៉ាងគួរអោយភ្ញាក់ផ្អើល ខណៈដែលជើងឯកចាស់គឺក្លិប Bhayangkara ធ្លាក់ដល់ចំណាត់ថ្នាក់លេខ ៣ ។ គួរឱ្យកត់សម្គាល់ថា Persija សឹងតែមិនអាចក្លាយជាជើងឯកបានទៅហើយ ព្រោះគម្លាតពិន្ទុខុសគ្នាពីក្រុមលេខ ២ PSM តែមួយពិន្ទុប៉ុណ្ណោះ ៕ 

ក្លិបបាល់ទាត់ Persija

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]