ជប៉ុន៖ ពិតជាភ្ញាក់ផ្អើលដែលត្រីធូណា Bluefin មួយក្បាលទម្ងន់ជិត ៣០០គីឡូក្រាម ត្រូវបានដាក់លក់ដេញថ្លៃ បានតម្លៃកប់ពពកខ្ទង់ ៣លានដុល្លារ បំបែកកំណត់ត្រាពិភពលោក ដែលមិនធ្លាប់មានពីមុនមក។

ត្រីធូណា Bluefin លក់ដេញថ្លៃបាន ៣លានដុល្លារ

អ្នកឈ្នះការដេញថ្លៃត្រីធូណា Bluefin ដែលមានទម្ងន់ ៦១២ផោន នេះ (ឬប្រហែល ២៧៨គីឡូក្រាម) បានទៅលើលោក Kiyoshi Kimura ដែលត្រូវគេស្គាល់លោក និងដាក់រហស្សនាមឲ្យថា “ស្តេចត្រីធូណា” ប្រចាំប្រទេសជប៉ុន ហើយលោកជាម្ចាស់ភោជនីយដ្ឋាន Sushi Zanmai ដ៏ល្បីឈ្មោះមួយផងដែរ។

លោក Kimura ហ៊ានឲ្យថ្លៃត្រីធូណា Bluefin ដ៏ធំនិងសាច់ល្អមួយក្បាលនេះ ដែលត្រូវបានគេនេសាទបាននៅតំបន់ Oma អាណាខេត្ត Aomori ឆ្នេរសមុទ្រភាគជើង នៃប្រទេសប្រទេសជប៉ុន ជាមួយនឹងតម្លៃ ៣៣៣,៦លានយេន ឬស្មើនឹង ៣,១លានដុល្លារអាមេរិក ដែលជាតម្លៃដ៏ខ្ពស់បំផុតប្រចាំឆ្នាំ២០១៩ និងមិនធ្លាប់មានពីមុនមក។

ថ្លែងប្រាប់សារព័ត៌មាន NHK លោក Kimura ជាម្ចាស់ត្រីធូណា Bluefin នេះ បាននិយាយថា រូបលោកពិតជាភ្ញាក់ផ្អើល ហើយក៏មិននឹកស្មានដល់ថា តម្លៃត្រីធូណាក្នុងឆ្នាំនេះ គឺមានការដេញថ្លៃខ្ពស់ ឬកើនឡើងខ្លាំងហួសពីការគិត ជាងឆ្នាំមុនៗទៅទៀត។

តែទោះយ៉ាងណា គុណភាពត្រីធូណា Bluefin ដែលលោក Kimura បានដេញថ្លៃទិញនេះ លោកបានអះអាងថា គឺវាល្អខ្លាំងបំផុត។

ត្រីធូណា Bluefin លក់ដេញថ្លៃបាន ៣លានដុល្លារ

លោកបន្តថា ថ្វីបើតម្លៃវាខ្ពស់ហួសពីការរំពឹងទុកក្តី ប៉ុន្តែលោកក៏សង្ឃឹមនឹងជឿជាក់ថា ភ្ញៀវរបស់លោកនឹងទទួលបានសាច់ត្រីធូណា Bluefin ដែលមានរសជាតិឆ្ងាញ់ សាកសមទៅតាមតម្លៃផងដែរ។

គួរឲ្យដឹងថា ការដេញថ្លៃត្រីធូណា Bluefin ខាងលើនេះដែរ ត្រូវបានធ្វើឡើងកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នៅឯផ្សារត្រីថ្មី Toyosu ក្នុងទីក្រុងតូក្យូ ដែលជាការបើកទំព័រប្រវត្តិសាស្រ្តដំបូងបំផុត ប្រចាំឆ្នាំ២០១៩ ជាមួយនឹងតម្លៃរាប់លានដុល្លារនេះ ក្រោយការបិទផ្សារត្រីចាស់ Tsukiji ដ៏ធ្លាប់មានប្រជាប្រិយភាពរបស់ជប៉ុន កាលពីចុងឆ្នាំមុននេះ។

សូមរម្លឹកផងដែរថា កាលពីឆ្នាំមុនៗកន្លងទៅ លោក Kiyoshi Kimura ក៏ធ្លាប់បានទិញត្រីធូណា Bluefin មួយក្បាលដែលមានទម្ងន់ ២០០គីឡូក្រាមដែរ ក្នុងតម្លៃ ៣៩ម៉ឺនដុល្លារ ពីការដេញថ្លៃបែបនេះដូចគ្នា។ រីឯកាលពីឆ្នាំ២០១៣ វិញ លោកបានចំណាយលុយដល់ទៅ ១,៣លានដុល្លារ ទិញត្រីធូណា Bluefin មួយក្បាល យកមកពីហុងកុង ក្នុងកម្មវិធីដេញថ្លៃនៃបុណ្យចូលឆ្នាំថ្មី និងជាប់កំណត់ត្រាថែមទៀតផង។

ត្រីធូណា Bluefin លក់ដេញថ្លៃបាន ៣លានដុល្លារ

គួរឲ្យដឹងបន្ថែមទៀតថា តាមប្រភពមួយចំនួនបានលើកឡើងថា នេះគឺជាទំនៀមទម្លាប់មួយរបស់ប្រទេសជប៉ុន ដែលគេតែងធ្វើឡើងជារៀងរាល់ឆ្នាំ។ ចំពោះមូលហេតុដែលត្រីធូណា មានតម្លៃថ្លៃកប់ពពកបែបនេះ ក៏ដោយសារតែ វាគឺជាត្រីធំទីមួយបង្អស់របស់ប្រទេសនេះ។

ការចាប់បានត្រីធូណាដែលធំជាងគេ ក្នុងឆ្នាំនីមួយៗ នឹងត្រូវបានគេយកទៅដាក់ដេញថ្លៃ រហូតអាចឈានដល់ខ្ទង់លានដុល្លារក៏មាន ខណៈដែលអ្នកចូលរួមដេញថ្លៃភាគច្រើន ត្រូវបានគេដឹងថា ជាម្ចាស់ភោជនីយដ្ឋាន ឬចុងភៅល្បីៗ ដែលមានលុយវាល់លានតែប៉ុណ្ណោះ ដើម្បីដណ្ដើមគ្នាយកត្រីធូណានោះ ក្នុងហេតុផលជួយលើកគុណតម្លៃនៃត្រីនេះឲ្យមនុស្សបានស្គាល់ និងក៏ដូចជាជួយលើកមុខមាត់ភោជនីយដ្ឋានរបស់ពួកគេ ឲ្យមានអតិថិជន ឬភ្ញៀវចេញចូលបានច្រើន បម្រើ និងបានភ្លក់រសជាតិសាច់ត្រីធូណា ដ៏ឆ្ងាញ់ពិសានេះ ទៅតាមមុខម្ហូបផ្សេងៗ ដូចជា ស៊ូស៊ី (Sushi) ជាដើមផងដែរ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

លោក Kiyoshi Kimura

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]