រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការប្រទះ​ឃើញ​រថយន្តរួមទាំងសាកសព​មនុស្ស​មាន​រុំ​ថង់ប្លាស្ទិកក្នុងរថយន្តចតចោលនៅក្បែរ​ចេតិយ៍​​ បង្ក​ការភ្ញាក់​ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី​០៧ មករា នេះ ស្ថិត​ក្នុងវត្ត​«​តាំង​កសាង​ខាងត្បូង»ក្នុងភូមិចំការឪឡឹក សង្កាត់​កាកាប២ ខណ្ឌពោធិ៍សែន​ជ័យ ដោយ​​ម្នាក់​ៗ​​សង្ស័យ​ថា អាច​ជា​​ករណីសម្លាប់រួចយក​ឡាននិងសព​ប្លុងចោលនៅទីនេះ ។

សេចក្តីរាយការណ៍បន្តថា អ្វី​នឹកស្មានមិន​ដល់ នៅពេល​​ពេលដែលកំពុងភ្ញាក់​ផ្អើលខ្លាំង​​ ក៏​បាន​លេច​មុខ​បុរស​ម្នាក់មក​​អះអាង​ថា ជា​ម្ចាស់ឡាននិងជាអ្នក​ដឹកសាកសព​​មក​កាន់​វត្តនេះ តាំងពីម៉ោង​០២អធ្រាត្រ​ម្ល៉េះ​ដើម្បី​បូជា ។ ប្រភពបន្តថា ប៉ុន្តែ​ពេលបើក​រថយន្តមកដល់​វត្ត ​មិនបានជួបលោកតាអាចារ្យ ហើយ​​ក៏ងងុយ​ផង​បាន​​ទុក​រថយន្ត​ និងសាកសពសិនហើយបានទៅ​ដេក​រហូតដល់ម៉ោងដែលភ្ញាក់​ផ្អើលនេះ ។

ទោះបីជាយ៉ាងណា នៅមិនស្គាល់ឈ្មោះ​អ្នកបើកបររូបនេះទេ ដោយភ្លាមៗត្រូវ ​សមត្ថ​កិច្ចឃាត់ខ្លួន​យក​ទៅ​សាកសួរបន្ថែម​នៅប៉ុស្តិ៍​ ទើបបានដឹងរឿងរ៉ាវ​ច្បាស់ ។

បុរសខាងលើបាននិយាយថា សាកសព​​គឺបានស្លាប់​នៅ​ក្នុងហេតុការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍​​មួយ​កាល​ពី​យប់​ស្ថិតនៅ​ចំណុច​មុខវត្ត​ជ្រោយអំពិល ។ ហើយរូបគេជាអ្នក​ដឹកសាកសព​បានទៅយក ដោយ​មាន​លិខិត​ស្នាមត្រឹមត្រូវផងដែរ (លិខិតមកបង្ហាញសមត្ថកិច្ចដែរ) ។​

សាកសព​គឺមាន​​​ឈ្មោះ រស់​ ចាន់​វាសនា អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧកញ៉ា​ប៉ា​ង ឃុំ​កំពង់ត្រឡាច ស្រុក​លំពង់​ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG-4433 ហើយក៏ជួបគ្រោះថ្នាក់​រហូតដល់ស្លាប់តែម្តង ។

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនបន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]