រាជធានីភ្នំពេញ ៖ យុវជនប្រុសស្រី២នាក់ជិតដល់ថ្ងៃភ្ជាប់ពាក្យទៅហើយបានរងរបួស ព្រមទាំងនារីម្នាក់ទៀតរងរបួស ខណៈអ្នកទាំង៣នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូនិងរថយន្តដែលបើកដោយនារីវ័យក្មេងម្នាក់បុកគ្នានៅផ្លូវបំបែកជាបួន កាលពីម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ចំណុចផ្លូវ១៩៣ កែងនិងផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះដែលរួមដំណើរជាមួយគ្នាបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៣នាក់ប្រុសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1W9526 ធ្វើដំណើរចេញពីធ្វើការនៅម្តុំផ្លូវកម្ពុជាក្រោម គោលបំណងទៅអ្នកលឿង ដើម្បីធ្វើពិធីភ្ជាប់ពាក្យនៅព្រឹកស្អែក ដោយបានធ្វើដំណើរតាមផ្លូវម៉ៅសេងទុងពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម។
ប្រភពដដែលបន្តថា ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុបផងនោះ ស្រាប់តែមាននារីវ័យម្នាក់បើករថយន្តម៉ាកតូយូតាព្រុស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX 0719 ធ្វើដំណើរតាមផ្លូវ១៩៣ ពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពួកគេយ៉ាងពេញទំហឹង បណ្តាលឱ្យខ្ទាតទាំងម៉ូតូ និងមនុស្សទៅលើផ្លូវមួយចំហៀងទៀត ព្រមទាំងធ្វើឱ្យបុរសម្នាក់និងនារីម្នាក់ដែលមានគំរោងភ្ជាប់ពាក្យនៅព្រឹកស្អែករងរបួសបាក់ជើងខាងឆ្វេងសន្លប់ស្តូកទាំង២នាក់ និងត្រូវរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅគ្លិនិកឯកជនភ្លាម ។ ចំណែករូបគេនាងដែលអង្គុយខាងក្រោយរងរបួសតិចតួច មិនបានទៅមន្ទីពេទ្យនោះទេ គឺគ្រាន់តែបាត់ទូរស័ព្ទម៉ាក់ OPPO ដែលទើបនឹងទិញព្រឹកមិញបានបាត់ហើយ ។
ដោយឡែកខាងរថយន្តវិញរងការខូចខាតក្រពិតផ្នែកខាងមុខចំហៀងខាងស្តាំ និងបែកកញ្ចក់ខាងមុខ ដែលបើកដោយនារីវ័យក្មេងបាននិយាយថា ខាងម៉ូតូជិះអត់គោរពភ្លើងស្តុប ទើបបណ្ដាលឱ្យបុករថយន្តរបស់នាង ។
ក្រោយពេលកើតហេតុ ដោយសារតែអត់មានដំណោះស្រាយ ព្រោះតែភាគីទាំងសង្ខាងប្រកែករកត្រូវរៀងៗខ្លួនដូច្នេះ ទើបរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]