ទឹកជាសារធាតុរាវដែលមានច្រើនបំផុតក្នុងខ្លួនយើង។  ប្រហែល ៦០%នៃខ្លួនប្រាណមនុស្សបង្កឡើងដោយជាតិទឹក។ ទឹកជាសារធាតុមូលដ្ឋាននៃជីវិត   បើគ្មានជាតិទឹកគ្រប់គ្រាន់ មុខងារផ្សេងៗនៃកោសិកាក៏មិនអាចប្រព្រឹត្តទៅបានដែរ។ ជាក់ស្តែងយើងអាចបង្អត់អាហារបានដល់១សប្តាហ៍ តែមិនអាចបង្អត់ជាតិទឹកស្ទើរតែត្រឹម ១ថ្ងៃបានផង។  នេះសបញ្ជាក់ឲ្យឃើញនូវតម្រូវការជាតិទឹកជាចាំបាច់ នៃរាងកាយរបស់យើង។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទទួលបានពីការពិសាទឹកឲ្យបាន ២លីត្រក្នុងមួយថ្ងៃ៖

១. ប្រឆាំងជំងឺរលាកផ្លូវបង្ហូរនោម

ការសិក្សាស្រាវជ្រាវបានសន្និដ្ឋានថា ទឹកបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃការបង្កជំងឺរលាកផ្លូវបង្ហូរនោម។

គេបានសិក្សាទៅលើសំណាកចំនួន ២ក្រុម ដែលជាអ្នកធ្លាប់មានបញ្ហាជំងឺនេះ ប៉ុន្តែបច្ចុប្បន្នជាសះស្បើយហើយ។  សំណាកទាំងពីរក្រុមសុទ្ធសឹងផឹកទឹកមួយថ្ងៃមិនលើសពី ១លីត្រកន្លះឡើយ។ ដូច្នេះគេបានតម្រូវឲ្យមួយក្រុម (ក្រុមទី១) ពិសាទឹកបន្ថែម ១.៥ទៀតពីលើ  រីឯមួយក្រុមទៀត (ក្រុមទី២)  ពិសាតាមទម្លាប់នៃបរិមាណរបស់ខ្លួនទៅ។

ជាលទ្ធផល គេឃើញថា ក្រុមទី១ មានហានិភ័យបង្កជំងឺរលាកផ្លូវបង្ហូរនោមតិចខ្លាំងជាងក្រុមទី២ ដែលពិសាទឹកតិចជាង១.៥លីត្រ។

ដូច្នេះអ្វីដែលយើងទទួលបានពីការស្រាវជ្រាវមួយនេះគឺថា ការពិសាទឹកឲ្យបានច្រើន (យ៉ាងតិច២ ទៅ៣លីត្រក្នុងមួយថ្ងៃ) អាចជួយបង្ការ និងព្យាបាលបញ្ហាជំងឺរលាកផ្លូវបង្ហូរនោមរ៉ាំរ៉ៃបាន។ នេះក៏ដោយសារពេលយើងផឹកទឹកច្រើន វាធ្វើឲ្យតម្រងនោមផលិតទឹកនោមកាន់តែច្រើន  ហើយលំហូរនៃទឹកនោមពីតម្រងនោម ទៅកាន់ប្លោកនោមអាចជួយលាងសម្អាត និងដឹកនាំបាក់តេរីនៅតាមប្រព័ន្ធបង្ហូរនោមចេញ នៅពេលយើងនោម។

២. លាងសម្អាតជាតិពុល

គ្រាន់តែពិសាទឹកមួយថ្ងៃ ២ទៅ៣លីត្រ វាបានជួយលាងសម្អាតនិងច្រាលចោល បាក់តេរី និងសារធាតុពុលទាំងឡាយ ដែលមាននៅតាមប្រព័ន្ធនៃសរីរាង្គរបស់យើង តាមរយៈតម្រងនោម និងថ្លើម។

រូបតំណាង

៣. ធ្វើឲ្យស្បែកភ្លឺ និងស្រស់ស្រាយ

ដូចបានរៀបរាប់ខាងលើ កោសិកាយើងត្រូវការទឹកជាចាំបាច់ មិនត្រឹមដើម្បីមុខងាររបស់វាទេ ថែមទាំងទ្រង់ទ្រាយនៃកោសិកាទៀតផង។ ដូចគ្នាផងដែរ កោសិកាស្បែកត្រូវការជាតិទឹកជាប្រចាំ ដើម្បីបង្កើនភាពសំណើមនៃស្បែក បំបាត់ភាពជ្រីវជ្រួញ និង ច្រាលចោលជាតិពុល និងមេរោគដែលជាប់នៅតាមចន្លោះកោសិកានៃស្បែក។

៤. ប្រឆាំងនឹងបញ្ហាក្រួសក្នុងតម្រងនោម

ការពិសាទឹកឲ្យបានច្រើនជាដំណោះស្រាយដ៏ងាយស្រួល និងមានប្រសិទ្ធភាពបង្ការបញ្ហាក្រួសក្នុងតម្រងនោម។

ក្រួសក្នុងតម្រងនោមច្រើនបង្កឡើងដោយសារការប្រមូលផ្តុំនៃសារធាតុរ៉ែច្រើននៅតម្រងនោម ហើយពុំមានជាតិទឹកលាងសម្អាតសារធាតុទាំងនេះចោល ទើបធ្វើឱ្យវាតោងតាមជញ្ជាំងនៃកោសិកាតម្រងនោម។  យូរៗទៅវានឹងបង្កជាដុំក្រួសតូចៗល្អិតជាច្រើន ហើយខ្លះក៏ជាដុំក្រួសធំៗដែលទាមទារឲ្យមានការវះកាត់យកចេញដើម្បីព្យាបាល។

ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកអាចបំបាត់ហានិភ័យនៃបញ្ហាក្រួសក្នុងតម្រងនោមដោយគ្រាន់តែពិសាទឹកយ៉ាងតិចឲ្យបាន ២លីត្រក្នុងមួយថ្ងៃប៉ុណ្ណោះ។

៥. បង្ការបញ្ហាឈឺក្បាល

លោកអ្នកដឹងទេថា ខួរក្បាលយើងត្រូវការទឹកយ៉ាងខ្លាំងបំផុត។ កង្វះនៃជាតិទឹក ងាយនឹងឲ្យលោកអ្នកឈឺក្បាលជាប្រចាំ។ ដូច្នេះបំពេញជាតិទឹករបស់លោកអ្នកឲ្យបានគ្រប់គ្រាន់ បញ្ហាឈឺក្បាលក៏ពុំងាយកើតទៀតដែរ។ ឧទាហរណ៍៖ មនុស្សត្រូវការចំណីអាហារដើម្បីរស់ ឯខួរក្បាលត្រូវការទឹកដើម្បីដំណើរការ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]