ថៃ៖​ សហព័ន្ធបាល់ទាត់ថៃ បានសម្រេចបញ្ឈប់តំណែងរបស់លោក Milovan Rajevac ក្រោយពីលោកដឹកនាំក្រុមមិនបានល្អ នៅការប្រកួតដំបូងរបស់ថៃ ចាញ់ឥណ្ឌា ៤ ទល់ ១ ក្នុងព្រឹត្តិការណ៍ AFC Asian Cup ២០១៩ ។ 

តាមពិតទៅតំណែងរបស់លោកមានការរង្គោះរង្គើតាំងពីការធ្លាក់ចេញនៅវគ្គ ៤ ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ម៉ាឡេស៊ីមកម្ល៉េះ ហើយគេក៏ជឿថាកៅអីរបស់គ្រូបង្វឹករូបនេះ ក៏នឹងត្រូវសម្រេចនៅក្នុងពានរង្វាន់ថ្នាក់ទ្វីបមួយនេះផងដែរ ។

លោក Milovan Rajevac

ដោយសារបែបនេះ ទើបក្រោយពីចាញ់ឥណ្ឌានៅក្នុងការប្រកួតបើកឆាកដោយលទ្ធផល ៤-១ លោក Rajevac ត្រូវបានសហព័ន្ធបាល់ទាត់ថៃបញ្ឈប់ពីការដឹកនាំក្រុមជម្រើសជាតិភ្លាមៗ និងបានសម្រេចតែងតាំងលោក ស៊ីរីសាក់ យ៉តយ៉ាតថៃ ជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់ចប់ព្រឹត្តិការណ៍នេះតែម្តង ។

ដោយឡែកលោក សមយុទ្ធ ពុំប៉ាន់មួង ជាប្រធានសហព័ន្ធបាល់ទាត់ថៃបានចេញសេចក្តីប្រកាសមួយផងដែរ ដែលក្នុងសេចក្ដីប្រកាសនោះលោក សមយុទ្ធ បានបញ្ជាក់ថា “ថៃមានការខកចិត្តចំពោះការប្រកួតចាញ់ឥណ្ឌា ហើយនេះក៏ជាហេតុផលដែលសហព័ន្ធសម្រេចបញ្ឈប់តំណែងរបស់លោក Rajevac រួមទាំងបានបន្ថែមទៀតថា ថៃកំពុងមានទម្រង់លេងមិនល្អ ហើយគួរតែមានទម្រង់លេងមួយសាកសមសម្រាប់ក្រុម”។ 

លោក ស៊ីរីសាក់ យ៉តយ៉ាតថៃ
លោក សមយុទ្ធ ពុំប៉ាន់មួង

គួរឱ្យដឹងផងដែរថា ថៃកំពុងចូលរួមក្នុងព្រឹត្តិការណ៍ AFC Asian Cup ២០១៩ ដោយស្ថិតក្នុងពូល A ជាមួយ ឥណ្ឌា បារ៉ែន និង អារ៉ាប់រួមជាម្ចាស់ផ្ទះ ។ សម្រាប់ការប្រកួតបន្ទាប់ ថៃ ត្រូវប៉ះ បារ៉ែន នៅថ្ងៃទី ១០ មុននឹងបន្តជួបម្ចាស់ផ្ទះ អារ៉ាប់ នៅថ្ងៃទី ១៤ ៕

ក្រុមបាល់ទាត់ជម្រើសជាតិថៃ
ការប្រកួតរវាងថៃ ​និងឥណ្ឌា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]