រាជធានី​ភ្នំពេញ​៖​ ទៅ​សម្តែង​នៅ​បរទេស​កាលពី​ប៉ុន្មាន​ខែ​មុន លោក​នៅ ស៊ី​នឿ​ន​បាន​ជួប​ស្នេហ៍​នៅ​ទីនោះ ។ វា​ជា​ស្នេហ៍​ប្រាកដប្រជា​ដោយ​បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​នា​ពេល ថ្មី​ៗ​កន្លង​មក ។ តើ​ស្នេហា​មួយ​នេះ​មាន​ប្រវត្តិ​ចាប់ផ្តើម​ឡើង​បែប​ណា ?

តារាចម្រៀង​នៅ​ផលិតកម្ម​ហង្ស​មាស លោក នៅ ស៊ី​នឿ​ន បាន​រៀបរាប់​ឱ្យ​ដឹង​ពី​ប្រវត្តិ​ដែល​នាំ​ឱ្យ​លោក និង​គូ​ដណ្ដឹង​បាន​ទាក់ទង​សាង​ស្នេហា​នឹង​គ្នា ។ អ្នក​ទាំង​ពីរ​គ្រោង​នឹង​រៀប​ការ​នៅ​ចុងឆ្នាំ​២០១៩​នេះ ។ លោក​ស៊ី​នឿ​ន​បាន​រៀបរាប់​ក្នុង​ថ្ងៃ​ភ្ជាប់ពាក្យ​យ៉ាង​អធិកអធម​កាលពី​ចុងខែ​ធ្នូ​កន្លង​ទៅ​ថា​ហេតុផល​ដែល​នាំ​ឱ្យ​លោក និង​កញ្ញា ដូ​មី​និក ស្រឡាញ់​គ្នា គឺ​ដោយសារ​តែ​កាលពីដើម​ឆ្នាំ​២០១៨​ក្នុង​ពេល​ទៅ​ច្រៀង​លើក​ដំបូង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក លោក​បាន​ជួប​នាង ។

ដោយសារ​តែ​សម្រស់ និង​ភាពរួស​រាយ​រាក់ទាក់​របស់​នាង ធ្វើ​ឱ្យ​លោក​កត់សម្គាល់ ហើយ​តាម​សុំ​ស្គាល់ ។ «​ខ្ញុំ​រមែង​ឆាត​សួរសុខទុក្ខ និង​បង្ក​បរិយាកាស​រីករាយ​ឱ្យ​នាង​ជា​ប្រចាំ ។ រហូត​ដល់​អំឡុង​ខែមេសា​ក្នុង​ឆ្នាំ​២០១៨​ដដែល ខ្ញុំ​ក៏​មានឱកាស​ទៅ​ច្រៀង​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ម្ដងទៀត ហើយ​ក៏​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​នាង និង​ឈាន​ដល់​ការ​ចែចូវ​ដល់​ចាស់ទុំ​តែ​ម្ដង ។ ខ្ញុំ​ស្គាល់​នាង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ក៏​ហ៊ាន​សារភាព​ថា​ស្រឡាញ់ និង​ចង់បាន​នាង​ជា​ភរិយា ហើយ​ក្នុង​ពេល​ជួប​នាង​ម្ដងទៀត​នៅ​អា​មេ​រិ​ក ក៏​សុំ​ស្ដីដណ្ដឹង​នាង​តែ​ម្ដង ដោយសារ​តែ​មាន​និស្ស័យ និង​ការ​ដក់អារម្មណ៍​ខ្លាំង​ឡើង ។

យ៉ាងណាមិញ បើ​ទោះជា​បាន​ស្រឡាញ់ និង​យល់ចិត្ត​គ្នា​មិន​ចាញ់​ពី​អ្នក​ស្រឡាញ់​គ្នា​ច្រើន​ឆ្នាំ​យ៉ាងនេះ​ក្ដី តែ​រហូត​គម្រប់​មួយ​ឆ្នាំ​នៃ​ការ​ភ្ជាប់ពាក្យ​ទើប​សម្រេចចិត្ត​រៀប​ការ »​។ ហេតុ​ដែល​មិន​ទាន់​ចង់​រៀប​ការ​ឆាប់​ពេល​នោះ លោក​នៅ ស៊ី​នឿ​ន ថា​ដោយសារ​តែ​នាង​ចង់​ទុក​ពេល​បង្កើន​ជំនាញ​សាឡ​ន​របស់​នាង​ឱ្យ​កាន់តែ​ស្ទាត់​សិន ស្របគ្នា​ដែល​នាង​ទើបតែ​មាន​វ័យ​២១​ឆ្នាំ ដោយ​ចង់​រៀប​ការ​ក្នុង​វ័យ​២២​ឆ្នាំ ។

ក្រោយ​ពេល​រៀប​ការ​រួច​លោក​នៅ ស៊ី​នឿ​ន ចង់​រស់នៅ​ស្រុក​ខ្មែរ​ដោយសារ​មានកេរ្តិ៍ឈ្មោះ​និង​មុខរបរ​សិល្បៈ ។ ដូចនេះ​ហើយ​ទើប​លោក​ស្ទាក់​ស្ទើរចិត្ត គួរតែ​ទៅ​នៅ ឬ​មិន​ទៅ ។ «​ប៉ុន្តែ​បើ​យោង​លើ​យើង​ដាក់ចិត្ត​ស្រឡាញ់​នារី​ម្នាក់​ចេញពី​បេះដូង ខ្ញុំ​តាម​ចិត្ត​គាត់ ហើយ​សុខចិត្ត​ធ្វើ​តាម​អ្វី​ដែល​នាង​សំណូម ពរ »​។

កញ្ញា​ដូ​មី​និក​វិញ និយាយ​ថា​«​នាង​ខ្ញុំ​មិន​ប្រចណ្ឌ​គូ​ដណ្តឹង​ក្នុង​អាជីព​សិល្បៈ​ទេ ព្រោះ​យល់​ពី​រឿង​បែប​នេះ ។ លើស​ពី​នេះ​ក៏​មិន​ហាម​ឲ្យ​គាត់​បោះបង់​សិល្បៈ​ចោល​ដែរ​ព្រោះ​តស៊ូ​យូរ​មក​ហើយ មាន​តែ​សម្រេច​ឲ្យ​គាត់​ពេញចិត្ត​ធ្វើ​នូវ​អ្វី​ដែល​ជា​មុខរបរ​សម្រាប់​ជីវិត​»៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ ស៊ីនឿន