រាជធានី​ភ្នំពេញ ៖ យុវតី​រូប​ស្រស់​សោភា​ម្នាក់​មាន​ជំងឺ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ ហើយ​ធ្លាប់​ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​ព្យាបាល​២​ដង​រួច​ហើយ ប៉ុន្តែ​មិនជា​សោះ រហូត​ធ្វើ​ឲ្យ​នាង​គិត​ខ្លី​លែង​ចង់​រស់​ព្យាយាម​ធ្វើ​អត្តឃាត​៣​លើក​រួច​មក​ហើយ​ដែរ ប៉ុន្តែ​មិន​សម្រេច លុះ​លើក​ទី​៤ ស្រាប់តែ​នាង​សម្ងំ ក្នុង​បន្ទប់​ចង​.​ក​ស្លាប់​តាម​បំណង​តែ​ម្ដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៦​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងផ្ទះ​លេខ​25E បុរី​ប៊ុ​ន ហួរ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវតី​រូប​ស្រស់​ខាងលើ​នោះ​ឈ្មោះ ដេ​ត ពេជ្រ​ចន្ទ​លី​ហ្សា អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ សាលា​សុវណ្ណ​ភូមិ និង​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​។

បើ​តាម​លោកយាយ​ត្រូវ​ជា​ជីដូន​យុវតី​រង​គ្រោះ​ឈ្មោះ ប៊ុ​ន សូ​រិ​យា អាយុ​៦០​ឆ្នាំ រស់នៅ​ផ្ទះ​កើតហេតុ បាន​បំភ្លឺ​ប្រាប់​ថា ចៅស្រី​របស់​គាត់​មាន​ជំងឺ​បាក់ទឹកចិត្ត​ធ្ងន់ធ្ងរ (​ជំងឺស្ត្រេស​) ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ចេះ​តែ​រវើ រវាយ ពិបាកចិត្ត​មិនសូវ​រីករាយ​នោះ​ទេ​។ មិនតែប៉ុណ្ណោះ​ក្រុម​គ្រួ​សារបាន​នាំ​ព្យាបាល​នៅ​សិង្ហ​បូ​រី​២​ដង​រួច​មក​ហើយ តែ​មិនជា​សះស្បើយ​ឡើយ ផ្ទុយ​ទៅ​វិញ​ជំងឺ​រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។ ជាង​នេះ​ទៀត​រឿង​ដែល​គួរ​ឲ្យ​ខ្លាច​នោះ គឺ​មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ព្យាយាម​សម្លាប់​ខ្លួន ៣​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​សម្រេច​ដោយ​គ្រួសារ​ជួយ​ទាន់​ពេល​។

ប្រភព​ដដែល​បន្ត​ថា ឪពុក​ម្ដាយ​នាង​មិនសូវ​នៅ​ក្បែរ​នាង​ទេ គាត់​តែង​ចេញ​ទៅ​ក្រៅប្រទេស​រហូត ហើយ​មុន​កើតហេតុ​នាង​នៅផ្ទះ​តែ​២​នាក់​យាយ​ប៉ុណ្ណោះ ចំណែក​ឪពុក​ម្ដាយ​ទៅ​កាន់​ប្រទេស​អា​រ៉ាប់​បាត់​ជិត​១​អាទិត្យ​មក​ហើយ ។ ខណៈនោះ​នាង​សម្ងំ​ក្នុង​បន្ទប់​អត់​ចេញ​ក្រៅ​សោះ លុះ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល លោកយាយ​ឡើង​ទៅ​មើល​លើ​ជាន់​ទី​១​ឃើញ​ចៅស្រី​កំពុង​ដេក​ជា​ធម្មតា​ក៏​ចុះ​ក្រោម​វិញ​។ រហូត​ពេល​កើតហេតុ​មិនឃើញ​ចៅស្រី​ចុះ​ហូប​បាយ​ទឹក ទើប​ទៅ​មើល​ម្ដងទៀត និង​ស្រែកហៅ ប៉ុន្តែ​មិន​ឮ​នាង​ឆ្លើយ​តប​សោះ គាត់​ក៏​រុញ​ទ្វារ​បន្ទប់​ចូល ស្រាប់តែ​ធ្វើ​ឲ្យ​គាត់​ស្ទើរ​គាំងបេះដូង​ស្លាប់ ព្រោះ​ឃើញ​ចៅស្រី​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ និង​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ភ្លាម​ៗ​ដែរ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ពេល​នោះ​មិត្តភក្ដិ​ទាំងប្រុស​ទាំងស្រី​រួម​ថ្នាក់​ជាមួយ​នាង​នាំ​គ្នា​ទៅ​ចូលរួម​មរណទុក្ខ​ទាំង​ការ​សោកស្តាយ​បំផុត និង​មិន​នឹក​ស្មានថា នាង​លាក់​ទុក​វិបត្តិ​ក្នុង​ចិត្ត ហើយ​គិត​ខ្លី​បែប​នេះ​សោះ​។ មិនតែប៉ុណ្ណោះ​ដោយ​ការ​តក់ស្លុត​ក៏​មាន​យុវជន​ម្នាក់ ជា​មិត្តភក្តិ​ស្រែក​ទ្រ​ហ៊ោ​យំ​បោក​ខ្លួន​បោក​ប្រាណ រហូត​សន្លប់​បាត់ស្មារតី​ថែម​ទៀត បន្ទាប់​មក​យុវជន​នោះ​ត្រូវ​ពលរដ្ឋ​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ភ្នំពេញ​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​កោសល្យវិច័យ​សព ហើយ​លទ្ធផល​បញ្ជាក់​ថា នាង​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតមែន មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ បន្ទាប់​មក​ប្រគល់​ សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]