សារធាតុរ៉ែជាប្រភេទសារធាតុចិញ្ចឹមមិនត្រូវមើលរំលង ព្រោះជាតម្រូវការប្រចាំថ្ងៃនៃរាងកាយដើម្បីតុល្យភាពនៃសុខភាព។ ម៉ាញេស្យូមក៏ជាប្រភេទសារធាតុរ៉ែដ៏សំខាន់សម្រាប់សុខភាពដែលរាងកាយយើងត្រូវការជារៀងរាល់ថ្ងៃ។ ខាងក្រោមជាអត្ថប្រយោជន៍សុខភាពធំៗមួយចំនួនទទួលបានពីសារធាតុរ៉ែម៉ាញេស្យូម៖

១. សកម្មភាពមេតាបូលីសនៃរាងកាយ

សារធាតុម៉ាញេស្យូមប្រហែល៦០ភាគរយ មាននៅសរីរាង្គឆ្អឹង ហើយសល់ប្រហែល៤០ភាគរយមាននៅតាមសាច់ដុំ ជាលិកាទន់-រាវ និងឈាមជាដើម។

វាជាតម្រូវការនៃកោសិកា ដើម្បីបំពេញតួនាទីជារៀងរាល់វិនាទីនៃប្រតិកម្មគីមីក្នុងរាងកាយ។ វាចូលរួមចំណែកប្រតិកម្មនៃរាងកាយយើងរហូតដល់៦០០ប្រភេទឯណោះ ដូចជា៖

ក. ការផលិតថាមពលសម្រាប់ទ្រទ្រង់កោសិកា

ខ. ការផលិតប្រូតេអ៊ីនសម្រាប់សាងសង់

គ. ជួយបង្កើតនិងជួសជុល ឃ្លាំងផ្ទុកព័ត៌មាននៃកោសិកាDNA

ឃ. ជំរុញដល់ចលនានៃសាច់ដុំ

ង. ត្រួតពិនិត្យដំណើរការនៃប្រព័ន្ធប្រសាទ

២. ប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត

ម៉ាញេស្យូម ក៏បានដើរតួនាទីយ៉ាងសំខាន់ដល់ដំណើរការមួយចំនួន នៃខួរក្បាលផងដែរ។ ការសិក្សាបានបង្ហាញនូវទំនាក់ទំនងរវាងហានិភ័យនៃជំងឺបាក់ទឹកចិត្ត ជាមួយនឹងការធ្លាក់ចុះនៃសារធាតុរ៉ែម៉ាញេស្យូមនេះដែរ។

ការសិក្សានៃសំណាកចំនួន ៨,៨០០នាក់ បានរកឃើញថា បុគ្គលក្រោមអាយុ ៦៥ឆ្នាំ ដែលខ្វះសារធាតុម៉ាញេស្យូម មានហានិភ័យនៃជំងឺបាក់ទឹកចិត្ត រហូតដល់២២ភាគរយឯណោះ។

ចំណែកការសិក្សាផ្សេងៗទៀតទៅលើសំណាកមនុស្សចាស់បានឲ្យដឹងថា ការបំប៉នសារធាតុម៉ាញេស្យូម៤៥០មីលីក្រាមក្នុងមួយថ្ងៃ អាចមានឥទ្ធិពលកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត និងមានប្រសិទ្ធភាពដូចនឹងថ្នាំ Antidepressant អីចឹង។

អាហារសំបូរ ជាតិម៉ាញេស្យូម

៣. កាត់បន្ថយសម្ពាធឈាម

ការសិក្សាជាច្រើនបានបង្ហាញឲ្យឃើញថា សារធាតុម៉ាញេស្យូមបានជួយកាត់បន្ថយសម្ពាធឈាមគួរឲ្យកត់សម្គាល់។

នៅក្នុងការសិក្សាមួយ សំណាកដែលជួបបញ្ហាលើសឈាមបានទទួលទានអាហារបំប៉ននៃម៉ាញេស្យូម ៤៥០មីលីក្រាមជារៀងរាល់ថ្ងៃ។ ជាលទ្ធផលសម្ពាធឈាមរបស់ពួកគេមានភាពប្រសើរជាងមុន ដោយធ្លាក់ចុះមកនៅត្រឹមកម្រិតធម្មតា។

ទោះបីជាយ៉ាងណាក៏ដោយ អត្ថប្រយោជន៍នេះឃើញមានតែចំពោះបុគ្គល ដែលមានបញ្ហាលើសឈាម ប៉ុន្តែពុំមានឥទ្ធិពលឡើយចំពោះអ្នកដែលមានសម្ពាធឈាមធម្មតា។

៤. ប្រឆាំងនឹងបញ្ហាឈឺក្បាលប្រកាំង

ជាការពិត អាការឈឺក្បាលប្រកាំង ពុំមែនជារឿងងាយស្រួលឡើយ ព្រោះមិនត្រឹមឈឺឡើយ  ថែមទាំងធ្វើឲ្យយើងមានអារម្មណ៍សឺៗ វិលមុខ ចង់ក្អួត ដែលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពរស់នៅប្រចាំថ្ងៃ។

ការស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា បុគ្គលដែលជួបបញ្ហានេះច្រើនខ្វះសារធាតុម៉ាញេស្យូម។  ការបំពេញបន្ថែមនៃសារធាតុរ៉ែនេះបានកាត់បន្ថយអាការឈឺក្បាលប្រកាំងគួរឲ្យកត់សម្គាល់។

ការសិក្សាមួយទៀតបានបង្ហាញឲ្យឃើញថា  គ្រាន់តែបំប៉នបន្ថែមនៃសារធាតុម៉ាញេស្យូមមួយក្រាម  អាចមានឥទ្ធិពលកាត់បន្ថយអាការឈឺក្បាលប្រកាំងលឿនជាងថ្នាំផ្សេងៗទៅទៀត។

ដូច្នេះបរិភោគរបបអាហារសំបូរសារធាតុម៉ាញេស្យូមដើម្បីសុខភាពរបស់លោកអ្នក។ អាហារសំបូរម៉ាញេស្យូមមានដូចជា៖ បន្លែស្លឹកបៃតង(ស្ពៃរួញ និងស្ពៃខ្មៅ ស្ពៃខាត់ណា ស្ពៃក្តោប) ផ្លែបឺរ ចេក គ្រាប់ធញ្ញជាតិ សណ្តែកសៀង ត្រីធូណា និងត្រីសាម៉ុងជាដើម៕

អាហារសំបូរ ជាតិម៉ាញេស្យូម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]